ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​វិសាខា ចែកផ្លូវ​ជាមួយ​អ្នកចាំទី​ដៃ​ទី​៣ ទាំង​ពាក់កណ្ដាល​រដូវ​កាល

នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ ក្លិប​បាល់ទាត់​វិសាខា បានធ្វើ​ការប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ គង់ ពី​លត់ ដែល​ជា​អ្នកចាំទី​៣ ហើយ បន្ទាប់ពី​បាន​ចូលរួម​ជាមួយ​ក្លិប​ជាង​ពាក់កណ្ដាល​រដូវ​កាល​កន្លងទៅ ។

ការប្រកាស​ចែកផ្លូវ​ជាមួយ​អ្នកចាំទី អតីត​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​រូបនេះ ធ្វើឡើង​ស្របពេល​វិសាខា ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ បឹងកេត នា​ថ្ងៃទី​១៨ ខែសីហា នៅ​កីឡដ្ឋាន​ខេម​បូ​ឌា​អ៊ែរ​វ៉េ ក្នុង​ជើង​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា សប្ដាហ៍​ទី​២០​។

ក្លិប​បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​យ៉ាង​ដូច្នេះ​ថា «​ក្លឹប​បាល់ទាត់​វិសាខា មាន​កិត្តិយស​សូម​ជម្រាប​បងប្អូន​អ្នកគាំទ្រ​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ក្លឹប​បានសម្រេច​ចែក​ផ្លូវ​គ្នា​ជាមួយ​អ្នកចាំទី គង់ ពី​លត់ ហើយ បន្ទាប់ពី​មានការ​ព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​។​»

គួរ​បញ្ជាក់​ថា គង់ ពី​លត់ ត្រូវបាន​វិសាខា នាំយកមក​ចូលរួម​ជាមួយ​ក្លឹប កាលពី​ចុងឆ្នាំ​២០១៨ បន្ទាប់ពី​ផុត​កិច្ចសន្យា​ជាមួយ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​។

ក្រោយ​ចូលរួម​ជាមួយ​វិសាខា គង់ ពី​លុត មិនដែល​មានឱកាស​បង្ហាញ​សមត្ថភាព​ជាមួយ​ក្លិប​នោះ​ទេ ចាប់តាំងពី​ចាប់ផ្ដើម​រដូវ​កាល ២០១៩ នៃ​លី​គ​កំពូល​កម្ពុជា​មក ដ្បិត​មាន​គូប្រជែង​ដ៏​សំខាន់ ២​រូប ក្នុង​តំណែង​ចាំទី គឺ​កីឡាករ កែវ សុខ​សិលា និង ជា វណ្ណ​សាក់ ដែល​សុទ្ធតែជា​កីឡាករ​ជម្រើសជាតិ​។

គួររំលឹក​ថា គង់ ពី​លុត គឺជា​កីឡាករ​ដែលមាន​ដើមកំណើត​មកពី​ខេត្តបន្ទាយមានជ័យ ហើយ​បាន​ចូលរួម​ហ្វឹកហាត់​ជា​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ក្រោយ​ជាប់​ការធ្វើ​តេស្ត​កាលពី​ឆ្នាំ​២០១៥ និង​ធ្លាប់​មានឱកាស​ជាប់​ជម្រើសជាតិ​យុវជន​កម្ពុជា ចំនួន ២​ឈុត​ផងដែរ គឺ​ឈុត​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ និង​ឈុត​ក្រោម​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​។

ការ​ចាកចេញ​របស់ គង់ ពី​ឡុ​ត គឺជា​សមាជិក​ទី​២ ដែល​ក្លិប​វិសាខា បានប្រកាស​ចែកផ្លូវ​ជាមួយ ពោលគឺ​បន្ទាប់ពី​គ្រូបង្វឹក លោក ហុក សុ​ជីវន្ត ដែល​ត្រូវបាន​ក្លិប​ប្រកាស​បញ្ចប់​កិច្ចសន្យា​កាលពី​ចុងខែ​មេសា កន្លងទៅ​ថ្មីៗ​ក្រោយ​ដឹកនាំ​ក្រុម​ពុំ​ទទួលបាន​ជោគជ័យ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114