ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ប្រកួត​ថ្ងៃ​សៅរ៍ ​៖ ក្រសួងការពារជាតិ និង​ណាហ្គា​វើ​ល ដណ្តើមបាន​៣​ពិន្ទុ

ការប្រកួត​សប្តាហ៍​ទី ២០ នៃ​លី​គ​កំពូល​កម្ពុជា សម្រាប់​ថ្ងៃ​សៅរ៍ បាន​បញ្ចប់​ទៅ​ដោយ​ក្នុង​នោះ សូល​ទី​ឡូ​អង្គរ និង គិរីវង់ បាន​ត្រឹម​ចែក​ពិន្ទុ​គ្នា ខណៈ ក្រសួងការពារជាតិ ឈ្នះ យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ស្រប​ពេលដែល ណាហ្គា​វើ​ល ឈ្នះ អគ្គិសនី​កម្ពុជា​។

​សូល​ទី​ឡូ​អង្គរ ០-០ គិរីវង់​សុខ​សែន​ជ័យ
ការប្រកួត​រវាង​ក្រុម​ទាំងពីរ​មិន​មាន​គ្រាប់​បាល់​កើតឡើង​ឡើយ ហើយ​សូល​ទី​ឡូ​អង្គរ ដែលជា​ម្ចាស់ផ្ទះ​បាន​ព្យាយាម​វាយ​សំរុក និង​រារាំង​ពី​ការវាយលុក​របស់​គិរីវង់ ហើយ​ក្រុម​ទាំងពីរ​មិនអាច​រក​គ្រាប់​បាល់​បានឡើយ​។

​សាលា​កីឡាបាល់ទាត់​ជាតិ ១-៤ ក្រសួងការពារជាតិ
៤​គ្រាប់​របស់​ក្រសួងការពារជាតិ រកបាន​ដោយ​កីឡាករ រឹង ប៊ុន​ហៀ​ង ៣​គ្រាប់​ម្នាក់ឯង នៅ​នាទី ៦, ៣៣ និង ៤០ រីឯ​១​គ្រាប់​ទៀត រកបាន​ដោយ​កីឡាករ ហ៊ួ​រ ប៊ុនឡុង ។ ១​គ្រាប់​របស់ យុវជន​សាលា​បាល់ទាត់​ជាតិ ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ វី អា​មី​លីន នៅ​នាទី ២៩ ។ ដូចនេះ ក្រសួងការពារជាតិ ឡើងទៅ​ឈរលើ​ភ្នំពេញ​ក្រោ​ន​បណ្តោះអាសន្ន មាន ៣៥​ពិន្ទុ នៅ​លេខ​រៀង​ទី ៦​។

ណាហ្គា​វើ​ល ៦-១ អគ្គិសនី​កម្ពុជា
៦​គ្រាប់​របស់​ណាហ្គា​វើ​ល រកបាន​ដោយ​កីឡាករ Kipson, Omogba ម្នាក់ ២​គ្រាប់ និង​កីឡាករ សុះ ស៊ូ​ហា​ណា និង Amir ម្នាក់ ១​គ្រាប់ ខណៈដែល ១​គ្រាប់​របស់ អគ្គិសនី​កម្ពុជា រកបាន​ដោយ​កីឡាករ ពេជ្រ សុ​វណ្ណា​រ័ត្ន​។ លទ្ធផល​ជ័យជម្នះ​នេះ នាំឱ្យ ណាហ្គា​វើ​ល ឡើងទៅ​ឈរ​លេខ ២​វិញ​បណ្តោះអាសន្ន រង់ចាំ​លទ្ធផល​របស់​វិសាខា និង បឹងកេត នៅ​ថ្ងៃស្អែក​។

​ក៏​មាន​ការប្រកួត​ដទៃ​ផ្សេងទៀត​ផង​ដែរ សម្រាប់​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា ឆ្នាំ ២០១៩ គឺ បឹងកេត ទទួល វិសាខា នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ដូចគ្នា​ជាមួយនឹង ប៉ូលីស ទទួល ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា និង​អាស៊ី​អឺរ៉ុប ប្រកួត​ជាមួយ អង្គ​រថា​យ​ហ្គឺ​រ នៅ​ម៉ោង ៣:៣០​នាទី​រសៀល​ដូចគ្នា នៅ​កីឡដ្ឋាន AEU Sport Park គ្រា​ដែល​ព្រះខ័ន​រាជ​ស្វាយរៀង ជួប កំពង់ចាម ម៉ោង ៦​ល្ងាច នៅ​កីឡដ្ឋាន ខេត្តស្វាយរៀង៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114