ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គិភ័យ​បំផ្លាញ​ផ្ទះ​មួយ​ខ្នង​នៅ​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ​ទាំង​កណ្តាល​យប់

ភ្នំពេញ ៖ ផ្ទះមួយ​ខ្នង​ ដែល​សង់​ពី​ថ្ម​លើ​ឈើ​ក្រោម​ ត្រូវបាន​អគ្គិភ័យ​បំផ្លាញ​អស់​គ្មាន​សល់​ដែល​ករណីនេះ ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា ​មក​ឆ្លង​ចរន្ត​អគ្គិសនី។

ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​១០​នាទី​យប់ ​ថ្ងៃទី​១៧​ ខែសីហា​។​

​យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោក​លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី​ ដែល​បាន​ចុះទៅ​អន្តរាគមន៍​នៅ​ចំណុច​កើតហេតុ​ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​អគ្គិភ័យ​នេះ​ បាន​បំផ្លាញ​លំនៅដ្ឋាន​របស់​ជនរងគ្រោះ​ឈ្មោះ​ទិ​ត្យ ជា ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៣៦៩ ​ភូមិ​កោះក្របី​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ដែល​សង់​ពី​ថ្ម​ក្រោម​ឈើ​លើ។

លោក​ចៅសង្កាត់​បាន​បន្ត​ថា​ តាម​ការបំភ្លឺ​ពី​ម្ចាស់ផ្ទះ​បាន​អះអាងថា ​មកពី​ទុស្សេ​ខ្សែភ្លើង​ ខណៈ​ដែល​គ្រួសារ​ទើប​នឹង​បរិភោគ​អាហារ​ពេល​ល្ងាច​រួច។ នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង​ គឺ​កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ចម្រុះ ​បាន​ចុះទៅ​ដល់​ចំណុច​កើតហេតុ​ ដែល​មាន​ទីតាំង​ជាប់​ផ្លូវ​កៅស៊ូ​ ហើយក៏​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​១៤​គ្រឿង​មកពី​ជួយ​អន្តរាគមន៍​ ទើប​មិន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​។​

លោក​ចៅសង្កាត់​បានបញ្ជាក់​ថា ​ហេតុ​ការណ៍​​អគ្គិភ័យ​នេះ​ មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ តែ​​​វាបាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​អស់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ ​ហើយ​អគ្គិភ័យ​នេះ​បាន​រលត់ទៅវិញ​អស់​រយៈពេល​តែ​៤៥​នាទី​ប៉ុណ្ណោះ៕

ដោយ ៖ ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114