ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡា​ទូក​កម្ពុជា​ចេញទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​កីឡា​ប្រណាំងទូក​នាគ​លើក​ទី​១៤​នៅ​ប៉ាត់​តា​យ៉ា​ប្រទេស​ថៃ

នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែ​សីហា​នេះ ប្រតិភូ​កីឡា​ទូក​កម្ពុជា​ចំនួន​១៧​រូប បានចេញ​ដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​ថៃ​ហើយ ដើម្បី​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​កីឡា​ប្រណាំងទូក​នាគ​លើក​ទី​១៤ (The 14th World Dragon Boat Rasing Championships 2019 ) នៅ​ប៉ាត់​តា​យ៉ា​។​ ការប្រកួត​នឹង​ចាប់ផ្ដើម ពីថ្ងៃ​ទី​២០ ដល់​២៥ សីហា នៅ​ក្រុង​ប៉ាត់​តា​យ៉ា ប្រទេស​ថៃ ។​

ប្រតិភូ​កីឡា​ទូក​ទាំង​១៧​រូបនេះ នឹង​ចូល​រួម​ប្រកួត​លើ​៣​វិញ្ញាសា គឺ​២០០​ម៉ែត្រ ៥០០​ម៉ែត្រ​និង​១២០០​ម៉ែត្រ ក្នុងចំណោម​៥​វិញ្ញាសា​ដែល​គណៈកម្មការ​រៀបចំ​ដាក់​ឲ្យ​ប្រកួត​នោះ​។

សូមបញ្ជាក់ថា ទូក​នាគ​គឺ​មាន​ចំណុះ​១២​នាក់ ដោយមាន​អ្នក​អុំ​១០​នាក់​អ្នក​កាច់ចង្កូត​(​កន្សៃ​) ១ នាក់​និង​អ្នក​ក្បាលទូក​(​បញ្ជា​)១​នាក់​។​

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​១៧​សីហា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រណាំងទូក​កម្ពុជា និង​ជា​ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា​ផង​នោះ បាន​បញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍​នេះ​គឺជា​លើកដំបូង​ហើយ ដែល​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ។ នេះ​ជា​ការ​ប្រកួត​កម្រិត​ជំនាញ ដែល​កីឡាករ​ម្នាក់ៗ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ។

លោក​ចាត់ទុកថា នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​មួយ​ ដែល​យ៉ាងហោចណាស់ ក៏​មាន​ប្រទេស​ប្រហែល​៣៣​ប្រទេស​និង​កីឡាករ​ប្រមាណ ៤.០០០​នាក់​ដែរ ដែល​មក​ចូលរួម​ប្រកួត​។​ ទោះជា​យ៉ាង​នេះ​ក៏ដោយ ក៏​លោក​ជា ប៊ុនហេង​នៅតែ​មាន​ជំនឿ​ចិត្ត​ថា​កម្ពុជា​នឹង​មាន​ឱកាស​ដណ្ដើម​បាន​មេដាយ។

កីឡាករ​ទូក​ដែល​ចេញទៅ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ថៃ​នេះ គឺជា​កីឡាករ​ដែល​ទើប​ឈ្នះ​បាន​មេដាយមាស នៅក្នុង​ការប្រកួត​កីឡា​នគរបាល​ពិភពលោក​នៅ​ប្រទេស​ចិន​នាពេល​ថ្មីៗ​នេះ​។ តែ​យ៉ាងណា លោក​អគ្គលេខាធិការ​សហព័ន្ធ​ទូក បាន​ក្រើនរំលឹក​និង​តាស់​តឿន​កីឡាករ​ម្នាក់​កុំ​ឲ្យ​មាន​មោទនភាព​ខ្លួនឯង​ឲ្យ​សោះ គឺ​ត្រូវតែ​សាមគ្គី​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ព្រោះនេះ​ជា​ការ​ប្រកួត​កម្រិត​ជំនាញ កីឡាករ​នៃ​បណ្តា​ប្រទេស​នីមួយៗ ទៅ​ចូលរួម​សុទ្ធតែ​ជា​កីឡាករ​ខ្លាំង​ជា​កីឡាករ​ជំនាញ​ប្រចាំ​ប្រទេស​ដូច្នេះ​កីឡាករ​យើង​ត្រូវតែ​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ព្រោះនេះ​វា​មិន​ដូចជា​ការប្រកួត​ក្របខ័ណ្ឌ​ប៉ូលិស​ពិភពលោក​នៅ​ប្រទេស​ចិន​នោះទេ​។​

លោក​ជា​ប៊ុនហេង និយាយ​នៅក្នុង​ក្របខណ្ឌ​ប៉ូលិស​ថា បើសិនជា​កីឡាករ​ទូក​ចេញទៅ​ប្រកួត​ជើងឯក​ពិភពលោក​កីឡា​ប្រណាំងទូក​នាគ​នៅ​ប្រទេស​ថៃ​នេះ​ឈ្នះ​បាន​មេដាយ ទោះជា​មេដាយ​ណាក៏ដោយ គឺ​លោក​នឹង​ធានា​ស្នើសុំ​ថ្នាក់លើ​ឲ្យ​បាន​ចូល​ជា​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ដែល​ពាក់​ស័ក្ដិ​១​ដូចគ្នា ហើយ​នៅពេលដែល​ទៅ​ចូលរួម​ការប្រកួត​នៅ​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វី​លី​ពី ន​នា​ចុងឆ្នាំ​នេះ បើ​បាន​មេដាយ​ទៀត​នោះ នោះ​នឹង​ស្នើសុំ​ឲ្យ​បាន​ឡើង​១​ស័ក្តិ​ទៀត គឺ​ស័​កិ្ត​២​។​

ជាមួយគ្នានេះ ការប្រកួត​នេះ​បើ​បាន​មេដាយ​នោះ នោះ​នឹង​ទទួលបាន​ប្រាក់រង្វាន់​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដែល​ផ្ដល់ជូន​តាម​កម្រិត មេដាយមាស​១២០​លាន​រៀល ប្រាក់​៨០​លាន​រៀល​និង​សំរិទ្ធ​៤០​លាន​រៀល​៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114