ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ជំនាញ​ពូជ​ទុរេន​ល្បី​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ត្រូវបាន​អញ្ជើញ​ឲ្យ​មកជួយ​ផ្នែក​កសិកម្ម​នៅ​កម្ពុជា

ភ្នំពេញ​ ៖ អ្នកជំនាញ​ផ្នែក​បណ្ដុះ​បង្កាត់​ពូជ​និង​បច្ចេកទេស​ដាំ​ដុះ​ទុរេន​ម៉ូ​សាង​ឃី​ង​ដែលជា​ពូជ​ទុរេន​ដ៏​ល្បីល្បាញ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​គឺ​លោក Way Sew Chiang ហៅ​លោក លី ត្រូវបាន​អញ្ជើញ​មកដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៧​ខែសីហា​ឆ្នាំ​២០១៩ ។​

វត្តមាន​លើកដំបូង​របស់លោក​គឺ​តប​តាម​ការអញ្ជើញ​របស់​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី​ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​កសិកម្ម ដើម្បី​ឲ្យ​លោក​មកជួយ​លើ​ផ្នែក​បច្ចេកសទេស និង​ដើម្បីអោយ​កម្ពុជា​មានលទ្ធភាព​ដាំ​ពូជ​ទុរេន ដែលជា​ពូជ​ទុរេន​ដែលមាន​ទីផ្សារ​ខ្លាំង​នៅក្នុង​ពិភពលោក​។

​បើតាម​លើកឡើង​របស់លោក លី បាន​ថ្លែង​ប្រាប់ថា លោក​គឺជា​អ្នកឯកទេស​ផ្នែក​ដាំ​ដុះ និង​ថែទាំ​ទុរេន​ម៉ូ​សាង​ឃី​ង​ប្រចាំ​នៅក្នុង​កសិដ្ឋាន​ធំ​មួយ​នៅក្នុង​ប្រ​ទឹ​ស​ម៉ាឡេស៊ី ដោយបាន​ធ្វើការ​លើ​មុខជំនាញ​នេះ​ប្រមាណ​ជាង​៣០​ឆ្នាំ​មកហើយ ដោយ​លោក​ក៏មាន​ស្នាដៃ​ជួយ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​មានលទ្ធភាព​ផ្គត់ផ្គង់​ពូជ​ទុរេន​ម៉ូ​សាង​ឃី​ង​នៅក្នុង​ប្រទេស​និង​នាំចេញ​នាពេល​ចុងក្រោយ​នោះ​ផង​។​

ក្រៅពី​ទទួលខុសត្រូវ​លើ​ការងារ​ក្នុង​កសិដ្ឋាន​របស់ខ្លួន​លោក​ក៏​ជា​បណ្ដុះបណ្ដាល​និង​ជា​អ្នកផ្ដល់​បច្ចេកទេស​ជួយ​ដល់​ម្ចាស់​ចម្ការ​ទុរេន​ម៉ូ​សាង​ឃី​ង​ធំៗ​នៅក្នុង​ប្រទេស​ប្រចាំ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​។ នាពេល​កន្លង​មក​លោក​បាន​ចុះទៅ​បណ្ដុះបណ្ដាល​ជំនាញ​ដាំ​ពូជ​ទុរេន​នេះ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​និង​ប្រទេស​ផ្សេងៗ​ទៀត​ជាច្រើន​កន្លែង​ដើម្បីអោយ​ប្រទេស​ទាំងនោះ​មានលទ្ធភាព​ដាំ​ដុះ​ពូជ​ទុរេន​មួយ​នេះ​។​

​ដោយឡែក​សម្រាប់​ដំណើរ​មកកាន់​កម្ពុជារ​បស់​លោក​នៅក្នុង​ពេលនេះ ក៏​មិន​ខុសពី​ដំណើរ​កន្លងមក​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​នោះដែរ ដោយ​លោក​មក​ដើម្បី​សិក្សា​ទឹកដី​មួយចំនួន​របស់​កម្ពុជា ជាពិសេស​គឺ​បរិយាកាស​និង​សណ្ឋាន​ដី​ក្នុង​ខេត្តកំពត​ដើម្បី​កំណត់​ដឹងថា តើ​ត្រូវ​រៀបចំ​បច្ចេកទេស​ដូចម្ដេច ដើម្បី​អាចអោយ​ពូជ​ទុរេន​ម៉ូ​សាង​ឃី​ង អាច​លូតលាស់​បានល្អ​។

​លោ​កថា​ខ្លួន​នឹង​ចំណាយពេល​៥​ថ្ងៃ​ជាមួយនឹង​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី​ដើម្បី​បណ្ដុះ​ជំនាញ​អ្នកឯកទេស​កម្ពុជា​លើ​ពូជ​ដំណាំ​មួយ​នេះ ដោយ​ក្រោយ​បញ្ចប់​បេសកកម្ម​លើកដំបូង លោក​បន្ត​ចុះមក​កម្ពុជា​អោយ​ញឹកញាប់​បន្ថែមទៀត ដើម្បី​ជួយ​អោយ​កម្ពុជា មាន​ចម្ការ​ទុរេន​ម៉ូ​សាង​ឃី​ង ដែលមាន​ស្ដង់ដារ​ដូចគ្នា​នឹង​នៅ​ម៉ាឡេស៊ី​។​

​លោក​ក៏​ប្រកាស​នឹង​ជួយ​រក​ទីផ្សារ​ដល់​កម្ពុជា​ផងដែរ ប្រសិនបើ​កម្ពុជា​មាន​លទ្ធផល​ផ្គត់ផ្គង់​ពូជ​ទុរេន​ម៉ូ​សាង​ឃី​ង​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំក្រោយ ហើយ​រក​ទីផ្សារ​នាំចេញ​មិនបាន​។ ផ្អែក​តាម​ការសិក្សា នឹង​វាយតម្លៃ​ជាបឋម​លោក​ថា កម្ពុជា​ក៏​អាច​ដាំ​ទុរេន​ម៉ូ​សាង​ឃី​ង​បានល្អ​មិន​ចាញ់​ម៉ាឡេស៊ី​នោះដែរ ដោយ​គ្រាន់តែ​ត្រូវ​រៀបចំ​បច្ចេកទេស​ខុសគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​។

​ជាមួយគ្នានេះ​លោក ហង្ស ព្រី​ន្ស​យ៉ា អគ្គនាយក​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី ធ្លាប់បាន​ថ្លែងថា សម្រាប់​ចម្ការ​ទុរេន​របស់​គម្រោង​”​ឋាន​ព្រះឥន្ទ​” ក្រុមហ៊ុន​បាន​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ង​ការនាំ​ពូជ​សុទ្ធ​«​ម៉ូ​សាង​ឃី​ង​»​ផ្ទាល់​ពី​ម៉ា​គេ​ស៊ី​តែម្ដង ដោយ​មិន​ទិញ​ពូជ​ពី​ប្រទេសជិតខាង​ទេ ដើម្បីអោយ​បាន​ពូជ​សុទ្ធ​។

​ក្នុងនោះ​ក្រុមហ៊ុន​ក៏​ត្រៀម​ចំណាយ​ទុន​ខ្ពស់​ក្នុង​ការអញ្ជើញ​អ្នកឯកទេស គឺ​លោ​កលី អោយ​ឡើង​ចុះមក​សិក្សា និង​ជួយ​លើ​ផ្នែក​បច្ចេកទេស​តាំងពី​ដំណាក់កាល​បណ្ដុះ​ពូជ ដាំ​ដុះ រហូតដល់​បាន​ផល​ផងដែរ​។ លោក​ថា ពូជ​ទុរេន​ម៉ា​សាង​ឃី​ង ត្រូវបាន​ដាំ​ជា​បណ្ដើរៗ​ហើយ​នៅ​ខេត្តកំពត ដោយ​នឹង​បន្ត​ដាំ​នៅ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​។

​លោក​ចំណាយ​ទុន​ខ្ពស់​នាំ​ពូជ និង​អ្នកឯកទេស ពី​ប្រទេស​ម៉ាឡេស៊ី​មក​ដោយផ្ទាល់ គឺ​ដើម្បីអោយ​ម្ចាស់​ចម្ការ​ដែល​ទិញ​ចម្ការ​ទុរេន​ពី​គម្រោង​ឋាន​ព្រះឥន្ទ មាន​ចម្ការ​ទុរេន​មួយ​ដែលមាន​ពូជ​ល្អ ហើយ​លក់បាន​ថ្លៃ​ក្រោយពេល​បាន​ផល​។ លោក ហង្ស ព្រី​ន្ស​យ៉ា បន្តថា​រយៈពេល​៥​ឆ្នាំ ឬ​៦​ឆ្នាំ​ខាងមុខ កម្ពុជា​នឹងមាន​ពូជ​ទុរេន​ម៉ូ​សាង​យី​ង ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​ប្រកួតប្រជែង​នឹង​ប្រទេសជិតខាង​បាន​៕

ដោយ ៖ ចាន់ដារ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114