ព័ត៍មានទាន់​ហេតុការណ៏
Search

តួ​រី​ស ព្រលះ​រថយន្ត​សណ្ដោង ពេល​ទៀបភ្លឺ នៅ​ខេត្ត​ស្រះកែវ ស្លាប់​ពលករ​ចំណាកស្រុក ១១ នាក់​

ប្រទេស​ថៃ ៖ ពលករ​ចំណាកស្រុក​ចំនួន ១១ នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងចំណោម​ពលករ​សរុប​ចំនួន ១៥ នាក់ ដោយ ៤ នាក់ ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ ខណៈដែល​ពួកគេ​កំពុង​ជិះ​លើ​រថយន្តឈ្នួល​ទៅ​វ៉ៃ​ត្រា បន្ត​ច្បាប់​នៅ​ខ្សែ​បន្ទាប់​ព្រំដែន ក៏ត្រូវ​ប៉ះទង្គិច​ជាមួយ​នឹង​រថយន្ត​សណ្តោង។

​យោងតាម​ព័ត៌មាន​របស់​កាសែត​ថៃ បាន​បញ្ជាក់ថា ហេតុការណ៍​ដ៏​រន្ធត់​មួយ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បាន​កើតឡើង​នៅវេលា​ម៉ោង ៤ និង ១៥ នាទី​ទៀបភ្លឺ ព្រឹក​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៩ តាម​បណ្តោយ​ផ្លូវ​ពី​ស្រះកែវ ទៅ​ច័ន្ទ​បុរី ក្បែ​ផ្លូវ​ចូលទៅ​សាលាស្រុក ក្នុងស្រុក​វុំា​ង​សុំ​ប៊ូ​ន ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

នៅត្រង់ចំណុច​កើតហេតុ ក្រោយពេល​ក្រុម​តម្រួត​ថៃ​ទៅដល់ គេ​ស​ង្កេ​ត​ឃើញថា មាន​រថយន្ត តួ​រី​ស​មួយ​គ្រឿង ពាក់​ស្លាក​លេខ​លឿង បាងកក ៣៤-០៤០៥ របស់ លោក ណា​វីន ត្រា​វ៉ែល បាន​រេ​ឆ្លង​ខ្សែបន្ទាត់​ទ្រូង​ថ្នល់​ទៅបុក​នឹង​រថយន្ត​សណ្តោង ប្រភេទ កង់ ១៨ ពាក់​ស្លាក​លេខ ៧០-១២៣៤ និង ៧០-១២៣៥ ដែល​កំពុងធ្វើដំណើរ​ច្រាសទិស​គ្នា ក្នុង​តំបន់​កំពុង​ស្ថាបនា​ផ្លូវថ្នល់ ពី ២ ខ្សែ ទៅ ៤ ខ្សែ បណ្តាលអោយ​រថយន្ត​តួ​រី​ស​រួញ​មួយ​កំណាត់​ខាងមុខ។

នៅក្នុង​ហេតុការណ៍​នោះដែរ សមត្ថកិច្ច​ថៃ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទាំងអស់​មាន​ចំនួន ១៤ នាក់ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ព្រំដែន​ត្រង់ចំណុច ច្រក​អន្តរជាតិ​បាន​ឡែ​ម ( ច្រក​អន្តរជាតិ​ដូង ជាប់​នឹង​ស្រុក​កំរៀង ) ដើម្បី​វ៉ៃ​ត្រា បំពេញ​ឯកសារ​ក្នុងការ​រស់នៅ​បន្ត​ក្នុងប្រទេស​ថៃ ដែល​ពលករ​ចំណាកស្រុក​ទាំងអស់នោះ សុទ្ធសឹង ជា​ពលករ​មកពី​ប្រទេស​ឡាវ។​

​ក្រោយពី​មានការ​ជួយសង្គ្រោះ​រួចមក គឺមាន​ពលករ​ស្លាប់​ចំនួន ១១ នាក់ ( ប្រុស​៥​នាក់ និង ស្រី ៦ នាក់ ) ក្នុងនោះ​មាន​អ្នកបើកបរ​រថយន្ត​ផងដែរ និង ៤ នាក់​ទៀត​រងរបួស​ធ្ងន់ ដែល​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព​ទ្យ វុំា​ង​សុំ​ប៊ូ​ន។ ដោយ​ប៉ូលិស​បាន​សន្និដ្ឋាន​បឋម​ថា បញ្ហា​នេះ​គឺ​បណ្តាលមកពី​អ្នកបើកបរ​រ​យន្ត​តួ​រី​ស​ដេកលក់ ទើប​ធ្វើអោយ​រេ​ចង្កូត​បែបនេះ៕

ដោយ ៖ សោ និយម​រ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114