ព័ត៍មានទាន់​ហេតុការណ៏
Search

បបួលគ្នា​មកលេង​ផ្ទះ​មិត្តភក្ដិ គ្រាន់តែ​ទុក​សោ​ម៉ូតូ​ប្រហែស ​លួច​ជិះ​យកទៅ​បាត់​កន្លះ​ខែ​ ម្ចាស់​តាម​រក​ឃើញ​ចាប់ខ្លួន​ តែ​បាត់​ម៉ូតូ​

​ភ្នំពេញ​ ៖ យុវជន​ម្នាក់ ​ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ជា​មិត្តភក្ដិ​នឹង​គ្នា ចោទ​ពីបទ​លួច​ម៉ូតូ ប្រព្រឹត្ត​កាលពី​កន្លះ​ខែ​ មុនពេល​ចាប់ខ្លួន​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៩ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

សមត្ថកិច្ច​ប្រាប់ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ធា ធាន ហៅ​ហ៊ាង ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ គ្មាន​មុខរបរ ​ស្នាក់នៅ​ផ្ទះជួល​ស​ង្កា​ត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ (​ភ្នំពេញ​) ត្រូវបាន​ចាប់ខ្លួន​ និង​ចោទ​ប្រកាន់​ដោយ​ឈ្មោះ គង់ ដា​រ៉ា ហៅ​សុខ​គួរ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ​។​

ជនរងគ្រោះ​ឈ្មោះ គង់ ដា​រ៉ា ហៅ​សុខ គួរ បាន​និយាយ​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​ ៖ មុន​ពេល​កើតហេតុ​កាលពី​ល្ងាច​ថ្ងៃទី​០៦​ ខែ​សីហា ឆ្នាំ​២០១៩ ​ខ្លួន​បាន​ជិះ​ម៉ូតូ ​ម៉ាក​ហុងដា (​អាស​ង់​) ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាកលេខ​ភ្នំពេញ 1AT.1301​ ដែលមាន​ភិនភាគ​សម្គាល់​លេខ​តួ​ និង​លេខ​ម៉ាស៊ីន 8508967​ ជា​របស់​ឪពុក មក​ផឹក​កាហ្វេ​ជាមួយ​ឈ្មោះ ធា ធាន និង​ឈ្មោះ វ៉ា ជា​មិត្តភ័ក្ដិ​របស់​ខ្លួន​។​

ក្រោយពេល​ផឹក​កាហ្វេ​រួច​ ឈ្មោះ​ធា ធាន បាន​បបួល​ខ្លួន​ទៅផ្ទះ​របស់​ឈ្មោះ វ៉ា នៅ​ឯ​ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ជនរងគ្រោះ​បាន​បន្តថា នៅ​ពេលទៅដល់​ផ្ទះ​ឈ្មោះ វ៉ា ក៏បាន​នាំគ្នា​ចូល​លេង ​ប៉ុន្តែ​ខ្លួន​បាន​ទុក​សោ​ម៉ូតូ​នៅ​កម្រាល​ឥដ្ឋ​ក្បែរ​ខ្លួន​ ស្រាប់តែ​ឈ្មោះ​ធា ធាន លួច​យកទៅ​ចាក់សោ​ម៉ូតូ​ជិះ​យក​ទៅ​បាត់​ស្រមោល​តែម្តង ទោះបី​ទូរស័ព្ទ​ក៏​ពុំ​អាចទាក់ទង​បាន​ ស្វែងរក​ក៏​ពុំ​ឃើញ​។​

ជនរងគ្រោះ​បាន​បញ្ជាក់ថា ក្រោយមក​នៅវេលា​ម៉ោង​២​រំលង​អធ្រា​ត្រ​ ឈានចូល​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៩ នេះ​ ក៏បាន​ប្រទះឃើញ​ឈ្មោះ ធា ធាន ដែល​លួច​ម៉ូតូ​គាត់​កំពុង​អង្គុយ​នៅមុខ​ក្លឹប រី​វ៉ើ​សាយ នៅ​ម្តុំ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ​ ទើប​ហៅ​បងប្អូន​ក្រុមគ្រួសារ​មក​ឃាត់​ខ្លួន​គេ​សួរនាំ សុំ​យកតែ​ម៉ូតូ​វិញ​ ដោយ​មិន​ប្តឹងផ្តល់​អ្វី​ទេ ប៉ុន្តែ​គេ​ថា ម៉ូតូ​នោះ​ខ្លួន​បាន​យកទៅលក់ បញ្ចាំ​ឲ្យ​កុងស៊ី យក​

​លុយ​មក​ចាយវាយ​អស់ហើយ ​គ្មាន​លុយ​សង ទើប​នាំខ្លួន​យកមក​ប្រគល់ឲ្យ​ប៉ូលិស​ចាត់ការ​តាម​ច្បាប់​តែម្តង​៕

ដោយ ៖ សឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114