ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​រដ្ឋ​ឥស្លាម​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្ទុះ​គ្រាប់បែក​ក្នុង​ពិធី​រៀប​មង្គលការ​នៅ​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន

ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួលខុសត្រូវ​កាលពី​ថ្ងៃ​អាទិត្យ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​ពិធី​រៀប​មង្គលការ​មួយ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បានសម្លាប់​មនុស្ស​ចំនួន​៦៣​នាក់​។ ហេតុការណ៍​នេះ​គូសបញ្ជាក់​ពី​គ្រោះថ្នាក់​ដែល​ប្រទេស​នេះ​កំពុង​ប្រឈមមុខ​ថ្វីបើ​ក្រុម​តា​លី​បង់​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សហរដ្ឋអាមេរិក​ក៏ដោយ​។​

​ការវាយប្រហារ​កាលពី​យប់​ថ្ងៃ​សៅរ៍​បាន​កើតឡើង​នៅពេល​ក្រុម​តា​លី​បង់​និង​សហរដ្ឋអាមេរិក​ព្យាយាម​ចរចា​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការដក​កងទ័ព​សហរ​ដ្ឋ​អាមេរិក​ជា​ថ្នូរ​នឹង​ការប្តេជ្ញាចិត្ត​របស់​ក្រុម​តា​លី​បង់​លើ​កិច្ចពិភាក្សា​សន្តិសុខ​និង​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។​

​ក្រុម​អ្នក​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដែល​បាន​បង្ហាញខ្លួន​លើកដំបូង​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ​២០១៤​ហើយ​ចាប់តាំងពី​ពេល​នោះមក​បាន​ពង្រីក​ការប៉ះទង្គិច​នៅ​ភាគ​ខាងកើត​និង​ខាងជើង​គឺ​មិនមាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​កិច្ចចរចា​នេះ​ទេ​។ ពួកគេ​កំពុង​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​និង​កងកម្លាំង​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​និង​ក្រុម​តា​លី​បង់​។​

​ប្រេសិត​ពិសេស​របស់​សហរដ្ឋអាមេរិក​សម្រាប់​ការផ្សះផ្សា​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Zalmay Khalilzad បាន​និយាយថា ការវាយប្រហារ​នេះ​បានបង្ហាញ​ពី​តម្រូវការ​ក្នុងការ​ព​ន្លឿ​ន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុម​តា​លី​បង់​ដើម្បី​ជួយ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​។​

​ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ចំពោះ​ការវាយប្រហារ​បង្ហូរឈាម​ក្នុង​ទីក្រុង​នានា​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ដោយ​ការវាយប្រហារ​ខ្លះ​គឺ​ផ្តោត​គោលដៅ​លើ​សហគមន៍​ជនជាតិភាគតិច​កាន់​និកាយ​ស៊ី​អ៊ី​ត​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ​គេហទំព័រ​សារ​អេឡិចត្រូនិក Telegram, ក្រុម​មូស្លីម​ស៊ុន​នីមួយ​នេះ​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅឯ​សាល​ពិធី​រៀប​មង្គលការ​មួយ​ក្នុង​ទីក្រុង​កា​ប៊ុល​ភាគ​ខាងលិច​ដោយ​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​របស់ខ្លួន​អាច​ជ្រៀត​ចូលទៅ​កន្លែង​ទទួលភ្ញៀវ​និង​បំផ្ទុះ​គ្រឿងផ្ទុះ​របស់គាត់​ក្នុង​ហ្វូង​ភ្ញៀវ​។​

​ក្រុម​តា​លី​បង់​បាន​បដិសេធ​ទទួលខុសត្រូវ​និង​បាន​ថ្កោលទោស​ចំពោះ​ការផ្ទុះ​នេះ​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114