ព័ត៍មានទាន់​ហេតុការណ៏
Search

នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ចេញដំណើរ​ បន្ទាប់ពី​ហ្ស៊ី​ប្រា​ល់តា​បដិសេធ​ការទាមទារ​របស់​អាមេរិក

នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ដែលជា​ចំណុច​សំខាន់​នៃ​ជម្លោះ​ការទូត​គឺ​បាន​ចាក​ចេញពី​ប្រទេស​ហ្ស៊ី​ប្រា​ល់តា​ហើយ​បន្ទាប់ពី​ទឹកដី​អង់គ្លេស​នៅក្រៅ​ប្រទេសមួយ​នេះ​បាន​ច្រានចោល​ការទាមទារ​រប​ស់​អាមេរិក​ក្នុងការ​រឹបអូស​នាវា​នេះ។

​យោងតាម​គេហទំព័រ​ត្រួតពិនិត្យ Marine Traffic បាន​ឲ្យ​ដឹងថា នាវា​ដឹក​ប្រេង​មួយគ្រឿង​នេះ​ដែល​ត្រូវបាន​បង្ខាំង​ទុក​ចាប់តាំងពី​ថ្ងៃទី​៤​ខែកក្កដា​មក​នៅ​ឆ្នេរ​ហ្ស៊ី​ប្រា​ល់តា​គឺ​បាន​ចាកចេញ​នៅ​យប់​ថ្ងៃអាទិត្យ​ហើយ​ចាប់ផ្តើម​ចេញដំណើរ​ទៅ​ទិស​ខាងត្បូង​។​

​ប្រទេស​ហ្ស៊ី​ប្រា​ល់តា​បាន​រឹបអូស​នាវា Grace 1 កាលពី​ថ្ងៃទី​៤​ខែកក្កដា​ដោយ​សង្ស័យថា នាវា​នេះ​កំពុង​ដឹកជញ្ជូន​ប្រេង​ទៅ​ប្រទេស​ស៊ី​រី​ដោយ​រំលោភ​លើ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​យ៉ាងខ្លាំង​នៅក្នុង​ទំនាក់ទំនង​រវាង​ទីក្រុង​តេ​អេ​រ៉ង់​និង​ទីក្រុង​ឡុង​ដ៍​។ យ៉ាងណាក្តី ប្រទេស​អ៊ីរ៉ង់​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​រាល់​ការរំលោភ​ណាមួយ​។​ ​ចៅក្រម​ហ្ស៊ី​ប្រា​ល់តា​បាន​បញ្ជា​ឲ្យ​ដោះលែង​នាវា​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​

​ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ ក្រសួងយុត្តិធម៌​អាមេរិក​បានដាក់​សំណើ​នៅ​នាទីចុងក្រោយ​ដើម្បី​ឃាត់ទុក​នាវា​នេះ​ដោយ​ចោទប្រកាន់ថា វា​ជាប់​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ខុសច្បាប់​ទៅ​ប្រទេស​ស៊ី​រី​ដោយ​ឆ្មាំ​បដិវត្ត​ឥស្លាម​អ៊ីរ៉ង់​ដែល​ត្រូវបាន​ចុះបញ្ជី​ជា​ក្រុម​ភេរវកម្ម​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​។​

​រដ្ឋាភិបាល​ហ្ស៊ី​ប្រា​ល់តា​បាន​ច្រានចោល​សំណើ​នោះ​ដោយ​និយាយថា ខ្លួន​មិនអាច​ស្វែងរក​ដីកា​របស់​តុលាការ​ដើម្បី​បង្ខាំង​នាវា​ដឹក​ប្រេង​នេះ​បានទេ​ពីព្រោះ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំងនឹង​អ៊ីរ៉ង់​មិនត្រូវ​បាន​អនុវត្ត​នៅក្នុង​សហភាព​អឺរ៉ុប​ឡើយ​។​

​នាវា​នេះ​បាន​បែរ​ក្បាល​ទៅ​ទិសខាងកើត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​បើទោះបីជា​ទិសដៅ​ចុងក្រោយ​របស់​វា​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ដោយ​។​

​នៅក្នុង​សេចក្តីសម្រេច​របស់ខ្លួន​ដែល​បញ្ជា​ឲ្យ​មានការ​ដោះលែង​នាវា​ដឹក​ប្រេង​នេះ ប្រទេស​ហ្ស៊ី​ប្រា​ល់តា​បាន​និយាយថា ខ្លួន​បានទទួល​ការធានា​ពី​ប្រទេស​អ៊ីរ៉ង់​ថា នាវា​នេះ​នឹងមិន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ណាមួយ​ដែល​រង​ការដាក់ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ឡើយ​៕ AFP

​ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114