ព័ត៍មានទាន់​ហេតុការណ៏
Search

កាណាដា​ស្តីបន្ទោស​ការសម្រេច​ចិត្ត​របស់​អង់គ្លេស​សម្រាប់​ការដក​សញ្ជាតិ​អ្នក​ប្រយុទ្ធ​ឥស្លាម

ចក្រភព​អង់គ្លេស​បាន​ដកហូត​សញ្ជាតិ​របស់​ជន​មូស្លីម​ដែលមាន​សញ្ជាតិ​ពីរ​ម្នាក់​ដែល​បាន​ចុះចូល​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ដោយ​គេ​ហៅ​ឈ្មោះថា “Jihadi Jack” ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ ការដក​សញ្ជាតិ​នេះ​បាន​នាំ​ឲ្យ​ប្រទេស​កាណាដា​ចោទប្រកាន់​ចក្រភព​អង់គ្លេស​ថា​គ្មាន​ទំនួល​ខុសត្រូវ​។​

​កាសែត Daily Mail របស់​អង់គ្លេស​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ទង្វើ​ដែល​សំដៅលើ​លោក Jack Letts អាយុ​២៤​ឆ្នាំ​ដែលមាន​សញ្ជាតិ​ពីរ​គឺ​អង់គ្លេស​និង​កាណាដា​បាន​ជំរុញ​ឲ្យ​មាន​ជម្លោះ​ការទូត​មួយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​។​

​កាសែត​នេះ​បាន​រាយការណ៍​ថា អតីត​នាយករដ្ឋមន្ត្រី​លោកស្រី Theresa May បាន​យល់ព្រម​លើ​ការសម្រេចចិត្ត​នេះ​នៅក្នុង​សកម្មភាព​ចុងក្រោយ​មួយ​របស់​លោកស្រី​មុនពេល​ចាក​ចេញពី​តំណែង​កាលពីដើម​ខែកក្កដា​។​

​យ៉ាងណាក្តី អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អង់គ្លេស​បាន​បដិសេធ​បញ្ជាក់​ពី​របាយការណ៍​នេះ​។​

​អ្នកនាំពាក្យ​និយាយថា “​ការសម្រេចចិត្ត​ក្នុង​ការដក​សញ្ជាតិ​គឺ​ផ្អែកលើ​ការ​ផ្តល់យោបល់​ជាច្រើន​ពី​មន្ត្រី មេធាវី​និង​ភ្នាក់ងារ​ស៊ើបការណ៍​និង​ព័ត៌មាន​ដែល​ទទួលបាន​ទាំងអស់​” ។​

​អ្នកនាំពាក្យ​ដដែល​បន្តថា “​អំណាច​នេះ​គឺជា​មធ្យោបាយ​មួយ​ដែល​យើង​អាច​ទប់​ទល់នឹង​ការគំរាមកំហែង​ភេរវកម្ម​ដែល​បង្កឡើង​ដោយ​បុគ្គល​ដែលមាន​គ្រោះថ្នាក់​បំផុត​និង​រក្សា​ប្រទេស​របស់​យើង​ឲ្យ​មាន​សុវត្ថិភាព​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការិយាល័យ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សុវត្ថិភាព​សាធារណៈ​កាណាដា​លោក Ralph Goodale បាន​បញ្ជាក់ថា “​ចក្រភព​អង់គ្លេស​បាន​ដកហូត​សញ្ជាតិ​របស់ Jack Letts” ហើយ​បាន​សម្តែង​ការខកចិត្ត​ចំពោះ​ទង្វើ​នេះ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា “​ប្រទេស​កាណាដា​មានការ​ខកចិត្ត​ដែល​ចក្រភព​អង់គ្លេស ចាត់វិធានការ​ជា​ឯកតោភាគី​នេះ​ដើម្បី​បំពេញ​នូវ​ទំនួល​ខុសត្រូវ​របស់​ពួកគេ​។ អំពើ​ភេរវកម្ម​មិនមាន​ព្រំដែន​ទេ​ដូច្នេះ​ប្រទេស​នានា​ត្រូវ​ធ្វើការ​ជាមួយគ្នា​ដើម្បី​រក្សា​សុវត្ថិភាព​”​។​

​គួរ​បញ្ជាក់ថា Letts ត្រូវបាន​ចាប់ខ្លួន​ដោយ​កងកម្លាំង​ឃើ​ដ​នៅក្នុង​ប្រទេស​ស៊ី​រី​ហើយ​កំពុង​ជាប់គុក​នៅ​ទីនោះ​បើទោះបីជា​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពីដើម​ឆ្នាំនេះ​ថា គាត់​ចង់​វិលត្រឡប់​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ​ក៏ដោយ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114