ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ឃុំ​លាងដៃ ប្រារព្ធ​ពិធី​សុំ​ទឹកភ្លៀង​ ដែល​ជា​ទំនៀម​ពី​បុរាណ

សៀមរាប ​៖ ​ដូច​សព្វមួយដង ឲ្យ​តែ​មាន​គ្រោះ​រាំង​ស្ងួត ឬ​ខ្សត់​ភ្លៀង អ្នកភូមិ​លាងដៃ​ បាន​កៀរគរ​គ្នា​ដើម្បី​រៀបចំ​ប្រារព្ធ​ពិធី​បួងសួង​សុំ​ទឹកភ្លៀង​នៅ​បរិវេណ​ប្រាសាទ​នាគព័ន្ធ​ ដែល​ជា​ទំនៀម​ពី​បុរាណ ដោយមាន​អ្នកចូលរួម​ប្រមាណ​២០០​អង្គ​/​នាក់។

លោកយាយ ហៃ វឿន វ័យ​៧០​ឆ្នាំ ​ជា​ចាស់​ព្រឹទ្ធាចារ្យ​មួយរូប ដែល​ផ្តើមគំនិត​រៀបចំ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នេះ​បាន​ឲ្យ​ដឹងថា ពិធី​នេះ​ជា​ទំនៀម​អ្នកភូមិ​លាងដៃ ​តែង​ធ្វើ​មិនដែល​រំលង​ឡើយ គឺ​រាល់​ឆ្នាំ​ដែល​ក្រ​មាន​ភ្លៀង ​ឬ​ជាប់​គ្រោះរាំងស្ងួត​ជាដើម​។

លោកយាយ​បន្ថែមថា នៅ​ឆ្នាំនេះ​សង្កេតឃើញថា​មាន​គ្រោះរាំងស្ងួត​ខ្លាំង អ្នកភូមិ​មិន​រំពឹង​ទទួល​បាន​ទឹកភ្លៀង​ច្រើនពេក​ទេ ​បន្ទាប់ពី​រៀបចំ​ពិធី​សុំ​ទឹកភ្លៀង​រួច តែ​យ៉ាងណា​អ្នកភូមិ​នៅតែ​ធ្វើ​ដើម្បី​បន់​អស់​បារមី​ទេវតា​ថែរក្សា​ភព​ផែនដី ឲ្យ​ផ្តល់​ទឹកភ្លៀង​ជួយសង្គ្រោះ​ស្រូវ​ស្រែ ​និង​ជីវិត​សត្វលោក​។​

បារមី​ស័ក្ដិសិទ្ធិ​នៅ​ប្រាសាទនាគព័ន្ធ បានធ្វើ​ឲ្យ​អ្នកភូមិ​នៅ​ទីនោះ​មាន​ជំនឿ​ជា​ខ្លាំង ដោយសារ​រាល់​ពេល​ប្រារព្ធ​ពិធី​សុំ​ទឹកភ្លៀង​ម្ដងៗ គឺ​តែងមាន​ភ្លៀង​ធ្លាក់​រហូត​។

លោកយាយ ហៃ វឿន បញ្ជាក់ថា អំឡុងពេល​កំពុង​បួងសួង​នៅ​ល្ងាច​ថ្ងៃទី​១៣ ស្រាប់​តែមាន​ភ្លៀង​មួយ​មេ​ធ្វើ​ឲ្យ​អ្នកភូមិ​ទទឹកជោក​ខ្លួន​តែម្ដង ​ខណៈដែល​ពេលមុនៗ​ ពុំមាន​ភ្លៀង​សោះ​នោះ​។ លោកយាយ​បន្តថា នៅទីនេះ​ឲ្យ​តែ​បន់ ​គឺ​ដឹង​តែ​បាន​។​ ចំណែក​លោកយាយ ឌួង ឆោម អ្នកដឹកនាំ​រៀបចំ​ពិធី​នេះ​មួយ​ដែរ​នោះបាន​និយាយថា អ្នកភូមិ​មាន​ជំនឿ​នឹង​ពិធី​នេះ​ណាស់ ហើយ​តែង​មិន​សុខ​ស្រណុក​នៅពេល​មិនបាន​ធ្វើ​ពិធី​នេះ​។

លោកយាយ​ថា បុណ្យ​សុំ​ទឹកភ្លៀង​នេះ​មិនមែន​សុំ​តែ​ទឹកភ្លៀង​មួយ​មុខ​ទេ គឺ​ បន់ស្រន់​សុំ​សេចក្ដីសុខ​ជូន​ដល់​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​ផងដែរ​។

ជាមួយគ្នានេះ ក្នុងនាម​ជា​ចាស់ទុំ​មួយ​រូប និង​ជា​អ្នក​ប្រឹងប្រែង​ខំ​ធ្វើ​ពិធី​នេះ​ត​ពី​ដូន​តា​មក លោក​យាយ ឌួង ឆោម ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ បន្ត​ធ្វើ​ពិធី​នេះ​ជាប់​រហូត​ទៅ ត្បិតថា ​ជា​ទំនៀម​ពី​បុរាណ ក៏ដូចជា​អត្ដសញ្ញាណ​មួយ​របស់​អ្នកភូមិ​លាងដៃ​នេះ​ផងដែរ​។ សម្រាប់​ពិធី​នេះដែរ បើតាម​ការពន្យល់​រប​ស់លោក​យាយ ឌួង ឆោម គឺមាន​សារសំខាន់​ណាស់​ដើម្បី​បង្ហាញ​ពី​ស្នា​ដៃដល់​ក្មេងៗ​ជំនាន់​ក្រោយ​ក្នុងការ​អភិរក្ស​ប្រពៃណី​ពី​ដូនតា​ខ្មែរ ក៏ដូចជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​ចង់ដឹង​ចង់​ស្វែងយល់​ក្នុង​ពិធី​នេះ​។​ នៅ​ឆ្នាំនេះ កម្មវិធី​នេះ​ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​១៨ និង​១៩ ខែ​សីហា ដោយ​មាន​អ្នកចូលរួម​ប្រមាណ​២០០​អង្គ​/​នាក់​ផង​ដែរ​៕​

ដោយ​ ៖​ កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114