ព័ត៍មានទាន់​ហេតុការណ៏
Search

សិង្ហបុរី ​នឹង​បង្កើន​ការការពារ​ឆ្នេរ​ប្រឆាំងនឹង​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ

មេដឹកនាំ​សិង្ហ​បុរី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ប្រទេស​នេះ​ត្រូវការ​ថវិកា​យ៉ាងហោចណាស់​៧២​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ប្រព័ន្ធ​ការពារ​ទប់ទល់​នឹង​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​ខណៈ​ប្រទេស​ទាប​មួយ​នេះ​បង្កើន​ការ​ប្រឆាំងនឹង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​។​

លោកនាយក​រដ្ឋមន្ត្រី Lee Hsien Loong បានចាត់ទុក​ការប្រែប្រួល​អាកាសធាតុ​ថា​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​មួយ​សម្រាប់​មនុស្សជាតិ​ហើយ​បាន​និយាយថា ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ទទួលរង​ផលប៉ះពាល់​រួចទៅហើយ​តាមរយៈ​អាកាសធាតុ​ក្តៅ​និង​ព្យុះភ្លៀង​ខ្លាំង​។​

លោក​បាន​ព្រមាន​ថា “​ដោយសារតែ​យើង​ជា​កោះ​ដែលមាន​កម្ពស់​ទាប ប្រទេស​សិង្ហ​បុរី​ងាយ​នឹង​ទទួលរង​នូវ​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ហើយ​ការគំរាមកំហែង​នោះ​គឺជា​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​”​។​

​កាលពីមុន អ្នកធ្វើ​ផែនការ​ទីក្រុង​បាន​តម្រូវ​ឲ្យ​សាងសង់​អគារ​ក្នុង​កម្ពស់​យ៉ាងហោចណាស់​៣​ម៉ែត្រ​ពីលើ​នីវ៉ូទឹក​សមុទ្រ​ដោយ​ទុក​មួយ​ម៉ែត្រ​ទប់ទល់​នឹង​ទឹកជំនន់​បន្ទាប់ពី​មាន​ជំនោរ​ខ្ពស់​។​

​ប៉ុន្តែ​ប្រសិនបើ​កម្ពស់​ទឹកសមុទ្រ​កើនឡើង​មួយ​ម៉ែត្រ​ដោយសារ​ការឡើង​កម្តៅ​ផែនដី​នោះ គ្រឿង​ការពារ​អាច​នឹងត្រូវ​ប៉ះពាល់​នៅពេល​មាន​ភ្លៀង​ធ្លាក់​ស្របពេល​មាន​ជំនោរ​ខ្ពស់​ដែលជា​ហេតុ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​អគារ​ថ្មី​ដែល​ត្រូវ​សាងសង់​៤​ម៉ែត្រ​លើ​កម្ពស់​ទឹកសមុទ្រ​។​

​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ដូចជា​ស្ថានីយ Terminal 5 ថ្មី​របស់​អាកាសយានដ្ឋាន Changi ត្រូវតែ​សាងសង់​ក្នុង​កម្ពស់​៥​ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ​។​

​លោក Lee បានលើកឡើង​ពី​ការរកឃើញ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាកាសធាតុ​សិង្ហ​បុរី​ដែលថា ប្រទេស​នេះ​ងាយ​នឹងរង​គ្រោះ​ដោយ​ការប្រែប្រួល​អាកាសធាតុ​ណាស់​ពីព្រោះ​វា​ស្ថិតនៅ​ជិត​តំបន់​អេក្វាទ័រ​។​

​លោក​និយាយថា វិធានការ​សំខាន់​មួយ​គឺ​ការកសាង​ប្រព័ន្ធ​ការពារ​ឆ្នេរសមុទ្រ​របស់​កោះ​នេះ​។​

​លោក​បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ​ការពារ​ឆ្នេរសមុទ្រ​អាច​នឹងធ្វើ​ឲ្យ​ប្រទេស​នេះ​ត្រូវ​ចំណាយ​ប្រាក់​អស់យ៉ាង​ហោចណាស់​១០០​ពាន់​លាន​ដុល្លារ​សិង្ហ​បុរី (៧២​ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​រយៈពេល​១០០​ឆ្នាំ​ខាងមុខ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114