ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អ្នកជំនាញ​កំពូល​អូស្ត្រាលី​ព្រមាន​ថា អំណាច​អាមេរិក​កំពុង​ធ្លាក់ចុះ​នៅ​តំបន់​ប៉ាស៊ីហ្វិក

ក្រុម​អ្នកជំនាញ​កំពូល​អូស្ត្រាលី​បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​លែង​មាន​អទិភាព​យោធា​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ទៀតហើយ​ហើយ​អាច​ពិបាក​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​ប្រឆាំងនឹង​ចិន​។​

​របាយការណ៍​មួយ​ពី​មជ្ឈមណ្ឌល​សិក្សា​សហរដ្ឋអាមេរិក​នៅ​សាកលវិទ្យាល័យ​ស៊ីដនី​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​បាន​និយាយថា យោធា​អាមេរិក​កំពុង​ធ្លាក់ចុះ​ក្នុង​កម្រិត​ហួសប្រមាណ​ប្រកបដោយ​គ្រោះថ្នាក់​និង​រៀបចំខ្លួន​មិនបាន​ល្អ​សោះ​សម្រាប់​ការប្រឈមមុខ​ជាមួយ​ប្រទេស​ចិន​។​

​បើ​ពិតជា​ត្រឹមត្រូវ​មែន​នោះ ការវាយតម្លៃ​នេះ​នឹងមាន​ផលប៉ះពាល់​ធំធេង​ដល់​សម្ព័ន្ធមិត្ត​អាមេរិក​ដូចជា​អូស្ត្រាលី តៃវ៉ាន់​និង​ជប៉ុន​ជាដើម​ដែល​ពឹង​ផ្អែកលើ​ការធានា​សន្តិសុខ​របស់​អាមេរិក​។​

​ការិយាល័យ​របស់លោក​ប្រធានាធិបតី Donald Trump កំពុងមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​មិនអាច​ការពារ​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​បានទេ​នៅពេល​ប្រឈមមុខ​នឹង​ការឈ្លានពាន​ពី​ប្រទេស​ចិន​។ ប៉ុន្តែ​របាយការណ៍​ចុងក្រោយ​នេះ​បាន​លើកឡើងថា សហរដ្ឋអាមេរិក​អាច​តស៊ូ​ជួយ​បាន​បើសិនជា​ខ្លួន​ចង់​។​

​អ្នកនិពន្ធ​បាន​និយាយថា សង្គ្រាម​រយៈពេល​រាប់​ទសវត្ស​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ការប្រកាន់​បក្សពួក​និង​ការវិនិយោគ​តិចតួច​បា​ន​ធ្វើ​ឲ្យ​បណ្តា​សម្ព័ន្ធមិត្ត​នៅ​តំបន់​ប៉ាស៊ីហ្វិក​ទទួលរង​ឥទ្ធិពល​។​

​ពួកគេ​ព្រមាន​ថា “​ផ្ទុយទៅវិញ ប្រទេស​ចិន​កំពុងមាន​សមត្ថភាព​កាន់តែខ្លាំង​ឡើង​ដើម្បី​ប្រឈម​នឹង​សណ្តាប់ធ្នាប់​ក្នុង​តំបន់​នេះ​ដោយសារតែ​លទ្ធផល​នៃ​ការវិនិយោគ​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន​នៅក្នុង​ប្រព័ន្ធ​យោធា​ជឿនលឿន​” ។​

​នៅក្រោម​ការដឹកនាំ​រប​ស់លោក​ប្រធានាធិបតី Xi Jinping, កញ្ចប់​ថវិកា​ការពារជាតិ​ផ្លូវការ​របស់​ចិន​បាន​កើនឡើង​ប្រហែល​៧៥​ភាគរយ​ដល់​ទៅ​១៧៨​ពាន់​លាន​ដុល្លារ​បើទោះបីជា​តួលេខ​ពិតប្រាកដ​ត្រូវបាន​គេ​ជឿថា​មាន​ច្រើនជាង​នេះ​ក៏ដោយ​។​

​អ្វីដែល​សំខាន់ ក្រុង​ប៉េកាំង​បាន​វិនិយោគ​លើ​កាំជ្រួច​មី​ស៊ី​ល Ballistic ដ៏​ទំនើប​និង​ប្រព័ន្ធ​ប្រឆាំង​អន្តរា​គម​ដែល​នឹង​បង្ក​ការលំបាក​ដល់​យោធា​អាមេរិក​ក្នុងការ​ឈានដល់​តំបន់​ដែល​មានការ​ប្រជែង​គ្នា​ឲ្យ​បាន​ឆាប់រហ័ស​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114