ព័ត៍មានទាន់​ហេតុការណ៏
Search

បាតុករ​ឥណ្ឌូនេស៊ី​ដុតបំផ្លាញ​អគារ​សភា​ក្នុង​តំបន់​ដោយសារតែ​កំហឹង​ជុំវិញ​ការ​ឃុំឃាំង​និស្សិត​ខេត្ត Papua

យោងតាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹងថា ក្រុមអ្នកតវ៉ា​នៅ​ខេត្ត Papua ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ដុត​កង់ឡាន​និង​អគារ​សភា​ក្នុង​តំបន់​មួយ​នៅ​ថ្ងៃ​ចន្ទ​បន្ទាប់ពី​មានការ​ធ្វើបាតុកម្ម​មួយ​ប្រឆាំងនឹង​ការឃុំខ្លួន​និស្សិត​ខេត្ត​Papua ជាច្រើន​នាក់​។​

​ចលនា​បំបែក​ខ្លួន​មួយ​បាន​លេចឡើង​រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ​នៅក្នុង​ខេត្ត Papua ហើយក៏​មានការ​តវ៉ា​ជា​ញឹកញាប់​ផងដែរ​ប្រឆាំង​ការរំលោភ​សិទ្ធិមនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំង​សន្តិសុខ​ឥណ្ឌូនេស៊ី​។​

​ការផ្ទុះ​កំហឹង​ចុងក្រោយ​នេះ​គឺ​បង្កឡើង​ដោយ​ការ​ឃុំឃាំង​និស្សិត Papua ក្នុង​ទីក្រុង Surabaya លើ​កោះ​ជ្វា​ខាងកើត​ដោយសារតែ​ពួកគេ​កាច់​ដងទង់​ជាតិ​នៅមុខ​អន្តេវាសិកដ្ឋាន​មួយ​អំឡុង​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី​១៧​ខែសីហា​។​

​សកម្មជន​ម្នាក់​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ចូលក្នុង​អន្តេវាសិកដ្ឋាន​មុនពេល​ចាប់ខ្លួន​មនុស្ស​ចំនួន​៤៣​នាក់​ហើយ​មន្ត្រី​បាន​ហៅ​និស្សិត​ទាំងនោះ​ថា “​សត្វ​ស្វា​” អំឡុង​ប្រតិបត្តិការ​។​

​អភិបាលរង​ឈ្មោះ Mohamad Lakotani បាន​និយាយថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ក្រុមអ្នកតវ៉ា Papua បាន​ដុតបំផ្លាញ​អគារ​សភា​ក្នុង​តំបន់​មួយ​និង​បាន​បិទផ្លូវ​នានា​ក្នុង​ក្រុង Manokwari ទី​រួម​ខេត្ត West Papua ដោយ​ដុត​សំបក​កង់ឡាន​និង​មែកឈើ​។​

​វីដេអូ​ក្នុង​ទូរទស្សន៍​បានបង្ហាញ​ពី​មនុស្ស​មួយក្រុម​មាន​គ្នា​ប្រមាណ​១៥០​នាក់​កំពុង​ដើរ​ក្បួន​នៅតាម​ដងផ្លូវ​នានា​ក្នុង​ក្រុង Manokwari ព្រមទាំង​វីដេអូ​នៃ​ផ្សែងហុយ​ចេញពី​អគារ​សភា​ផងដែរ​។​

​អភិបាលខេត្ត Papua លោក Lukas Enembe បាន​និយាយថា អ្នក​ខេត្ត Papua មានការ​ខឹងសម្បា​ដោយសារតែ​សម្តី​រើសអើង​ជាតិ​សាសន៍​របស់​ប៉ូលិស យោធា​និង​អ្នក​កោះ​ជ្វា​ខាងកើត​”​។​

​អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​លោក Dedi Prasetyo បាន​និយាយថា បុគ្គលិក​សន្តិសុខ​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114