ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រោយ​ចាក​ចេញពី​ភ្នំពេញ​ក្រោ​ន លោក Luis ចូលរួម​ដឹកនាំ​យុវជន​វិសាខា​

លោក Luis Fernando Vitorino ប្អូនប្រុស​បង្កើត​របស់​លោក Leonardo Vitorino ដែលជា​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បា​នរក​ទ្រនំ​ថ្មី ដើម្បី​បន្ដ​អាជីព​នៅ​កម្ពុជា​បាន​ហើយ គឺ​ក្លឹប​បាល់ទាត់​វិសាខា រូប​នេះ ត្រូវ​បាន​ក្លឹប​ភ្នំពេញ​ក្រោ​ន ប្រកាស​ចែកផ្លូវ​កាលពីដើម​ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្លឹប​កំពុង​ឈរ​លេខ​២ នៃ​លី​គ​កំពូល​កម្ពុជា​នេះ កាលពី​ថ្ងៃ​សៅរ៍​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ការ​នាំចូល​គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ ក្លឹប​បាន​តែង​លោក Fernando គឺជា​គ្រូ​បង្គោល​របស់​ក្រុមយុវជន​អាយុ​ក្រោម ១៥​ឆ្នាំ របស់​ក្លិប​វិសាខា ដែល​ក្លឹប​ទើប​ធ្វើការ​ជ្រើសរើស​សម្រិតសម្រាំង​បាន និង​បង្កើត​កាលពីពេល​ថ្មីៗ​នេះ​។

វិសាខា បាន​បញ្ជាក់​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា «​ក្លិប​បានសម្រេច​តែងតាំង​លោក Luis Fernando Vitorino គឺជា​គ្រូ​បង្គោល​របស់​ក្រុមយុវជន​អាយុ​ក្រោម ១៥​ឆ្នាំ នៃ​ក្លិប​កីឡាបាល់ទាត់​វិសាខា ជា​ផ្លូវការ​ចាប់ពីពេលនេះ​តទៅ​។ សូម​ស្វាគមន៍ វត្តមាន​លោក Luis Fernando Vitorino ដែល​គ្រូ​បង្វឹក​កម្រិត B-License ដើម្បី​រួមចំណែក​ដឹកនាំ និង​អភិវឌ្ឍន៍​បាល់ទាត់​ថ្នាល​របស់​ក្លិប​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​» ។

សូម​រំលឹកថា មុន​ចូល​វិសាខា លោក Fernando បាន​ឈាន​ជើង​មក​ប្រឡូក​អាជីព​គ្រូបង្វឹក​នៅ​កម្ពុ​ជា កាលពី​ឆ្នាំ​២០១៧ ជាមួយ​បងប្រុស Leonardo ក្នុងនាម​ជា​គ្រូ​អ្នកចាំទី ក្រុម​ជម្រើសជាតិ​កម្ពុជា។ ប៉ុន្តែ​ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បញ្ចប់​កុងត្រា​ក្នុង​ឆ្នាំ​ដដែល​ដំណាល​គ្នា​ជាមួយ​បងប្រុស បុរស​ប្រេ​ស៊ី​ល​រូបនេះ បាន​ទំនេរ​ពី​ការងារ​មួយរយៈ មុននឹង​នៅ​ខែមេសា ឆ្នាំ​២០១៨ ចូលធ្វើការ​ជាមួយ​ក្រុមយុវជន​ថ្នាល​ភ្នំពេញ​ក្រោ​ន ហើយ​ត្រូវ​ក្លិប​ដំឡើង​ជា​គ្រូ​អ្នកចាំទី​ក្រុម​ធំ នៅ​ដើមឆ្នាំ​២០១៩ ហើយ​ត្រូវ​ភ្នំពេញ​ក្រោ​ន ប្រកាស​បញ្ចប់​កុងត្រា កាលពីដើម​ខែសីហា​ថ្មីៗ ក្រោយ​មានការ​ព្រមព្រៀង​ទាំងសងខាង​។

លោក​គឺ​បុគ្គល​ចំណូល​ថ្មី​ ដែល​ក្លិប​ត្រូវបាន​គេ​ចាត់ទុកថា​ ជា​ក្លិប​អ្នកមាន​ក្នុង​លី​គ​កំពូល​កម្ពុជា មួយ​នេះ​បន្ថែម​នៅ​ជើង​ទី​២ ទោះបីជា​ដឹកនាំ​នៅ​ថ្នាល​យុវជន​ក៏ដោយ ថ្មីៗ​នេះ​ក្លិប​ទើបតែ​បញ្ចប់​តួនាទី​គ្រូបង្វឹក លោក ហុក សុ​ជីវន្ត កាលពី​ចុងខែ​មេសា កន្លងទៅ​ថ្មីៗ​ក្រោយ​ដឹកនាំ​ក្រុម​ពុំ​ទទួលបាន​ជោគជ័យ និង​ថ្មីៗ​នេះ យុវជន​អ្នកចាំទី​មួយរូប គឺ​កីឡាករ គង់ ពី​ឡុ​ត​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114