ព័ត៍មានទាន់​ហេតុការណ៏
Search

ស្នងការ​ខេត្តសៀមរាប នាំ​យក​ថវិកា របស់​លោក​នេ​ត សាវឿន ឧបត្ថម្ភ ដល់​ក្រុមគ្រួសារ​នគរបាល​រង​របួស

សៀមរាប ​៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត​នៅ​ថ្ងៃទី​១៩​ ខែសីហា​ ឆ្នាំ២០១៩​នេះ បាន​ដឹកនាំ​កម្លាំង នាំយក​ថវិកា ឧបត្ថម្ភ របស់​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចំនួន ៣,០០០,០០០ រៀល និង​ថវិកា​ឧបត្ថម្ភ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចំនួន ២,៩៣០,០០០​រៀល និង​៧៩០​ដុល្លារ​អាមេរិក ជូន​ដល់​ក្រុមគ្រួសារ​លោក​អនុសេនីយ៍ឯក ហួត មុនី​ពិសាខ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក៏បាន​ណែនាំ ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ចាត់ទុកថា នេះ​ជាការ​លះបង់​របស់​មន្ដ្រី​នគរបាល​គំរូ​ម្នាក់ ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដោយ​មិន​ខ្លាច​គ្រោះថ្នាក់​ដល់​ខ្លួនឯង​នោះ​ឡើយ​។ ព្រមទាំង​ជូនពរ ដល់​មន្ដ្រី​នគរបាល​ដែល​រងគ្រោះថ្នាក់ ឆាប់​ជាសះស្បើយ និង​មាន​សុខភាព​ល្អ ដើម្បី​បន្ដ​ការងារ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​។

សូមបញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ វេលា ម៉ោង ១៣​និង​១៥​នាទី នៅ​ចំណុច​ក្រុមទី​​១១ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ករណី​ផ្ទុះ​កន្លែង​បញ្ចូល​ហ្គាស​២៤​ម៉ោង បណ្ដាល​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ករ​ឲ្យ​មាន​អ្នករបួសធ្ងន់​ស្រាល​ជាង​១០​នាក់​។ ក្នុងនោះ​លោក​អនុសេនីយ៍ឯក ហួត មុនី​ពិសាខ នាយរង​ផ្នែក​អន្តរាគមន៍ នៃ​ការិយាល័យ​នគរបាល​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ត្រូវបាន​ភ្លើង​ឆាបឆេះ​រោលរាល​ពេញ​ខ្លួនប្រាណ ខណៈពេល​លោក​កំពុង​ចុះជួយ​អន្តរាគមន៍ បញ្ចៀស​ប្រជាពលរដ្ឋ​ចេញពី​កន្លែងកើតហេតុ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114