ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប Terengganu របស់ ធា​រ៊ី ចន្ថា​ប៊ី​ន កាន់តែ​កក់ក្ដៅ​ធានា​កៅអី​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​នៃ​ពាន Malaysia Cup 2019 ទោះបី​មិនមាន​វត្តមាន​ខ្លួន

ការប្រកួត​ទី​បី​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់​លំដាប់​ទី​៣ របស់​ម៉ាឡេស៊ី គឺ​ពាន Malaysia Cup ប្រចាំឆ្នាំ ២០១៩ បានបញ្ចប់​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី​១៧ ខែសីហា ដោយមាន ៨​គូ​ធ្វើការ​ប្រកួត​តទល់​គ្នា​ក្នុង ៤​ពូ​ល ហើយ​ក្នុងនោះ Terengganu FC ដណ្តើមបាន​ជ័យជម្នះ​លើ​ក្រុម Negeri Sembilan ក្នុង​លទ្ធផល ៣ ទល់នឹង ១​។

លទ្ធផល​នេះ បាន​នាំ​ឲ្យ​ពួកគេ​ឈរ​កំពូល​តារាង មាន​៩​ពិន្ទុ ដាច់​ពី​ក្រុម​តាម​ពីក្រោយ ៥​ពិន្ទុ បន្ទាប់ពី​ឈ្នះ PKNS ៣ ទល់នឹង ១ នៅ​ប្រកួត​បើកឆាក និង​ឈ្នះ Kedah ២-០ នៅ​ប្រកួត​ទី​២​។ ៣ គ្រាប់​របស់ Terengganu រកបាន​ដោយ​កីឡាករ Tchetche ៣​គ្រាប់​ម្នាក់ឯង​តែម្ដង នៅ​នាទី​៤២, ៥៧ និង​៨៧​។

គួរ​រំលឹក​ថា ការប្រកួត​គឺ​នៅសល់ ៣​ប្រកួត​ទៀត ដើម្បី​ស្វែងរក​ក្រុម​ដែលមាន​សិទ្ធិ​បន្ត​ទៅ​កាន់​វគ្គ ៨​ក្រុម​ចុងក្រោយ ដោយ​ជ្រើស​យក​ក្រុម​លេខ ១​កំពូល​តារាង​នីមួយៗ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​២​។ Terengganu FC នឹងត្រូវ​ជួប Negeri Sembilan ជាថ្មី​ម្ដងទៀត​ក្នុង​ប្រកួត​ទី​៤ នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ២០១៩ ហើយ​អាចជា​ប្រកួត​សម្រេច​ជោគវាសនា​ឡើងទៅ​វគ្គ​បន្ត​ផង​ដែរ បើសិនជា​ទទួល​ជ័យជម្នះ​។

ក្រ​ឡែក​ទៅ​និយាយ​អំពី​កីឡាករ​ជម្រើសជាតិ​កម្ពុជា ជា​រី ចន្ថា​ប៊ី​ន វិញ នៅតែ​ពុំ​មានឱកាស​បង្ហាញខ្លួន​ឲ្យ​ក្លិប​ឡើយ​ក្នុង ៣​ប្រកួត​កន្លង​មក​នេះ ពោល​គឺ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ប្រកួត និង​នៅ​កៅអី​បម្រុង​ដូចគ្នា ដោយ​លេច​ឃើញ​រូបគេ តែ​នៅក្នុង​សកម្មភាព​ហ្វឹកហាត់​ប្រចាំថ្ងៃ​របស់​ក្លិប​តែប៉ុណ្ណោះ​។ គេ​មិនទាន់​ដឹងថា តើ​មូល​ហេតុអ្វី ទើបបានជា​ខ្សែបម្រើ​កម្ពុជា​រូបនេះ មិនសូវ​ទទួលបាន​ឱកាស​លេង​ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​។

គួរ​ឲ្យ​ដឹង​ថា ជា​រី បាន​ទៅ​ចូលរួម​ជាមួយ Terengganu FC កាលពី​ចុងឆ្នាំ​២០១៧ ដោយ​រួមរស់​ជាមួយ​ក្លិប​ចំនួន ២​រដូវ​កាល​ហើយ និង​ជួយ​ឲ្យ​ក្លិប​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Malaysia Cup កាលពី​ឆ្នាំ​២០១៨​កន្លងទៅ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114