ព័ត៍មានទាន់​ហេតុការណ៏
Search

CNCC ចែក​ពានរង្វាន់​គ្រូបង្វឹក និង​កីឡាករ​ល្អ​ជាងគេ​ប្រចាំ​ខែកក្កដា ក្នុង​ប្រកួត​សប្តាហ៍​ទី​២០

​កាលពី​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា ឆ្នាំ ២០១៩​ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា បាន​ចែក​ពានរង្វាន់​ជូន​ទៅដល់​គ្រូបង្វឹក និង​កីឡាករ​ល្អ​ជាងគេ​ប្រចាំ​ខែកក្កដា ក្នុង​ឆ្នាំ ២០១៩​នេះ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ ក្នុងជំនួប​រវាង​បឹងកេត ទល់នឹង វិសាខា។

តាម​លទ្ធផល​ដែល​បាន​បង្ហាញ​ចេញ គឺ លោកគ្រូ AKEEB TUNJI AYIYONKA គ្រូបង្វឹក​របស់​ក្លិប​វិសាខា ជា​គ្រូបង្វឹក​ដឹកនាំ​ការប្រកួត​ល្អ​ជាងគេ​ប្រចាំ​ខែកក្កដា ក្នុង​ឆ្នាំ​២០១៩​នេះ ខណៈដែល​កីឡាករ ចាន់ វឌ្ឍនាកា របស់​ក្លិប​បាល់ទាត់ បឹងកេត ទទួលបាន​ពានរង្វាន់​កីឡាករ​ល្អ​ជាងគេ​ប្រចាំ ខែកក្កដា។

​គ្រូ​បង្វឹក​របស់​វិសាខា ដែល​ក្នុងនាម​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន ដឹកនាំ​ក្លិប​មិនទាន់​ស្គាល់​បរាជ័យ​នោះឡើយ​ក្នុង​ជុំ​ទី​ពីរ​នេះ ដោយ​ក្នុងនោះ ចន្លោះ​នៃ​ការប្រកួត​លី​គ​ក្នុង​ខែកក្កដា ៤​ប្រកួត​ឈ្នះ​ទាំង ៤​ប្រកួត ។ វឌ្ឍនាកា វិញ ក្រោយ​ត្រឡប់មក​ចូលរួម​ជាមួយ​ក្លិប​ចាស់​ខ្លួន បឹងកេត គឺ​តែងតែ​រក​គ្រាប់​បាល់​ក្លិប​បានជា​និច្ច ក្នុង​ខែកក្កដា​កន្លងទៅ ដោយ​ក្នុងនោះ ២​គ្រាប់ ទល់នឹង ភ្នំពេញ​ក្រោ​ន ១​គ្រាប់​ទល់នឹង អគ្គិសនី​កម្ពុជា និង ១​គ្រាប់​ទៀត ទល់នឹង អង្គ​រថា​យ​ហ្គឺ​រ ព្រមទាំង​ជួយ​ក្លិប​ពុំទាន់​ស្គាល់​បរាជ័យ​ក្នុង​ជើង​ទី​២​នេះ​នៅឡើយ​។

ចំពោះ​ចំណាប់អារម្មណ៍​ដែល​ទទួលបាន​ពានរង្វាន់​ជា​កីឡាករ​ឆ្នើម​ប្រចាំខែ​កក្កដា​នេះ វឌ្ឍនាកា បាន​សម្តែង​អារម្មណ៍​របស់​ខ្លួន​ថា “ គ្រប់យ៉ាង​ដែល​ខ្ញុំ​ទទួលបាន​គឺ​មិនមែន​កើត​ចេញពី​ការ​ខំប្រឹង​តែ​ម្នាក់​ឯង​ទេ គឺ​កើតចេញ​ពី​ការ​ជួយ​ពី​ក្រុម​ទាំងមូល ហើយ​ខ្ញុំ​នឹង​ខំប្រឹង​បន្តទៀត ដើម្បី​ឲ្យ​បឹងកេត ទទួលបាន​លទ្ធផល​ល្អ​ជាង​នេះ “។

​គួររំលឹកថា នៅក្នុង​ការប្រកួត​រវាង បឹងកេត ទល់នឹង​វិសាខា គឺ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ស្មើគ្នា ១ ទល់នឹង ១ ដែល​ក្នុង​នោះ​កីឡាករ Julius រក​គ្រាប់​នាំមុខ​ឲ្យ​បឹងកេត នៅ​នាទី ២៦ តែ​ត្រូវ​កីឡាករ Da Cruz របស់​វិសាខា តែ​តចូល ១​គ្រាប់​វិញ​នៅ​ចុង​វគ្គ​ទី​១៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114