ព័ត៍មានទាន់​ហេតុការណ៏
Search

សាលាដំបូង​ខេត្តមណ្ឌលគិរី កោះហៅ​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​មួយរូប ដើម្បី​បំភ្លឺ​ករណី​ផ្តល់​ដី​ប្រគល់​ដី​ប្រមាណ​ជិត​៨០០០​ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ

ភ្នំពេញ​ ៖ អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​កោះហៅ​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​មួយរូប ដើម្បី​បំភ្លឺ​ករណី​ផ្តល់​ការអនុញ្ញាត​ដី​ចំនួន​៧៧៤១​ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន យ៉​ញ​-​ស្តុក ខម​ភេ​នី លី​មី​ធី​ត នៅក្នុង​ខេត្តមណ្ឌលគិរី នេះ​បើតាម​លិខិត​ចុះហត្ថលេខា​ដោយ​លោក ហៀង សុភ​ក្ត្រ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩​។

តាម​លិខិត​នោះ បាន​កោះហៅ​លោក ឡោ រស្មី ជា​អនុរដ្ឋលេខាធិការ​ក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ទៅកាន់​អយ្យការ​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ដើម្បី​សាកសួរ​ពី​រឿង “​ពាក់ព័ន្ធ​ករ​ណី​ការ​ផ្តល់​ការអនុញ្ញាត ជំហាន​ទី​១​ចំនួន​១.០០០​ហិកតា ក្នុង​អនុតំបន់ I , អនុតំបន់ II ចំនួន​២០០០​ហិកតា​, អនុតំបន់ III ចំនួន​២០០០​ហិកតា​, អនុតំបន់ IV ចំនួន​២០០០ ហិកតា និង​អនុតំបន់ V ចំនួន​២៧៤១​ហិកតា របស់​ក្រុមហ៊ុន​ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន យ៉​ញ​-​ស្តុក ខម​ភេ​នី លី​មី​ធី​ត នៅក្នុង​ខេត្តមណ្ឌលគិរី។

ទាក់ទង​បញ្ហា​នេះ កម្ពុជា​ថ្មី​នៅ​មិនទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​ពី​លោក ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រ​សួ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​នៅឡើយ​ទេ​។

តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បានបញ្ជាក់​ថា ការឈាន​ទៅដល់​ការកោះហៅ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ភាគ​ឦសាន ហើយ​បាន​ឈាន​ទៅ​ចាប់ និង​ឃុំខ្លួន​មន្ត្រី​ពាក់ព័ន្ធ និង​មេ​ឈ្មួញ​ឈើ​មួយ​ចំនួន ហើយ​ថ្មីៗ​នេះ​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្តមណ្ឌលគិរី បាន​កោះហៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ថៅកែ​ជនជាតិ​ចិន និង​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ប្រមាណ​២០​នាក់​ទៀត ឲ្យ​ចូល​ខ្លួន​បំភ្លឺ ហើយ​ក្នុងចំណោម​នោះ ក៏​មាន​លោក ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រ​សួ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មួយរូប​ផងដែរ​។

ទាក់ទង​បញ្ហាដីធ្លី​នេះដែរ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បានសម្រេច​ដក​ដី​ជិត​១០០០ ហិកតា ពី​លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ម្នា​ក់មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ក្រោយពី​រកឃើញថា ដី​នោះ​ស្ថិតនៅក្នុង​ដែន​អភិរក្ស​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​។

អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក សេង សុវណ្ណារ៉ា គឺជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តមណ្ឌលគិរី ប៉ុន្តែ​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​ប្ដូរ​លោក សេង សុវណ្ណារ៉ា ចេញពី​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តមណ្ឌលគិរី ហើយ​ដាក់ជំនួស​ដោយ​លោក មាស ប្រុស ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្តមណ្ឌលគិរី​ជំនួស​វិញ​។

កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំ​អ៊ាង បានចេញ​លិខិត​ឱ្យ​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​លោក សេង សុវណ្ណារ៉ា កាន់កាប់​ដីធ្លី​ទំហំ​ជិត​១​ពាន់ ហិកតា​ស្ថិតនៅ​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ស្របទៅតាម​ច្បាប់ ប៉ុន្តែ​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ លោក ស្វាយ សំ​អ៊ាង បានចេញ​លិខិត​បដិសេធ​ទទួលស្គាល់​លិខិត​ដែល​អាជ្ញាធរខេត្ត​បានចេញ​នោះ​វិញ ដែល​ការបដិសេធ​នោះ ក្រោយពី​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​រកឃើញថា ដី​ទំហំ​ជិត​១​ពាន់​ហិកតា ដែល​អាជ្ញាធរ​ខេត្ត​បាន​ចេញ​លិខិត​ឱ្យ​លោក សេង សុវណ្ណារ៉ា កាន់កាប់​នោះ ស្ថិតនៅក្នុង​ដែន​អភិរក្ស​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114