ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ថៃ​បដិសេធ​ការ​ទាមទារ​របស់​ក្រុម​បះបោរ​មូស្លីម​ ដែល​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ

កាលពី​ថ្ងៃ​ចន្ទ ឧបនាយករដ្ឋមន្ត្រី​ថៃ​មួយរូប​បាន​ច្រានចោល​នូវ​ការ​ទាមទារ​របស់​ក្រុម​មូស្លីម​ម៉ា​ឡេ​ដែល​ឲ្យ​ដោះលែង​អ្នក​ដែល​ត្រូវបាន​ឃុំឃាំង​ដោយសារ​ជាប់ទាក់ទង​នឹង​ការបះបោរ​អូសបន្លាយ​ពេល​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​ដើម្បី​ជា​លក្ខខណ្ឌ​សម្រាប់​ការចរចា​ជា​ផ្លូវការ។

​មន្ត្រី​នៃ​ក្រុម Barisan Revolusi Nasional (BRN) បាន​ជួប​ជាមួយ​គណៈប្រតិភូ​ថៃ​នៅ​ទីតាំង​មិន​បញ្ជា​ក់មួយ​ក្នុងប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​កាលពី​ថ្ងៃ​សុក្រ​និង​បានទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នកទោស​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មេដឹកនាំ​របស់​ក្រុម​នេះ​នៅក្នុង​បទសម្ភាសន៍​ដ៏​កម្រ​មួយ​ជាមួយ​រ៉​យ​ទ័​រ​។​

​ការបះបោរ​នៅក្នុង​តំបន់​និយាយ​ភាសា​ម៉ា​ឡេ​នៃ​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ភាគច្រើន​មួយ​នេះ​បានសម្លាប់​មនុស្ស​ប្រមាណ​៧,០០០​នាក់​ក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លងមកនេះ​។​

​នៅពេល​ត្រូវបាន​សាកសួរ​អំពី​តម្រូវការ​របស់ BRN, ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក Prawit Wongsuwan បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា “​តើ​អ្នក​អាច​និយាយ​ដូចនេះ​បាន​យ៉ាងម៉េច​ទៅ​? អ្វីៗ​ទាំងអស់​ត្រូវតែ​អនុវត្តតាម​នីតិវិធីតុលាកា​រ​”​។​

BRN ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​បើក​ការស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​មួយ​ផងដែរ​ចូលទៅក្នុង​ការរំលោភបំពាន​ដោយ​កងកម្លាំង​សន្តិសុខ​បន្ទាប់ពី​មានការ​ចោទប្រកាន់ថា បុរស​ម្នាក់​មកពី​ភាគខាងត្បូង​ឈ្មោះ Abdullah Isamusa អាយុ​៣២​ឆ្នាំ​បាន​សន្លប់​បាត់ស្មារតី​បន្ទាប់ពី​ត្រូវបាន​សួរចម្លើយ​ដោយ​យោធា​។

កងទ័ព​បាន​និយាយថា អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​អំពី​ការចោទប្រកាន់​នេះហើយ​រហូតមក​ដល់ពេលនេះ​មិនមាន​ភស្តុតាង​ណាមួយ​បញ្ជាក់​អំពី​ការធ្វើ​ទារុណកម្ម​ទេ​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114