ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​អះអាង​ថា ​ដំណើរការ​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ទី​១​មាន​បេក្ខជន​អវត្តមាន​ជិត​២​ពាន់​នាក់​

*​មាន​បេក្ខជន​២​រូប​ត្រូវ​បាន​ក្រសួង​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យ ប្រវត្តិ​ដោយសារ​យក​សំណៅ​ឯកសារ​និង​ទូរស័ព្ទ​ចូល​បន្ទប់​ប្រឡង
ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​ថា ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ ​បាក់​ឌុប​នៅ​ថ្ងៃទី​១​មាន​បេក្ខជន​អវត្តមាន​សរុប ចំនួន ១៧៤៥​នាក់ (១.៤៩%) ស្រី ៦៧៨ នាក់​ក្នុងចំណោម​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ១១៧ ០៤៣​នាក់ ស្រី ៦០៤២៧ នាក់។

លោក រស់ ​សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ប្រាប់​កម្ពុ​ជាថ្មី​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩​សីហា​ថា​ នៅ​ក្នុង​ថ្ងៃ​ប្រឡង​ទី​១​នេះ​ដែរ ​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន ចំនួន ៤៣​ករណី​ប៉ុន្តែ អាច ដំណើរការ​ប្រឡង​បន្ត​ទៀតបាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម​។ មានតែ បេក្ខជន ០១​រូប​ប៉ុណ្ណោះ ដែល មាន បញ្ហា សុខភាព ធ្ងន់ធ្ងរ ដែល​មិន​អាច​បន្ត ការ​ប្រឡង​បាន។

លោក​បាន​បន្ត​ទៀត​ថា ​ចំពោះ​ដំណើរការប្រឡង​វិញ​ប្រព្រឹត្តិទៅបាន​ល្អ និង ដោយ​រលូន​ដោយ មិន មាន បាតុភាព មិន ប្រក្រតី​ធំ ដុំ កើត ឡើង គួរ ឲ្យ​កត់សម្គាល់​ឡើយ ដោយសារ បេក្ខជន គោរព តាម បទ​ប្បញ្ញា​ត្តិ ដែល ក្រសួង បាន ដាក់ចេញ។

ចំណែកមន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់ អនុវត្តការងារប្រកបរដោយការទទួលខុសត្រូវខ្ពស់ និង គោរព តាម កម្រង​ភារកិច្ច និង សេចក្ដីណែនាំ បច្ចេកទេស​របស់ ក្រសួង អប់រំ យុវជន និង កីឡា និង ដោយ មាន កិច្ចសហការ​ យ៉ាង ជិតស្និទ្ធ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពី អាជ្ញាធរ​គ្រប់ លំដាប់ ថ្នាក់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធមន្ដ្រី សុខាភិបាល កង កម្លាំង ប្រដាប់ អាវុធ គ្រប់​ប្រភេទ អង្គភាព ប្រឆាំង អំពើ ពុករលួយ និង សហភាព​សហព័ន្ធ យុវជន កម្ពុជា​។

លោក​បាន​បន្ថែមទៀតថា​ នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ មាន ភាពស្ងប់ស្ងាត់ របៀបរៀបរយ និង សណ្ដាប់ធ្នាប់ ល្អ​។ ដំណើរការ សំណេរ នៅ តាម មណ្ឌល នីមួយៗ​ប្រព្រឹត្ត ទៅ បាន យ៉ាង ល្អ ប្រសើរ ដោយសារ មានការ​បំពេញ ការងារ​ប្រកប ដោយ ការ យកចិត្តទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី គណៈ មេ​ប្រយោគ ទូទាំង ប្រទេស គណៈ​អប្បមាទ​ទូទាំងប្រទេស ប្រចាំ មណ្ឌល ជំនួយការ អប្បមាទ​ទូទាំងប្រទេស ប្រធាន អនុ ប្រធាន​មណ្ឌល ប្រឡង គណៈកម្មការ កណ្ដាល គណៈកម្មការ ត្រួត ពិនិត្យ អគារ និង គណៈកម្មការ​អនុរក្ស​។

អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់ថា ​ជា​រួម​បេក្ខជន បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ និង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ កិច្ចការ ទៅ តាម សមត្ថភាព របស់​ខ្លួន​រៀងៗ​ខ្លួន ដោយ មិន យក សំណៅ​ឯកសារ ទូរស័ព្ទដៃ ឬ ឧបករណ៍ អេឡិចត្រូនិក ចូល ក្នុង មណ្ឌល​ប្រឡង ឡើយ​ពោល​គឺ​មាន បេក្ខជន​តែ​០១​រូប ប៉ុណ្ណោះ ដែល​បាន យកសំណៅ​ឯកសារ ចូល​បន្ទប់​ប្រឡង និង មាន បេក្ខជន មួយ រូប ទៀត បាន យក ទូរ​សព្ទ ដៃ ចូល ក្នុង បន្ទប់ ប្រឡង​។ ដូច្នេះ ក្រសួង នឹង អនុវត្ត យ៉ាង ម៉ឺងម៉ាត់ នូវ បទ​ប្បញ្ញត្តិ និង​កម្រិត វិន័យ ចំពោះ បេក្ខជន ទាំងពីរ រូបនេះ ដោយ កំណត់ ឱ្យ ធ្លាក់ ជា ស្វ័យ ប្រវត្តិ​តែម្តង​។

ថ្លែង​ក្រោយ​ចូលរួម​កាត់​វិញ្ញាសា​ប្រឡង​បាក់​ឌុប​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្ថិ ​កាលពី​ព្រឹក​ថ្ងៃទី​១៩​សីហា​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​មានប្រសាសន៍ថា​ ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ក្រសួង​បាន​ដាក់​ពង្រាយ​ជំនួយការ​អប្បមាទ​ជាង​២​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​ដើម្បី​ត្រួត​ពិនិត្យមើល​នៅ​តាម​បន្ទប់​ប្រឡង​ព្រោះថា​ជំនួយការ​អប្បមាទ​នេះ​មាន​តួនាទី​ជា​សេនាធិការ​ឲ្យ​ប្រធាន​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស​ប្រចាំ​មណ្ឌល​សំណេរ​លើ​ការត្រួតពិនិត្យ​និង​សង្កេត​ដំណើរ​ការ​ប្រឡង​ប្រចាំ​មណ្ឌល​ដោយ​ជំនួយការ​អប្បមាទ​ចំនួន​ម្នាក់​សម្រាប់​ទទួលខុស​ត្រូវ​២​បន្ទប់​ប្រឡង​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ជំនួយការ​អប្បមាទ​នេះ​ត្រូវបាន​ជ្រើសរើស​ចេញពី​គរុ​សិស្ស និង​គរុ​និស្សិត​
​ដែលមាន​ភាព​ហ្មត់ចត់​ភាពស្មោះត្រង់ សុចរិត​ភាព ស្នាដៃ​ល្អ​និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​យកមក​បណ្តុះបណ្តាល​ដើម្បី​ឲ្យ​ពួកគាត់​មាន​សមត្ថភាព​ពេញលេញ​សម្រាប់​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​នៅតាម​បន្ទប់​ប្រឡង​នានា​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​ ការដាក់​ពង្រាយ​ជំនួយការ​អប្បមាទ​នៅ​ទូទាំងប្រទេស​នេ​ដោយសារតែ​នៅ​ឆ្នាំនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​ពង្រាយ​អ្នកសង្កេតការណ៍​ដូច​ឆ្នាំមុនៗ​ទៀត​ទេ​តែ​នៅ​បន្ត​ដាក់​តំណាង​របស់ខ្លួន​ក្នុង​១​ខេត្ត​ម្នាក់​ដើម្បី​ទទួល​ពាក្យបណ្តឹង​នានា​ក្នុងករណី​មានការ​សូកប៉ាន់​លុយកាក់​និង​អំពើពុករលួយ​ផ្សេងៗ​ដែល​កើតឡើង​ក្នុងកំឡុងពេល​ប្រឡង។

លោក ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​ ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ​បាន​បង្កើន​ការ​ដាក់​ពង្រាយ​កងកម្លាំង​សមត្ថកិច្ច​បន្ថែម​ដើម្បី​ជួយ​ថែរក្សា​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​នៅ​ខាងក្រៅ​មណ្ឌល​ប្រឡង​ដោយសារតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​ដាក់​អ្នកសង្កេតការណ៍​។

ព្រះ​តេជគុណ ណាត រតនា បេក្ខជន​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​បាក់​ទូក​បាន​មាន​សង្ឃដីកា​ថា​ ដំណើរការ​នៃ​ការប្រឡង​នៅតែមាន​ការតឹងតែង​ដូច​រាល់​ឆ្នាំ​ដែរ ​បើ​ទោះ​បី​ជា​ឆ្នាំនេះ​មិនមាន​អ្នកសង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏ដោយ​ពោល​គឺ​មានការ​ត្រួត​ពិនិត្យ​មើល​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​ជំនួយការ​អប្បមាទ​ ដែល​ក្រសួង​អប់រំ​បាន​ជ្រើសរើស​សម្រាប់​ដាក់​ឃ្លាំមើល​នៅតាម​បន្ទប់​ប្រឡង​នីមួយៗ​។

ព្រះ​តេជគុណ​បានស្នើ​ឲ្យ​ក្រសួង​អប់រំ​ គួរតែ​រឹត​បន្តឹង​ការ​ប្រឡង​ដូច​រាល់​ឆ្នាំ​ ដើម្បី​អាច​ជ្រើសរើស​បាន​បេក្ខជន​ប្រឡង​ ដែល​មាន​គុណភាព​ ដែល​ពួកគេ​ជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​។

ចំណែក​ប្អូនស្រី ស៊ុន សម្ផស្ស បេក្ខជន​ប្រឡង​នៅ​វិទ្យាល័យ​បាក់​ទូក​ដែរ​នោះបាន​លើកឡើងថា​ការប្រឡង​ឆ្នាំនេះ​ បើ​ទោះ​បី​ជា​មិន​មាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏ដោយ​ក៏​ការ​រឹត​បន្តឹង​ការប្រឡង​នៅមាន​ដូច​រាល់​ឆ្នាំ​ពោលគឺ​មានការ​ត្រួតពិនិត្យ​តាំងពី​ច្រកចូល​មណ្ឌល​ប្រ​ឡង​រហូតដល់​បន្ទប់​ប្រឡង​គឺ​បេក្ខជន​អាច​ត្រឹមតែ​យក​ប៊ិច​និង​បន្ទាត់​ចូល​ប៉ុណ្ណោះ​។​ចំណែក​សំណៅ​ឯកសា​ផ្សេងៗ​មិនអាច​យក​ចូល​បានឡើយ​ហើយ​នៅ​ខាងក្នុង​បន្ទប់​ប្រឡង​បេក្ខជន​ក៏​មិនអាច​ងាក​ឬ​កេះ​គ្នា​បា​ដែរ​។

គួរ​បញ្ជាក់​ថា ​ការ​ប្រឡង​បាក់​ឌុប​ដែលមាន​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៩​និង​២០​ខែសីហា​នេះ​មាន​មណ្ឌល​ប្រឡង​សរុប ២០២ មណ្ឌល ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ ៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១២៧ មណ្ឌល​មាន​៤៧២៥ បន្ទប់ ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៧០២៤ នាក់ ស្រី​៦០៤២១​នាក់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៤៤៦៨៣​នាក់ ស្រី​២៥២៨៥​នាក់ មាន​១៨១០​បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៧២៣៤១​នាក់ ស្រី​៣៥១៣៦​នាក់ មាន​២៩១៥​បន្ទប់​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114