ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ចុះ​ស្រាវជ្រាវ​ករណី​ស្ត្រី​ម្នាក់​ប្តឹង​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្តី​របស់ខ្លួន​នោះ​ហើយ​

ភ្នំពេញ ​៖ លោក​ឧ​ត្ត​ម​សេនី​យ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​អះអាងថា ករណី​ស្ត្រី​ម្នាក់​ប្តឹង​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្តី​របស់ខ្លួន​នោះ នាយ​ខត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​ចុះ​ស្រាវជ្រាវ​ហើយ​។

លោក​ឧ​ត្ត​ម​សេនី​យ៍​ត្រី អេង ហ៊ី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ផ្លូវការ​របស់ខ្លួន​ថា “​ខ្ញុំបាទ ឧ​ត្តមសេនីយ៍​ត្រី អេង ហ៊ី សូម​ជម្រាប​ជូន​បងប្អូន​សាធារណជន​ទាំងអស់​ជ្រាប​ថា ពាក់ព័ន្ធ​នឹង​រឿងហេតុ​នៅ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជា​ឲ្យ​រៀបចំ​គណៈកម្មការ​ចំពោះ​កិច្ច​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ហើយ​”​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ ស្ត្រី​ម្នាក់​ឈ្មោះ ប៊ុត កញ្ញា អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​ទួត ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​អះអាងថា ជា​ភរិយា​លោក​វរសេនីយ៍ត្រី ថង សាម៉ន ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​យកពាក្យ​បណ្តឹង​ដាក់​ជូន​នាយ​ខត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជួយ​រក​យុត្តិធម៌​ជូន​ប្តី​របស់ខ្លួន ដោយ​អះអាងថា ប្តី​របស់ខ្លួន​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដក​បញ្ឈរជើង និង​ចាប់​ឃុំ ឈានដល់​បញ្ជូន​ទៅ​សាលាដំបូង​ឃុំខ្លួន​បណ្តោះអាសន្ន​យ៉ាង​អយុត្តិធម៌។

តាម​ពាក្យបណ្តឹង​បាន​រៀបរាប់​ថា “​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ គ្រួសារ​នាង​ខ្ញុំ​ត្រូវបាន​ថ្នាក់ដឹកនាំ​តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ក្នុង​កំឡុង​ឆ្នាំ​២០១៥ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី បាន​ដឹក​មក​បញ្ឈរជើង នៅ​ទីបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​អស់​រយៈពេល​ជិត​៥​ឆ្នាំ ដោយ​ចោទប្រកាន់ (​មិន​គោរព​បទ​បញ្ញា​) ។ ដោយ​កាលនោះ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី មេបញ្ជាការ​ខេត្ត ឲ្យ​លោកនាយ​សេនាធិការ កងរាជអាវុធហត្ថ​ខេត្ត​ទូរស័ព្ទ​មក​ប្រាប់​គ្រួសារ​នាង​ខ្ញុំ ឲ្យទៅ​ចាប់​ឈើ​នៅ​ទីតាំង​មួយកន្លែង តែ​គ្រួសារ​នាង​ខ្ញុំ​បាន​ឆ្លើយ​ទៅកាន់​គាត់​ថា កន្លែង​នោះ​គ្មាន​បទល្មើស​ឈើ​ទេ គាត់​ក៏​ខឹង​និង​ដក​បញ្ឈរជើង ដាក់​ពិន័យ​កងទ័ព​នៅ​ក្នុង​បន្ទាយ​។ ក្រោយមក​ក៏​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​នៅ​តំបន់​អូរ​វែង​ព្រំដែន ស្រុក​សៀម​ប៉ាង​ជា​បណ្តោះអាសន្ន​។

តាម​ពាក្យបណ្តឹង​នោះ​បាន​បញ្ជាក់​ទៀត​ថា ប្តី​របស់គាត់​បាន​ចែក​គ្រាប់កាំភ្លើង​ឲ្យ​ទៅ​ទាហាន ជា​កងកម្លាំង​ដូចគ្នា នៅ​ព្រំដែន ក៏​ត្រូវ​លោក​បញ្ជាការ​ខេត្ត​ចោទ​ប្រកាន់​ថា លក់​គ្រាប់​ដោយ​ខុសច្បាប់ បន្ត​យក​មក​ដាក់​ពិន័យ​នៅ​បន្ទាយ​ជាច្រើន​ឆ្នាំ និង​បង្កើត​គណៈកម្មការ​បង្គ្រប់​កិច្ច​ចុះ​ស្រាវជ្រាវ​ចប់សព្វគ្រប់​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ​។ ទើបតែ​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ លោកឧត្តម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី បាន​ហៅ​ប្តី​របស់​គាត់ ឲ្យ​ធ្វើ​ពាក្យ​ស្នើសុំ​ទៅ​បម្រើ​ការងារ​នៅ​អូរ​វែង ឬ​ ស្នើសុំ​ជា​នាយរង​សេនាធិការ តែ​ប្តី​របស់​គាត់​មិន​ព្រម គាត់​សុំ​ទៅជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក​មកវិញ​ដដែល ក៏​កើតជា​កំហឹង​ឈប់​និយាយ​ជាមួយ​ប្ដី​របស់​គាត់ និង​ឲ្យ​កម្លាំង​ចាប់ខ្លួន​គាត់​បញ្ជូន​ទៅ​ឃុំឃាំង​ឲ្យ​គាត់​ស្លៀក​តែ​ខោខ្លី​២​យប់ និង​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត ដោយ​លើក​ការ​ចោទ​ពី​រឿង​ចាស់ ដែល​គាត់​បាន​ចែក​គ្រាប់កាំភ្លើង​ឲ្យ​ទៅ​ទាហាន ដែល​បានបញ្ចប់​សព្វគ្រប់​ជាង​៤​ឆ្នាំ​មក​ហើយ​នោះ និង​បាន​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​ទាហាន​។

ទាក់ទង​ករណី​នេះ កម្ពុជា​ថ្មី​នៅ​មិនទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បាន​នៅឡើយ​ទេ រហូតដល់​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩៕
កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114