ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រើសជាតិ​នារី បរាជ័យ​ធ្ងន់ធ្ងរ ក្នុង​ប្រកួត​ទី​ពីរ មិន​អាច​បន្តទៅ​វគ្គ​បន្ទាប់​បាន

ក្រុម​ជម្រើស​ជាតិ​នារី​របស់​កម្ពុជា រង​បរាជ័យ ២​ប្រកួត​នូវ​លទ្ធផល​យ៉ាងធ្ងន់ធ្ងរ ធ្វើ​ឲ្យ​បាត់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ក្នុង​ពានរង្វាន់ AFF Women’s Chmpionship 2019 នៅ​ប្រ​ទេ​ថៃ ដោយ​ក្នុងនោះ​គឺ ចាញ់ វៀតណាម ១០-០ ក្នុង​ប្រកួត​បើកឆាក និង​ចាញ់ មី​យ៉ាន់​ម៉ា ១០-១ ក្នុង​ប្រកួត​បន្ទាប់​។

​គ្រាប់​បាល់​តែ ១​គត់​របស់​កម្ពុជា ដែល​រក​បាន​ក្នុង ២​ប្រកួត​កន្លងមក​គឺ កើតចេញពី​ការ​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ ក្នុង​ប្រកួត​ទល់នឹង​មី​យ៉ាន់​ម៉ា គឺ​នៅ​វគ្គ​ទី​២ នាទី ៧៧ ដោយ​កីឡា​ការ​នី សំរិទ្ធ និមល ដែលជា​ប្រធាន​ក្រុម​។ ឆ្លងកាត់ ២​ប្រកួត​នេះ កម្ពុជា ស្ថិតនៅ​បា​តារាង​ពូ​ល B មិនមាន​ពិន្ទុ​រាប់ ដូច​ទៅនឹង ឥណ្ឌូនេស៊ី ដែល​រង​បរាជ័យ​ធ្ងន់ធ្ងរ​ដូចគ្នា ។ ក្រៅពីនេះ មី​យ៉ាន់​ម៉ា និង វៀតណាម ស្ថិតនៅ​លេខ​រៀង​ទី ១ និង ទី​២ ដែល​ត្រូវ​បន្តទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

បើ​តាម​ការពិនិត្យ​មើល​នូវ​ការលេង​របស់​កម្ពុជា កន្លងមក កីឡា​ការ​នី​ទាំងអស់​ដែល​ចូលរួម​គឺ​មាន​អាយុ​ក្រោម​១៥​ឆ្នាំ និង​ក្រោម ១៨​ឆ្នាំ​ប៉ុណ្ណោះ ដែល​មិន​សម​មាត្រ​ទៅ​នឹង​កម្រិត​អាយុ​នៃ​ពានរង្វាន់​នេះ ។ ម្យ៉ាងវិញទៀត កម្ពុជា គឺជា​ក្រុម​ថ្មីថ្មោង​មួយ​នៅក្នុង​ពូ​ល បើ​ប្រៀបធៀប​ទៅ​នឹង វៀតណាម និង មី​យ៉ាន់​ម៉ា ដែល​ពួកគេ​មាន​បទពិសោធន៍​ជាច្រើន និង​កីឡា​ការ​នី មាន​សមត្ថភាព​ល្អៗ ហើយ​លើសពីនេះ​ទៀត​នោះ ពួកគេ​មាន​លេខ​រៀង​ល្អៗ ក្នុង​ចំណាត់ថ្នាក់​ពិភពលោក ( FIFA World Ranking) ។

យ៉ាងណាមិញ ប្រកួត​បិទ​ពូ​ល B របស់​កម្ពុជា គឺ​ត្រូវ​ជួប​ជាមួយ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃអង្គារ ទី​២០ ខែសីហា វេលា​ម៉ោង ៦​ល្ងាច នៅ​កីឡដ្ឋាន IPE Chonburi ដោយមាន​ផ្សាយ​ផ្ទាល់​លើ​គេហទំព័រ mycujoo របស់​គណនី​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ ( FA Thailand )។

​ជា​មួយ​គ្នា​នេះ​ផង​ដែរ នៅ​ក្នុង​ពូ​ល A ឯនោះ​វិញ ម្ចាស់ផ្ទះ ថៃ បាន​បំបាក់ សិង្ហ​បុរី ដោយ​លទ្ធផល ៨-០ ក្នុងការ​ប្រកួត​លើកដំបូង​របស់​ខ្លួន ដោយ​គិត​ត្រឹម ២​ប្រកួត​នេះ ហ្វីលីពីន មាន​សង្ឃឹម​ខ្ពស់​ជាងគេ ដោយ​ស្រវា​ដណ្តើម​បាន ៦​ពិន្ទុ​ពេញ បន្ទាប់ពី​ឈ្នះ ម៉ាឡេស៊ី ៣-០ និង ឈ្នះ ទី​ម័​រ​ខាងកើត ៧-០ ។ ដូចនេះ ថៃ ទី​ម័​រ​ខាងកើត មាន ៣​ពិន្ទុ​រៀងខ្លួន ខណៈ​ដែល ម៉ាឡេស៊ី និង សិង្ហ​បុរី ត្រូវ​ធ្វើការ​ធ្ងន់ ដើម្បី​ប្រជែង​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114