ព័ត៍មានទាន់​ហេតុការណ៏
Search

ពន្លឺ​នៃ​សន្តិភាព​បាន​ជំរុញ​ឲ្យ​ប្រទេស​មានការ​អភិវឌ្ឍ​វិស័យ​ព្រះពុទ្ធសាសនា​និង​អាណាចក្រ​

​ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​ថា ពន្លឺ​នៃ​សន្តិភាព​បាន​ជំរុញ​ឲ្យ​ប្រទេស​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ​ទាំង​ព្រះពុទ្ធសាសនា និង​អាណាចក្រ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​រួមចំណែក​ពង្រឹង​សាមគ្គីភាព ការ​លើកកម្ពស់​វប្បធម៌​នៃ​ការយោគយល់​គ្នា។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ថ្លែង​បែបនេះ​ខណៈ​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុសំវច្ឆរៈ មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស លើក​ទី ២៧ ដែល​ពិធី​នេះ​រៀបចំឡើង​នៅ​សាលប្រជុំ​ខេត្តស្វាយរៀង​, រសៀល​ថ្ងៃ​ច័ន្ទ ៤​រោច ខែស្រាព​ណ៍ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ២០១៩​។

លោកជំទាវ​ក៏បាន​ថ្លែង​ថា ជា​ការ​ពិត​ណាស់​ប្រទេស​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក្រោយ​ពន្លត់ភ្លើង​សង្គ្រាម​បាន​ទាំងស្រុង​នោះ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អាណាចក្រ​និង​ពុទ្ធចក្រ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​រួមចំណែក​ពង្រឹង​សាមគ្គីភាព ការ​លើកកម្ពស់​វប្បធម៌​នៃ​ការយោគយល់​គ្នា​ពិសេស​ពន្លឺ​នៃ​សន្តិភាព​នេះ​ហើយ​ ដែល​ប្រជាជន​កម្ពុជា​កំពុងតែ​ទទួល​ដោយ​សេចក្តីសុខ​និង​សុភមង្គល​។ រាជរដ្ឋាភិបាល និង​ពុទ្ធសាសនិក​ទាំងអស់ នៅតែ​បន្ដ​ការពារ និង​គោរព ព្រមទាំង​លើកស្ទួយ​ព្រះពុទ្ធសាសនា​ជា​ដរាប ដោយ​ធ្វើយ៉ាងណា​ឲ្យ​កម្លាំង​ដ៏​មាន​ឥទ្ធិពល នៃ​ព្រះពុទ្ធសាសនា បន្ដ​ស្ថិតនៅ និង​ជ្រួតជ្រាប​ក្នុង​ក្រអៅបេះដូង នៃ​ប្រជាជន​ខ្មែរ និង​ស្ថិតស្ថេរ​គង់វង្ស​ស្របតាម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ចូល​រួម​ចំណែក​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​ដូចតទៅ ១៖ មន្ត្រី​សង្ឃ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ដែល​មាន​ស្រាប់​ដូចជា ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សង្ឃ​ប្រកាស សារាចរ សេចក្តី​សម្រេច និង​ស​.​ជ​.​ណ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក៏​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ប្រែក្លាយ​ឲ្យ​ទៅជា​កម្លាំង​ចលករ ដ៏​មាន​សារៈសំខាន់​សម្រាប់​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ឲ្យ​កាន់តែ​រឹងមាំ​ល្អ​ផូរផង់​។

២៖ មន្ត្រី​សង្ឃ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​សហការ​គ្នា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង តាម​ព្រះ​វិន័យ តាម​ឋានានុក្រម ដើម្បី​ពង្រឹង​នូវ​ការ​ឯកភាព សាមគ្គីភាព ក្នុង​ស្ថាប័ន​ព្រះពុទ្ធសាសនា ជា​គំរូ​ល្អជា​ពុម្ព​ដ៏​ល្អ​ដល់​ពុទ្ធបរិស័ទ និង​រួមចំណែក​ជួយ​អប់រំ​សីលធម៌​ដល់​សង្គម​។

៣៖ មន្ត្រី​សង្ឃ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ប្រកាន់​កិច្ចសហប្រតិបត្តិការ​ល្អ​ឡើង​ថែមទៀត ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ក៏ដូចជា​ការិយាល័យ​ធម្មការ និង​សាសនា គ្រប់​ក្រុង​-​ស្រុក ដើម្បី​សហការ​បំពេញការងារ​ឲ្យ​កាន់តែ​ទទួល​លទ្ធផល​ល្អ ប្រកបដោយ​ការយោគយល់​គ្នា និង​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។

៤ ៖ មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត និង​សាលា​គណ​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​សាលា​ពុទ្ធិក​គ្រប់​កម្រិត ឲ្យ​ក្លាយ​ជា​ថ្នាល​បណ្តុះបណ្តាល​ព្រះធម៌ ភាសាបាលី ភាសា​សំស្ក្រឹត ចំណេះ​ទូទៅ និង​ជំនាញ​វិជ្ជាជីវៈ​មួយ​ដ៏​ល្អ​ប្រពៃ​ក្នុង​សង្គមជាតិ​។

៥៖ មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត និង​សាលា​គណ​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ការ ងារ​រដ្ឋបាល​វត្ត និង​ផ្សព្វផ្សាយ​ព្រះធម៌ តាម​មធ្យោបាយ​នានា ដើម្បី​ជួយ​សតិអារម្មណ៍​ពុទ្ធបរិស័ទ ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ ប្រកាន់​សច្ចធម៌​សង្គម និង​ជៀសវាង​អំពើ​បាប​គ្រប់​ប្រភេទ​។

៦៖ មន្ត្រី​សង្ឃ​គ្រប់លំដាប់​ថ្នាក់ គប្បី​ចលនា​ព្រះសង្ឃ​ពុទ្ធសាសនា ឲ្យ​ចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ផ្សព្វផ្សាយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រឿងញៀន និង​បង្ក​លក្ខណៈ​ឲ្យ​មាន​ការគោរព​ច្បាប់​ចរាចរណ៍​ក្នុងសង្គម តាមរយៈ​ការបញ្ជ្រាប​ព្រះធម៌​ទេសនា​នានា ការអប់រំ​តាម​សាលារៀន តាម​សហគមន៍ ដើម្បី​កាត់បន្ថយ​នូវ​ភាព​វិនាស​អន្តរាយ​ដោយសារ​ឥទ្ធិពល​គ្រឿងញៀន​។

៧៖ មន្ត្រី​សង្ឃ​គ្រប់​លំដាប់​ថ្នាក់ មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត និង​សាលា​គណ​ខេត្ត ត្រូវ​បន្ត​ជំរុញ​ឲ្យ​ភិក្ខុ សាមណេរ ក្រោម​ឱវាទ​របស់​ខ្លួន​សិក្សា​រៀន​សូត្រ​ធម៌​វិន័យ ឲ្យ​បាន​ចេះ​ចាំ​ស្ទាត់ជំនាញ និង​បដិបត្តិ​នូវ​ព្រះ​ធម្ម​វិន័យ​នោះៗ​ឲ្យ​បាន​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ ព្រមទាំង​បង្កើត​ឲ្យ​មាន កម្មវិធី​ចម្រើន​សមាធិ​កម្មដ្ឋាន ដើម្បី​អប់រំ​ហាត់​តម្រង់​ចិត្តគំនិត​ឱ្យ​សុខ​ស្ងប់ និង​រំងាប់​បង់​នូវ​ធម៌ លោភៈ ទោសៈ និង​មោហៈ ចេញពី​សន្តាន​ចិត្ត។

៨៖ ព្រះចៅអធិការ​វត្ត គ្រប់​វត្ត​ទូទាំង​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ថែរក្សា អភិរក្ស​នូវ​គម្ពីរ​សា​ស្រា​ស្លឹករឹត ក្បួនច្បាប់​ផ្សេងៗ ក្នុង​នោះ​ក៏​ត្រូវ​ចេះ​ការពារ​ថែទាំ​ធម្មជាតិ អភិរក្ស​រាល់​សំណង់​បុរាណ ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​វប្បធម៌ ទេសចរណ៍ និង​បរិស្ថាន​សង្គម ដោយ​ស្របតាម​ព្រះ​វិន័យ និង​ការរីកចម្រើន​របស់​ព្រះពុទ្ធសាសនា៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114