ព័ត៍មានទាន់​ហេតុការណ៏
Search

កាកបាទក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ បេ្ត​ជ្ញា​ចិត្ត​ពង្រីក​សកម្មភាព​មនុ​ស្ស​ធម៌​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អប្រសើរ​និង​ខ្លាំងក្លា​បន្ថែមទៀត

​ភ្នំពេញ​ ៖ ប្រធាន​កាកបាទក្រហមកម្ពុជា​សាខា​រាជធានី​ភ្នំពេញ​បេ្ត​ជ្ញា​ចិត្ត​ ពង្រីក​សកម្មភាព​មនុស្ស​ធម៌ របស់​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំងក្លា ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​កិច្ច អន្តរាគមន៍​ជួយសង្គ្រោះ​ជន​រង គ្រោះ និង​ជន​ងាយ​រងគ្រោះ​នានា​ឲ្យ​បាន​ទាន់​ពេល​វេលា។

លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​ពិធី ប្រកាស​តែងតាំង​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៩ ​ខែសីហា​នេះ​ថា សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បាន​រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដោយ​ខិតខំ​ប្រឹងប្រែង​បំពេញបេសកកម្ម​មនុស្ស​ធម៌​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ក្នុង​បុព្វហេតុ​រួមចំណែក​ក្នុង​វិស័យ មនុស្សធម៌​តាមរយៈ ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ការ​ដោះស្រាយ​ភាព​ខ្វះខាត និង​ទុក្ខ​លំបាក​របស់​ជនរងគ្រោះ​និង​ជន​ងាយ រងគ្រោះ។

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា កិច្ច​ខំ​ប្រឹងប្រែង​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ​ក្នុង​ន័យ​ជួយ​ពន្លឿន​ការកាត់បន្ថយ​អត្រា​ភាព​ក្រីក្រ ការអភិវឌ្ឍ​សហគមន៍ និង​ការ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

លោក​បន្ត​ថា ក្នុង​តួនាទី​ជា​ជំនួយ​ការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌ សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​ធនធាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ចែករំលែក​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​បំពេញ​នូវ​បេសកកម្ម​មនុស្សធម៌​ជាច្រើន​ក្នុងការ ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ រួមមាន ចាស់ជរា ជន​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​ទុរគត ស្ត្រី​សម្រាលកូន កុមារ​គ​ថ្លង់ យុវជន​ញៀន​ថ្នាំ ជន​ពិការ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ ជាពិសេស​បាន​អន្តរាគមន៍​បាន​ទាន់ ពេលវេលា ចំពោះ​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​បាន​កើតមាន​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ដូចជា ព្រោះ​អគ្គីភ័យ ខ្យល់​កន្ត្រាក់ ព្រោះ​រាំងស្ងួត បាក់​ច្រាំងទន្លេ និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ស្របតាម​ទិស​ស្លោក​“​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​”។

​លោកស្រី​ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​បាន​មានប្រសាសន៍ថា បាន​សម្តែង​ការ កោតសរសើរ​ដល់​កាកបាទក្រហមកម្ពុជា​សាខា​រាជធានី​ភ្នំពេញ ដែល​បាន​បំពេញបេសកកម្ម​ភាព មនុស្ស​ក្នុង​មូលដ្ឋាន​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​។ លោកស្រី​បាន​អៈ​អាង​ថា ការរៀបចំ​រចនាសម្ព័ន្ធ​របស់​សាខា ថ្នាក់​រាជធានី​រហូតដល់​សហគមន៍​ដ៏​រឹងមាំ​នេះ បានផ្តល់​សេវា​ត្រៀម​បង្ការ​និង​ឆ្លើយតប​គ្រោះមហន្តរាយ​នឹង​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​ទាន់ពេលវេលា​។

លោកស្រី​បាន​សង្កត់ធ្ងន់​ថា ការងារ​មនុស្សធម៌ ជា​ការ​ងារ​ដ៏​ធំធេង​ធ្ងន់ធ្ងរ តែ​វា​ឧត្ដុង្គឧត្ដម​ណាស់​មិន​អាច​តួ​អង្គ​ណា​ម្នាក់ ស្ថាប័ន​ណាមួយ ​ឬ ​ប្រទេស​ណាមួយ អាច​សម្រេច​កិច្ច ការ​នេះ​តែ​ឯកឯង​បានឡើយ​។ ដូច្នេះ​ចាំបាច់​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សម្បុរ​ជនជាតិ​អន្តរជាតិ​នានា​បន្ថែមទៀត ដើម្បី​ឲ្យ​ស្ថាប័ន​មនុស្ស​មួយ​នេះ​កាន់តែ​បំពេញ បាន​នូវ​តួនាទី​របស់​ខ្លួន​ជួយ​ដល់​ជនរងគ្រោះ​និង​ងាយ​រងគ្រោះ​នានា​នៅក្នុង​សង្គម។

សូម​បញ្ជាក់​ថា កាកបាទក្រហមកម្ពុជា​បានសម្រេច​តែងតាំង លោក​ជិន ប៊ុនធឿន ជា​នាយក​ប្រតិបត្តិ សាខា កាកបាទក្រហមកម្ពុជា​សាខា​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ប្រសិទ្ធភាព​សកម្មភាព​មនុស្ស​ធម៌​ជួយ​ដល់ ជនរងគ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា។

លោក​ជិន ប៊ុនធឿន ក្នុងនាម​ជានា​យក​ប្រតិបត្តិ សាខា កាកបាទក្រហមកម្ពុជា​សាខា​រាជធានី​ភ្នំពេញ​ថ្មី​បាន​ប្តេជ្ញាចិត្ត​ថា ដើម្បី​ឆ្លើយតប​ចំពោះ​ទំនុក​ចិត្ត​របស់​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា​ជាពិសេស សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា និង​លោក​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ លោក​នឹង​អនុវត្ត​ការងារ​ឲ្យ​បាន​ល្អ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង ៧ នៃ​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម។

​យកចិត្តទុកដាក់​ប្រតិបត្តិ​តាម​គោលការណ៍​ណែនាំ​គណៈ កិត្តិយស​គណៈកម្មាធិការ​សាខា ពិសេស​អនុសាសន៍​ដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។​ រក្សា​សាមគ្គីភាព​ក្នុង​ជួរ​ក្រុម​ប្រតិបត្តិ​សាខា និង​ទទួលយក​នូវ​ការ​តម្រង​ទិស​ពី​គណៈកម្មាធិការ​សាខា​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។​ ដឹកនាំ​តម្រង់​ទិស​ក្រុម​ប្រតិបត្តិ​សាខា​ស្របតាម​យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា​មាន វិស័យ​ស្នូល​៤ គឺ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​សុខភាព​និង​ការថែទាំ​សុខភាព​សហគមន៍ លើកកម្ពស់​គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌ និង​ការអភិវឌ្ឍន៍​ស្ថាប័ន​ និង​ អភិវឌ្ឍន៍​ធនធាន​។ អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្លួន​ដើម្បី​សម្រេច​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នា​ឆ្នាំ២០៣០ កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក ផ្សព្វផ្សាយ​ការប្រយុទ្ធប្រឆាំង​ជំងឺ​អេដស៍​ឆ្នាំ២០២៥ ស្របតាម​ការ​ដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ និង​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍។ អភិវឌ្ឍ​ស្ថាប័ន​ធនធាន ក្នុងការ​កៀរគរ​មូលនិធិ​ពី​សប្បុរសជន ដើម្បី​បម្រើ​ការងារ​មនុស្សធម៌ និង​ការណែនាំ​អនុសាខា​ឲ្យ​បំពេញ​ភារកិច្ច​មនុស្ស​ធម៌ ស្របតាម​វិស័យ​ស្នូល​ទាំង​៤ នៃ​យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា។ ​ពង្រឹង​អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា នៅ​តាម​មូលដ្ឋាន និង​គ្រឹះស្ថានសិក្សា​ឲ្យ​ប្រឹងប្រែង​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌។​ ពង្រឹង ពង្រីក​សកម្មភាព​យុវជន​នៅ​តាម​គ្រឹះស្ថានសិក្សា​ក្នុង​ការងារ​មនុស្សធម៌​។ ផ្សព្វផ្សាយ​វិធានការ​ត្រៀម​បង្ការ​ហានិភ័យ​នានា ដែល​បង្ក​ដោយ​គ្រោះធម្មជាតិ​ត្រៀម​ជួយ​អន្តរាគមន៍​សង្គ្រោះ​គ្រោះមហន្តរាយ​កើតឡើង​ទាន់ពេលវេលា​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114