ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ត​រតនគិរី​អញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៨-២០១៩

រតនគិរី ៖ លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨-២០១៩ នៅ​វិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក​ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​។

លោក ថង សាវុន អភិបាលខេត្ត​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​មានការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្ត​នូវ​គោលនយោបាយ​កំណែទម្រង់​លើ​វិស័យ​អប់រំ ប្រកបដោយ​គុណភាព​ប្រសិទ្ធភាព ដើម្បី​ឲ្យ​សិស្សានុសិស្ស​មាន​ធនធាន​ចំណេះដឹង​បច្ចេកទេស ច្បាស់លាស់​សម្រាប់​ការកសាង​ប្រទេសជាតិ ឲ្យ​មាន​ការ​រីកចម្រើន​ថ្មីៗ​បន្ថែម​ទៀត​។

លោក​បាន​បន្ត​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់​និង​មាន​ខ្លឹមសារ​ណាស់​សម្រាប់​ក្មួយៗ សិស្សានុសិស្ស ដែល​បាន​ចូលរួម​ប្រឡង​សញ្ញាប័ត្រ​នា​ពេល​នេះ ព្រោះ​ជា​ពេល​ដែល​ក្មួយៗ​ត្រូវ​បង្ហាញ​ពី​សមត្ថភាព​របស់ខ្លួន​ពីព្រោះ​ថា មាន​ចំណេះដឹង​គ្រប់គ្រាន់ ផ្នែក​ចំណេះដឹង​ទូទៅ​ក្មួយៗ នឹង​ឈាន​មួយ​ដំណាក់​ទៀត​ គឺ​បន្ត​ទៅ​សិក្សា​ជំនាញ​នៅ ថ្នាក់​មហាវិទ្យាល័យ សម្រាប់​អនាគត​ដ៏​ភ្លឺស្វាង​របស់​ក្មួយៗ។

លោក​ក៏បាន​ណែនាំ ដល់​ក្មួយៗ សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​ធ្វើ​កិច្ចការ​របស់​ខ្លួន​ដោយ​សមត្ថភាព កុំ​ចំឡក​គ្នា​កុំ​មើល​ប្រ៊ុយយ៉ុង​ និង ត្រូវ​ធ្វើ​កិច្ចការ​ដោយ​ផ្ចិតផ្ចង់​ប្រុងប្រយ័ត្ន​ខ្ពស់​ជៀសវាង​ការ​សរសេរ​ខុស​ដោយ​ការ​ធ្វេសប្រហែស​នាំ​ឲ្យ​លទ្ធផល​ប្រឡង​មិនបាន​ល្អ។

លោក​ក៏បាន ផ្តាំផ្ញើ​ដល់​អនុរក្ស​ប្រចាំការ តាម​បន្ទប់​នីមួយៗ​ត្រូវ​មើល​សិស្សានុសិស្ស ជា​បេក្ខជន​ប្រឡង​ឲ្យ​ល្អ​ហ្មត់ចត់ ហាម​ស៊ី​សំណូកសូកប៉ាន់​ហើយ​បើ​មាន​ហេតុ​ការ​អ្វី មិន​ស្រួល​ត្រូវ​មាន​ចំណាត់ការ​ជាបន្ទាន់។

បើ​តាម​ការ​បញ្ជាក់​ពី​លោក ខាត់ សា​ម៉ា​ល់ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​ឲ្យ​ដឹង​ថា ខេត្តរតនគិរី​មាន​មណ្ឌល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​សរុប ២ មណ្ឌល គឺ​មណ្ឌល​វិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ខាងកើត​គឺជា​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​បេក្ខជន​សរុប​ចំនួន ៨៣៣នាក់ ស្រី ៣៩០ នាក់ មាន​បន្ទប់​សរុប ចំនួន​៣៤ បន្ទប់។

មណ្ឌល​វិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ខាងលិច គឺជា​ថ្នាក់​វិទ្យាសាស្ត្រ​មាន​បេក្ខជន​សរុប​ចំនួន​១៥៦ នាក់ ស្រី ៨២ នាក់ មាន​៧​បន្ទប់។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ក្នុង​ការ​ប្រឡង​នេះ​ ក៏​មាន​បេក្ខជនស្វៃរិន​ចំណេះ​ទូទៅ​ចំនួន​២៨ នាក់​ស្រី១១នាក់ ស្វៃរិន បំពេញវិជ្ជា ៥៣ នាក់ និង​បេក្ខជន​បំពេញ​វិ​ជ្ជា ១៥១ នាក់​ផង​ដែរ​។ សរុប​បេក្ខជន​ដែល មានឈ្មោះ​ចូល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា ២០១៨-២០១៩ នេះ មាន​ចំនួន ៩៨៩ នាក់ ស្រី៤៧២​។

សូម​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ(​បាក់​ឌុប​)​ក្នុង​ខេត្តរតនគិរី នា​ពេល​នេះ​អាជ្ញាធរខេត្ត បាន​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​បេក្ខជន​ហាម យក​សំណៅ​ឯកសារ​ផ្សេងៗ​,​ទូរស័ព្ទ​ដៃ ហាម​លួច​មើល​គ្នា​ក្នុង​ពេល​ប្រឡង ជាដើម​។ បើ​បេក្ខជន​ល្មើស​ដូច​បាន​ហាមឃាត់​និង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។

ជាពិសេស​ការ​ប្រឡង មានការ​ចូលរួម​នេះ សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សង្គម​ស៊ីវិល​នានា​ព្រមទាំង​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ​ខេត្ត​នៅ​ក្រៅ​មណ្ឌល​ប្រឡង​ទាំងពីរ​ផងដែរ​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114