ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​វេ​ង សាខុន រួមនឹង​សប្បុរសជន ថ្នាក់​ពង្រឹង ប្រគល់​ផ្ទះ​សប្បុរសធម៌​ទី​៦ បច្ច័យ និង​គ្រឿង ឧបភោគ បរិភោគ ជូន​លោកយាយ ហ៊ុន ស្រី ដែល​មាន​ជន្មាយុ ៨០​ឆ្នាំ

ភ្នំពេញ​ ៖ លោក វេ​ង សាខុន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​, ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និង​លោកស្រី ម៉ក់ ស៊ីថា រួម​ជា មួយ​លោកស្រី ស្រី គឹម​ឆ​យ តំណាងរាស្ត្រ​ខេត្តកំពង់ចាម លោក​ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ស្រុក និង​ឃុំ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ បាន​ប្រារព្ធ​ពិធី ប្រគល់​ផ្ទះ​សប្បុរសធម៌​ទី​៦ បច្ច័យ និង​គ្រឿងឧបភោគ បរិភោគ​មួយ​ចំនួន​ទៀត ជូន​លោកយាយ ហ៊ុន ស្រី ដែល​មាន​ជន្មាយុ៨០ឆ្នាំ នៅ​ភូមិ​ព្រៃ​ចក្រី ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ផ្ទះ​នេះ​ត្រូវ​បាន​លោក និង​លោកស្រី និង​ព្រះតេជព្រះគុណ ព្រះ​មុនី​សោភ័ណ ប៊​ត តាំង​ឆេង ព្រះ​មេគណ​ខេត្តកំពង់ចាម ព្រះ​សទ្ធម្ម​ញណ គង់ វិច្ឆិកា ព្រះ​មេគណ​ស្រុក​កំពង់សៀម លោក​ចាយ បូ​រិ​ន និង​លោកជំទាវ លោក យឹម លាង លោក​ចាន់ សា​រុ​ទ្ធ ព្រម​ជា​មួយ​សហការី ហើយ​និង​សប្បុរសជន​ជាច្រើន​ទៀត បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​ជាង ៨​លាន​រៀល សម្រាប់ធ្វើ​ការ​កសាង​ផ្ទះ​ថ្មី​មួយ​ខ្នង​នេះ​។

ជា​មួយ​គ្នា​នេះ លោកយាយ ហ៊ុន ស្រី​ន បាន​សម្តែង​នូវ​ទឹកចិត្ត​រំភើប​សប្បាយរីករាយ​ឥតឧបមា និង​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក លោកស្រី និង​សមាជិក​ក្រុមការងារ​ទាំងអស់​ចំពោះ​សណ្តាន​ចិត្ត​មនុស្សធម៌​ដ៏​ប្រពៃ​នេះ និង​បាន​ជូនពរ​ផងដែរ។

លោក ប៊ិន ឡា​ដា អភិបាលស្រុក​បាន​រាយ​ការណ៍​ជូន​អង្គ​ពិធី​ជ្រាប​ពី​ដំណើរ​ការសាងសង់ និង​សកម្មភាព​ការងារ​សប្បុរសធម៌​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​លោក ប្រធាន​ក្រុមការងារ លោកស្រី និង​សហការី​បាន​យកចិត្តទុកដាក់ និង​គិតគូរ​ដោះស្រាយ​ជូន​បងប្អូន​បាន​ទាន់​ពេល​វេលា​ដូចជា​គ្រោះថ្នាក់​ចរាចរ រន្ទះបាញ់ ខ្យល់​កន្ត្រាក់ ភ្លើង​ឆេះ​ផ្ទះ ចាស់ជរា ក្មេង​កំព្រា ជន​ពិការ និង​ស្ត្រី​មេ​មា​យ​ទី​ទាល់ក្រ​។ កាយវិការ​ប្រកបដោយ​សប្បុរសធម៌​ដ៏​ប្រពៃ​នេះ និង​ជាពិសេស​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់​ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្រុក​កំពង់សៀម​រំភើប​សប្បាយ រីករាយ ចងចាំ និង​ប្តេជ្ញា​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ត​រៀង​ទៅ​។

នាឱកាស​នោះ លោក​ប្រធាន ក្រុម​ការ​ងារ បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក និង​សមាជិក​ក្រុមការងារ​ទាំងអស់ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ដែល​បាន​យក​ចិ​ត្ដ​ទុកដាក់ គិតគូរ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន និង​ជាពិសេស​បាន​ចុះ​ដោះស្រាយ​បញ្ហា​ជូន​លោកយាយ​បាន​ទាន់​ពេល​វេលា ហើយ​កាយវិការ​សប្បុរសធម៌​នេះ បានបង្ហាញ​ពី​ការទទួល​ខុស ត្រូវ​ខ្ពស់​របស់​ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន​ចំពោះ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​។ ភ្ជាប់​ទៅ​នឹង​ការងារ​មនុស្ស​ធម៌​នេះ លោក​បាន​លើកទឹកចិត្ត និង​គាំទ្រ​គ្រប់​សកម្មភាព​ទាំងអស់​ដែល​ចូល រួម​ដោះស្រាយ​ទុក្ខ​លំបាក និង​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ដើម្បី​ចូលរួម​កែលម្អ​កម្រិតជីវភាព និង​អភិវឌ្ឍ​មូលដ្ឋាន​ផ្ទាល់​របស់​បងប្អូន​កាន់តែ​រីកចម្រើន​ជា​លំដាប់ ក្រោម​ម្លប់​សុខ​សន្តិភាព ស្ថិរភាព និង​ការ អភិវឌ្ឍ​របស់​ប្រទេសជាតិ ​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ថែរក្សា និង​ការពារ​ឲ្យ​បាន​នូវ​សុខសន្តិភាព​នេះ​។

ដើម្បី​ជួយ​ដោះស្រាយ​ការងារ​ចំ​បាច់​ជូន​ប្រជាពលរដ្ឋ​បន្តទៀត លោក​ប្រធាន​ក្រុមការងារ​បាន​ជូន​អភិបាលស្រុក​នូវ​ថវិកា​ចំនួន ៧​លាន​រៀល និង​ជូន​បងប្អូន​អញ្ជើញ​មក​ចូលរួម​ចំនួន ១០០ នាក់ ម្នាក់​ទទួលបាន​ថវិកា ២​ម៉ឺន​រៀល​ផងដែរ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114