ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​ប្រកាស​តែងតាំង​មុខតំណែង ប្រធាន ​អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្វាយចេក​និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​អគារ​ព្យាបាល​ជំងឺ​កុមារ

បន្ទាយមានជ័យ ៖ ល្ងាច​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩​ នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ស្វាយចេក ស្ថិតនៅ​ក្នុង​ភូមិ​រលួស ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​បាន​ពិធី​ប្រកាស​តែងតាំង​មុខតំណែង ប្រធាន អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្វាយចេក និង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​អាគារ​សម្រាក​ព្យាបាល​ជំងឺ​កុមារ របស់​មន្ទីរពេទ្យ​បង្អែក​ស្វាយចេក​ជា​ផ្លូវការ​ដោយមាន​ការចូលរួម​លោកស្រី​រស់ សុ​ផានី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​តំណាង​ លោក​ អ៊ុំ​ រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​លឿង សុ​ភ័​ក្រ អភិបាលស្រុក​ស្វាយចេក លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ត្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត​និង​លោកគ្រូ​ពេទ្យ កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​អង្គភាព និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​។

លោក​ណង ​វុទ្ធី នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​បាន​ឡើង​សេចក្តី​ប្រកាស​តែងតាំង​មន្ត្រីរាជការ​របស់​រដ្ឋ​បាល​ខេត្ត​លេខ​០១៩/១៩ ដ​កតត សម្រេច​តែងតាំង លោក​ស៊ិ​ន​ម៉ា​ណូ​ទៅជា​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្វាយចេក លោក​ភួង​ ភក្តី​ ជា​អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្វាយចេក​ទទួលស្គាល់​ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។

លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ត្ត្រា បាន​មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង ប្រធាន អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្វាយចេក​ថា ​លោក​ស៊ិន​ ម៉ា​ណូ​ និង​លោក​ភួង ​ភក្តី ​ក្រោយពី​ប្រកាស​ឡើងជា​ប្រធាន និង​អនុប្រធាន​រួចមក​លោក​ត្រូវ​បំពេញ​កិច្ចការ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ និង ​អាកប្ប​កិរិយា​ជា​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្វាយចេក​ឲ្យ​បាន​សមរម្យ​ចំពោះ​អ្នក​ជំងឺ​មិន​ត្រូវ​ប្រើ​អាកប្បកិរិយា​អសុរោះ​ដល់​អ្នក​ជំងឺ​ឡើយ​ ជាហេតុ​ធ្វើ​ឲ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​សេវា​សាធារណៈ​ហើយ​។

ក្នុង​នោះ​លោក​បាន​ធ្វើ​ការ​កោតសរសើរ​ដល់​លោក​វេជ្ជបណ្ឌិត ​និង ​លោកគ្រូ​ពេទ្យ​ទាំងអស់​ដែល​ខិតខំ​ប្រឹងប្រែង​ប្រកប​វិជ្ជាជីវៈ​ដោយ​ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​បំពេញភារកិច្ច​សម្រេច​បាន​ជោគជ័យ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​។

កត្តា​ជោគជ័យ​ទាំងអស់​នេះ​ហើយ ​បាន​ឆ្លុះបញ្ចាំង​នូវ​សាមគ្គីភាព​យ៉ាង​ល្អ​ប្រសើរ​រឹងមាំ​ក្នុង​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​សុខាភិបាល​ទៀត​ផង​។ ​ក្នុង​នោះ​លោកស្រី​រស់ សុ​ផានី​ បាន​មានប្រសាសន៍​ដែរ​ថា​ ដើម្បី​កែលំអ​រាល់​ចំណុច​ខ្វះខាត​របស់​លោក​គ្រូពេទ្យ​ទាំងអស់​ក្នុង​ការ​ផ្តល់​សេវាសាធារណៈ វិជ្ជាជីវៈ​ឲ្យ​កាន់តែ​មានគុណ​ភាព​និង​ប្រសិទ្ធភាព​ឲ្យ​កាន់តែ​ល្អ​ឡើង​នោះ​លោក​ពេទ្យ​ទាំងអស់​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

លោកស្រី​បាន​បញ្ជាក់​ទៀត​ថា ​ក្រុមគ្រូពេទ្យ​ទាំងអស់​ត្រូវ​ចូលរួម​នូវ​សមិទ្ធផល​លើ​ការងារ​ដែល​មន្ទីរពេទ្យ​បង្អែក​ស្វាយចេក​រួម​ជា​មួយ​ដៃ​គូ​អភិវឌ្ឍន៍​ក្នុង​ការ​ផ្តល់​សេវាសាធារណៈ​ដល់​ប្រជាពលរដ្ឋ​និង​ជា​ឱកាស​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណៈ ប្រជាជន សហគមន៍​ដើម្បី​ស្វែងយល់​ឲ្យ​កាន់​តែ​ច្បាស់​អំពី​ផែនការ​យុទ្ធសាស្ត្រ​លើ​វិស័យ​សុខាភិបាល ដែល​ត្រូវ​យក​ទៅ​អនុវត្ត​ដោយ​ឈរ​លើ​គោលការណ៍​ទទួលខុសត្រូវ​ឲ្យ​មាន​ប្រសិទ្ធភាព គុណភាព និង​សមធម៌​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​និង​ចូលរួម​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច សង្គមកិច្ច​ឲ្យ​កាន់តែ​រីកចម្រើន​ទៀតផង​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114