ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ម្នាក់​ កំពុង​លក់​ថ្នាំញៀន​ដោយ​បើកចំហ​ ត្រូវ​បាន​កងកម្លាំង​ក្រុង​ប៉ោយប៉ែត​ធ្វើការ​ឃាត់ខ្លួន

បន្ទាយមានជ័យ ៖ យុវជន​វ័យក្មេង​ម្នាក់​ មិន​ខិតខំ​រក​ការងារ​រក​ស៊ី​ចិញ្ចឹមជីវិត​ទៅជា​បែកគំនិត​ទិញ​ថ្នាំញៀន​យក​មក​លក់​ក្នុង​ភូមិ​យ៉ាង​បើកចំហ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ​ មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​បាន​ចុះ​ល្បាត​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បាន​ នៅ​វេលា​ម៉ោង​៨យប់ ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច ផ្សារ​មង្គល ស្ថិតនៅ​ក្នុង​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ជនសង្ស័យ​មានឈ្មោះ នួន ធី រស់​ភូមិ​ក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​ដកហូត​វត្ថុ​តាង​គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន ទឹកកក​ចំនួន​៦ កូន​ថង់​តូច និង​គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន ៣ គ្រាប់ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ។

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​ការងារ​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ដោយ​បាន​ការ​អនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​ស​នី​យ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​លោក​បាន​ឲ្យ​កម្លាំង​ជំនាញ​សួរចម្លើយ​លើ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ទិញ​គ្រឿងញៀន​យក​មក​ទុក​លក់​បន្ត​ពិតប្រាកដ​មែន លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បាន​បន្ត​ទៀត​ថា ​ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត​បង្ហាញ​ពី​តម្រុយ​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ដូច្នេះ​ជនសង្ស័យ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ជួញដូរ និង​រក្សា​ទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់ កម្លាំង​ជំនាញ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114