ព័ត៍មានទាន់​ហេតុការណ៏
Search

វត្តមាន​ប្រតិភូ​មូលនិធិ ប្រទេស​តួ​ក​គី នៅ​កម្ពុជា​ពិតជា​បាន​ពង្រីក​កិច្ចសហប្រតិបត្ដិការ​ឲ្យ​កាន់តែ​រឹងមាំ

ភ្នំពេញ ៖ លោក ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា​បាន​ថ្លែងថា វត្តមាន​ប្រតិភូ​មូលនិធិ ប្រទេស​តួ​ក​គី នៅ​កម្ពុជា​ពិតជា​បាន​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្ដិការ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​លើ​គ្រប់​វិស័យ​ទាំង​ការវិនិយោគទុន​ផងដែរ​។ លោក​អូស្មាន ហាស្សាន់ ថ្លែង​បែបនេះ​ខណៈពេល​អនុញ្ញាតអោយ​ប្រតិភូ​មូលនិធិ​ក្រសួង​សាសនា របស់​ប្រទេស​ទួ​ក​គី Turkiye Diyanet Foundation (TDV) ដឹកនាំ​ដោយ​លោក IBRAHIM JAIHANN បាន​ចូលជួប​សំដែង​ការគួរ​សមនិង​ពិភាក្សារ​ការងារ​។ ជំនួប​នេះ​បាន​ប្រព្រឹត្តឡើង នៅ​ការិយាល័យ អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៏​មុ​ស្លី​ម​កម្ពុជា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ ១​រោច ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ។ ក្នុង​គោលបំណង ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្ដិការ ផ្នែក​វប្បធម៌ ទេសចរ​ណ៏ អប់រំ និង​សេដ្ឋកិច្ច ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ។

ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាន​ថ្លែងអំណរគុណ ចំពោះ​មូលនិធិ Turkiye Diyanet Foundation ដែលជា​រៀងរាល់ឆ្នាំ​តែងតែ​ផ្ដល់​ការយកចិត្តទុកដាក់ និង​ឧបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជា លើ​គ្រប់​វិស័យ ។ នេះ​គឺជា​ការចូលរួមចំណែក​ដ៏​សំខាន់​មួយ​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការជួយ​ដោះ​បន្ទុក​ខ្លះៗ​ដល់​បងប្អូន​ដែលមាន​ការលំបាក ហើយ​សកម្មភាព​នេះ​ទៀតសោត ក៏​ជា​សក្ខីភាព​នៃ​ការចែករំលែក ដែល​បញ្ជាក់​ពី​ភាតរភាព​ក្នុងនាម​សាសនិក​ស្លាម និង​ក្នុងនាម​មនុស្សជាតិ​នៅក្នុង​ពិភពលោក​។

លោក​បន្តថា ក្នុងនាម​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា លោក​មានការ​គាំទ្រ និង​សហការ​ជានិច្ច ជាមួយ​មូលនិធិ Turkiye Diyanet Foundation បន្តទៀត លើ​ការងារ​មនុស្សធម៌ និង​ការងារ​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ក្នុងការ​ឆ្លើយតប និង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល មកលើ​សហគមន៍​ឥស្លាម​នៅ​កម្ពុជា​ដែលមាន​ចំនួន​ប្រមាណ ៥​ភាគរយ​។​ដោយឡែក​ខាង​ប្រតិភូ​ប្រទេស​ទួ​ក​គី Turkiye Diyanet Foundation (TDV) ដឹកនាំ​ដោយ​លោក IBRAHIM JAIHANN បាន​ចូលជួប​សំដែង​ការរីករាយ​ដែល​ឃើញ​ប្រទេស​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​ការរីកចម្រើន​ពោ​ពេញ​ដោយ​សុខសន្តិភាព​ដែល​ប្រជាជាតិ​ណាក៍​ប្រាថ្នា​ចង់បាន​។ តួ​ក​គី​នឹង​រីករាយ​ស្វាគមន៍​មក​វិនិយោគទុន​នៅ​កម្ពុជា​បន្ថែមទៀត​។​

លោក អូស្មាន ហាស្សាន់ បាន​រំលឹកថា ក្នុង​រដូវ​បុណ្យ​ហា​ជ្ជី​ឆ្នាំនេះ មូលនិធិ Turkiye Diyanet Foundation បានផ្ដល់​សាច់គោ​ចំនួន​៣០០ ក្បាល ដល់​ប្រជា​សហគមន៍​ឥស្លាម​ចំនួន ១៩ រាជធានី​-​ខេត្ត​ទូទាំងប្រទេស ដែលមាន​ប្រជាជន​ជាង ១១០០០ គ្រួសារ​បានទទួល​សាច់គោ​នេះ ។ លោក​បន្តថា​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី ៧ ហើយ ដែល​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា បាន​សហការ​ជាមួយ​មូលនិធិ Turkiye Diyanet Foundation (TDV) ប្រទេស​តួ​ក​គី លើ​ការងារ​មនុស្សធម៌​នៅ​កម្ពុជា​។ ក្រៅពី​ការងារ​មនុស្សធម៌​ផ្នែក​ម្ហូបអាហារ អង្គការ​ដៃគូ​ទាំងពីរ​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​អនុស្សារណៈ​យោគយល់​គ្នា​ជាង ៥ ឆ្នាំ​មកហើយ ដែល​សហការគ្នា​លើ​វិស័យ​វប្បធម៌ អប់រំ ក្នុងនោះ​មានការ​សាងសង់​សាលារៀន និង​ការផ្តល់​អារ​ហា​រូបករណ៍​ដល់​សិស្ស​-​និស្សិត​កម្ពុជា ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​តួ​ក​គី ទាំង​ថ្នាក់​វិទ្យាល័យ និង​សាកលវិទ្យាល័យ​ដែលជា​ការផ្ដល់​អាហារូបករណ៍ ១០០ ភាគរយ ។ បន្ថែម​ពីនេះ​ទៀត​ថែមទាំង​ការ​ស្នាក់នៅ ហូបចុក និង​បង់ថ្លៃ​សាលា​ដោយ​មូលនិធិ Turkiye Diyanet Founda tion ដែល​កន្លងមក​មាន​និស្សិត​កម្ពុជា​ចំនួន ៨១ នាក់​ហើយ ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​តួ​ក​គី៕

ដោយ ៖ វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114