ព័ត៍មានទាន់​ហេតុការណ៏
Search

ប្តី​របួស​ដាច់​ជើង​ទាំង​២ ប្រពន្ធ​របួសស្រាល​ ដោយសារ​បើក​រ៉ឺម៉ក​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​

កំពង់ឆ្នាំង ​៖ ពិតជា​តក់ស្លុត​ បុរស​ម្នាក់​ បាន​រងរបួស​ដា​ច់​ជើង​ទាំង​២ និង​ប្រពន្ធ​របួស​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បើក​រ៉ឺម៉ក​ម៉ូតូ​ប៉ះ​រថយន្ត​ធុន​ធំ ក្នុង​ទិសដៅ​ច្រាស​គ្នា។

ករណីនេះ​បាន​កើត​ឡើង​នៅ​ម៉ោង1និង30 នាទី ​រសៀល​ថ្ងៃទី19 ខែ​សីហា ឆ្នាំ2019 នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 5 ចំណុច​ស្ពាន​ជ្រៃ​បាក់ ស្ថិតក្នុង​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ ជា​អ្នក​ចុះ​វាស់វែង​កន្លែង​កើតហេតុ​បានឲ្យ​ដឹងថា​ ករណី​គ្រោះថ្នាក់​នេះ ជនរងគ្រោះ​ជា​ប្តី​មាន ឈ្មោះ យល់ ប៉ា​លី អាយុ 32 ឆ្នាំ ជា​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ រងរបួស​ធ្ងន់​ដាច់​ជើង​ទាំងពីរ ដោយ​ជើង​ខាងឆ្វេង​បាន​ដាច់​នៅនឹងកន្លែង​កើតហេតុ រីឯ​ជើង​ម្ខាង​ទៀត​នៅជាប់​តែ​ស្បែក​បន្តិច​តែ​ប៉ុណ្ណោះ។ ចំណែក​ប្រពន្ធ ឈ្មោះ វ៉ា ជី​លី អាយុ 25 ឆ្នាំ រងរបួស​ស្រាល ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​សង្គ្រោះ​ព្យាបាល ជាបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើនេះ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ក្រឡោ​ង ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ប្រកប​មុខរបរ​ដឹក​គ្រឿង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ដូចជា​ អំបោស បោស​ផ្ទះ កន្ទេល គ្រឿង​ជ័រ ពូក អង្រឹង ..។​ល​។ ដោយ​ដឹក​លក់​តាម​ខេត្ត​ឆ្ងាយៗ។​

​នៅក្នុង​ហេតុការណ៍​នេះ ប្រពន្ធ​ជនរងគ្រោះ បានឲ្យ​ដឹងថា​ ៖ ពួកគាត់​បាន​ដឹក​សម្ភារៈ​ទាំងនេះ មក​លក់​តាម​បណ្តា​ខេត្ត​នា​នា អស់​រយៈពេល​ជិត​មួយខែ​ហើយ និង​ទើបតែ​លក់​អស់​នៅថ្ងៃនេះ ពួកគាត់​ក៏​បាន​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ ព្រោះ​បែក​ពី​ផ្ទះ​ចោល​កូនៗ​យូរថ្ងៃ​ហើយ និង​មិន​នឹកស្មានថា​មកជួប​គ្រោះ​ថ្នាក់​បែបនេះ​សោះ។

​សមត្ថកិច្ច​បានឲ្យ​ដឹង​ទៀតថា ក្នុងពេល​កើតហេតុ រថយន្ត​ធុន​ធំ​នោះ ពាក់​ស្លាក​លេខ កំពត 3A 1151 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ដឹក​គ្រឿងចក្រ ចំណែក​រ៉ឺម៉ក​ម៉ូតូ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុងទិសដៅ​ច្រាស់​គ្នា។ លុះដល់​ចំណុចកើតហេតុ រ៉ឺម៉ក​ម៉ូតូ​ទំនងជា​ជាប់​កុង​កូយ​នឹង​កន្ទុយ​រ៉ឺម៉ក ទើប​បណ្ដាលឲ្យ​រេ​ចង្កូត​ចូល​ចំណែក​ផ្លូវ​របស់​រថយន្ត​បន្តិច ទើប​មាន​ត្រូវ​រថយន្ត​ធំ​បុក​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​តែម្តង។​

ដោយឡែក អ្នកបើកបរ​រថយន្ត​ធុន​ធំ ក្រោយ​កើតហេតុ​ បាន​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់។

ចំណែក​មធ្យោបាយ​គ្រោះថ្នាក់​ទាំងពីរ​គ្រឿង ​ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្ត​កំពង់ឆ្នាំង ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114