ព័ត៍មានទាន់​ហេតុការណ៏
Search

បង់​ក្លា​ដែ​ស​ត្រៀម​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​៣,៥០០​នាក់​ទៅ​មី​យ៉ាន់​ម៉ា

មន្ត្រី​កំពូល​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៣,៥០០​នាក់​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​សត្រូវ​បានអនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​ដោយ​ចាប់ផ្តើម​ពី​ដើម​សប្តាហ៍​នេះ​ទៅ​ពោលគឺ​ពីរ​ឆ្នាំ​បន្ទាប់ពី​ការបង្ក្រាប​របស់​យោធា​ដែល​បាន​បង្ខំ​ឲ្យ​ពួកគេ​ជម្លៀស​ខ្លួន​។​

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧៤​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​នៅ​ខែសីហា​ឆ្នាំ​២០១៧​ចេញពី​ការវាយលុក​ដោយ​យោធា​មួយ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ដោយ​ចូលរួម​ជាមួយ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​២០០,០០០​នាក់​ដែល​ស្ថិតនៅ​ទីនោះ​រួចទៅហើយ​ប៉ុន្តែ​ស្ទើរតែ​គ្មាន​នរណា​វិលត្រឡប់​ទៅវិញ​ដោយ​ស្ម័គ្រចិត្ត​នោះទេ​បើទោះបីជា​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​ក៏ដោយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ស្នងការ​ជនភៀសខ្លួន​បង់​ក្លា​ដែ​សលោក Mohammad Abul Kalam បាន​និយាយថា លោក​មាន​សុទិដ្ឋិនិយម​អំពី​ដំណើរ​ការធ្វើ​មាតុភូមិនិវត្តន៍​ថ្មី​ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ការប៉ុនប៉ង​លើក​មុន​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ២,២៦០​នាក់​ត្រូវ​បរាជ័យ​បន្ទាប់ពី​ពួកគេ​បដិសេធ​ចាក​ចេញពី​ជំរំ​ដោយ​គ្មាន​ការធានា​សុវត្ថិភាព​របស់​ពួកគេ​។​

​លោក Kalam បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​មី​យ៉ាន់​ម៉ា​នៅ​ស្រុក Cox’s Bazar ភាគ​អាគ្នេយ៍​ប្រទេស​បង់​ក្លា​ដែ​ស​ថា “​អ្វីៗ​គ្រប់យ៉ាង​បាន​ត្រៀម​រួចរាល់​ហើយ​។ ចំណុច​ឆ្លងកាត់​ដីគោក​ត្រូវ​បានរៀបចំ​”​។​

​លោក​និយាយថា “​គ្មាន​នរណាម្នាក់​នឹងត្រូវ​បង្ខំ​ឲ្យ​វិលត្រឡប់​ឡើយ​លើកលែងតែ​ពួកគេ​ស្ម័គ្រចិត្ត​”​។​

​មន្ត្រី​បង់​ក្លា​ដែ​ស​និង​មី​យ៉ាន់​ម៉ា​គ្រោង​នឹងធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​៣០០​នាក់​ជា​រៀងរាល់ថ្ងៃ​។​

​ការជំរុញ​ថ្មី​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ជំរំ​នេះ​កាលពី​ខែ​មុន​ដោយ​ក្រុមមន្ត្រី​ជាន់ខ្ពស់​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​អចិន្ត្រៃយ៍ Myint Thu៕ AFP

​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114