ព័ត៍មានទាន់​ហេតុការណ៏
Search

ចក្រភព​អង់គ្លេស ​ព្រួយបារម្ភ​ចំពោះ​របាយការណ៍​ថា បុគ្គលិក​កុងស៊ុល​ហុងកុង​ ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ប្រទេស​ចិន

ក្រសួងការបរទេស​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា “​ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​” ចំពោះ​របាយការណ៍​ដែលថា បុគ្គលិក​កុងស៊ុល​ហុងកុង​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ចិនដីគោក​ឃាត់ខ្លួន​នៅពេល​គាត់​ធ្វើដំណើរ​ត្រឡប់​ទៅ​ទីក្រុង​នេះ​វិញ។

ទោះបីជា​យ៉ាងណាក៏ដោយ ស្ថាន​កុងស៊ុល​ហុងកុង​បាន​បដិសេធ​បញ្ជាក់​ពី​ឈ្មោះ​របស់​បុរស​រូបនេះ​ឬ​ព័ត៌មាន​លម្អិត​បន្ថែមទៀត​នៃ​ឧប្បត្តិហេតុ​ជាក់ស្តែង។

ប៉ុន្តែ​របាយការណ៍​នៅក្នុង​សារព័ត៌មាន HK01 បាន​និយាយថា បុគ្គលិក​ស្ថាន​កុងស៊ុល​មិនបាន​វិលត្រឡប់​ទៅវិញ​ទេ​បន្ទាប់ពី​ធ្វើដំណើរ​ទៅ​ទីក្រុង Shenzhen ក្នុង​ខេត្ត​ក្វាង​ទុង​សម្រាប់​កិច្ចប្រជុំ​អាជីវកម្ម​មួយ​កាលពី​ថ្ងៃទី​៨​ខែសីហា​។​

អ្នកនាំពាក្យ​ការិយាល័យ​បរទេស​និង​ជាតិ​សាសន៍​អង់គ្លេស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍​ដែលថា សមាជិក​ម្នាក់​នៃ​ក្រុម​របស់​យើង​ត្រូវបាន​គេ​ឃាត់ខ្លួន​ខណៈពេល​វិលត្រឡប់​ពី​ទីក្រុង Shenzhen ទៅ​ហុងកុង​”​។​

អ្នកនាំពាក្យ​ដដែល​បន្តថា “​យើង​បានផ្តល់​ការគាំទ្រ​ដល់​ក្រុមគ្រួសារ​របស់គាត់​និង​ស្វែងរក​ព័ត៌មាន​បន្ថែម​ពី​អាជ្ញាធរ​ក្នុង​ខេត្ត​ក្វាង​ទុង​និង​ទីក្រុង​ហុងកុង​”​។​

ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​ចំពេល​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​នយោបាយ​អាក្រក់​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ​។​

​ក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បានធ្វើ​ការប្រមូល​ផ្តុំគ្នា​ជាច្រើន​សប្តាហ៍​ដែលជា​រឿយៗ​បាន​ឈានដល់​ការប៉ះទង្គិច​ដោយ​ហិង្សា​រវាង​ប៉ូលិស​និង​ក្រុមបាតុករ​។​

​គួរបញ្ជាក់​ជាថ្មី​ថា បាតុកម្ម​ត្រូវបាន​បង្កឡើង​ដោយ​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស​មួយ​ប៉ុន្តែ​វា​បាន​រាលដាល​ទៅជា​ការអំពាវនាវ​ឲ្យ​មាន​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ទូលំទូលាយ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114