ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Macron និង​លោក Putin ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​អ៊ុយ​ក្រែ​ន​ ប៉ុន្តែ​ខ្វែងគំនិត​គ្នា​ស្តីពី​បញ្ហា​ស៊ី​រី

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​លោក Vladimir Putin នៃ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​ឯកភាពគ្នា​ថា ការផ្លាស់ប្តូរ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ជំរុញ​ឱកាស​សន្តិភាព​នៅ​ភាគ​ខាងកើត​របស់ខ្លួន​ប៉ុន្តែ​អ្នក​ទាំង​ពីរបាន​ខ្វែងគំនិត​គ្នា​ស្តីពី​បញ្ហា​ប្រទេស​ស៊ី​រី​ខណៈ​មេដឹកនាំ​រុស្ស៊ី​បានធ្វើ​ទស្សនកិច្ច​ទ្វេភាគី​ដ៏​កម្រ​មួយ​ទៅកាន់​មហាអំណាច​សហភាព​អឺរ៉ុប​មួយ​នេះ​។​

​លោក Macron ដែល​បានទទួល​លោក Putin ក្នុង​គេហដ្ឋាន​របស់លោក​នៅ​ភាគខាងត្បូង​ប្រទេស​បារាំង​បានបញ្ជាក់​យ៉ាងច្បាស់​ថា​លោក​ចង់​រក្សា​ទំនាក់ទំនង​ជាមួយ​ទីក្រុង​មូ​ស្គូ​ឲ្យ​នៅ​រស់រានមានជីវិត​លើ​បញ្ហា​ជាច្រើន​សូម្បីតែ​នៅពេល​មាន​ភាព​តានតឹង​ជាមួយ​លោកខាងលិច​ក៏ដោយ។

អំឡុង​កិច្ចប្រជុំ​រយៈពេល​បួន​ម៉ោង​កន្លះ​, អ្នក​ទាំងពីរ​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា ការឡើង​កាន់តំណែងរ​ប​ស់លោក Volodymyr Zelensky ក្នុងនាម​ជា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បានធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ឱកាស​នៃ​ការបញ្ចប់​ជម្លោះ​អាយុកាល​ពាក់កណ្តាល​ទស​វត្សរ៍​។​

​ប៉ុន្តែ​ពួកគេ​បាន​ខ្វែងគំនិត​គ្នា​ជា​សាធារណៈ​ជុំវិញ​បញ្ហា​សង្គ្រាមស៊ីវិល​ស៊ី​រី​ដែល​នៅ​ទីនោះ​វិមាន​ក្រឹម​ឡាំង​គឺជា​អ្នកគាំទ្រ​ឈានមុខ​របស់​ប្រធានាធិបតី​ស៊ី​រី​លោក Bashar al-Assad និង​ក៏​ពាក់ព័ន្ធ​ការបង្ក្រាប​លើ​ក្រុមបាតុករ​ក្នុង​ទីក្រុង​មូ​ស្គូ​ផងដែរ​។​

​លោក Macron បាន​និយាយថា លោក​សង្ឃឹមថា​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន រុស្ស៊ី​និង​អាល្លឺម៉ង់​នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​ដើម្បី​ព្យាយាម​បញ្ចប់​ការប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទកាសែត​បើកចំហ​មួយ​នៅពេល​ចាប់ផ្តើម​កិច្ចពិភាក្សា​ថា “​មានឱកាស​ពិតប្រាកដ​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​បាន​កើតឡើង​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​” ។​

​លោក Macron ក៏បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ការទម្លាក់​គ្រាប់បែក​ដោយ​កងកម្លាំង​របប​នៅ​តំបន់​ភាគ​ខាងជើង អ៊ី​ដ​លី​ប របស់​ប្រទេស​ស៊ី​រី​ដោយ​លោក​ប្រា​ប់លោក Putin ថា វា​ជាការ​បន្ទាន់​មួយ​ដែល​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​។​

លោក Macron បាន​ប្រា​ប់លោក Putin ថា “​ប្រជាជន​នៅ​ខេត្ត អ៊ី​ដ​លី​ប កំពុង​រស់នៅ​ក្រោម​គ្រាប់​បែក​ហើយ​កុមារ​កំពុង​ត្រូវបាន​សម្លាប់”៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114