ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​សាក​ល្បង​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម ​ក្រោយពេល​ចាក​ចេញពី​សន្ធិសញ្ញា INF

ក្រសួងការពារជាតិ​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បានប្រកាស​អំពី​ការសាកល្បង​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម​មួយ​គ្រាប់​ដែល​ការធ្វើ​តេស្ត​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ខ្លួន​ចាក​ចេញពី​កតិកាសញ្ញា​សម័យ​សង្គ្រាម​ត្រជាក់​ជាមួយ​ប្រទេស​រុស្ស៊ី​។​

​មី​ស៊ី​ល​នេះ​ត្រូវបាន​បាញ់​កាលពី​ថ្ងៃអាទិត្យ​ចេញពី​កោះ San Nicolas ដែល​គ្រប់គ្រង​ដោយ​កងទ័ពជើងទឹក​អាមេរិក​នៅ​ឆ្នេរ ឡូ​ស​អែន​ជឺ​ឡេស រដ្ឋ កាលីហ្វ័រ​នីញ៉ា​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មី​ស៊ី​ល​ដែល​សាកល្បង​នេះ​ត្រូវបាន​បាញ់​ចេញពី​ឧបករណ៍​បាញ់​ចល័ត​របស់ខ្លួន​ហើយ​បាន​បាញ់​ចំ​គោលដៅ​របស់​វា​យ៉ាង​ត្រឹមត្រូវ​បន្ទាប់ពី​ការហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ជាង​៥០០​គីឡូម៉ែត្រ​។​

​មន្ទីរ​បញ្ច​កោណ​បន្ថែមថា “​ទិន្នន័យ​ដែល​ប្រមូលបាន​និង​មេរៀន​ដែល​ទទួលបាន​ពី​ការធ្វើ​តេស្ត​នេះ​នឹង​ជូនដំណឹង​ដល់​ក្រសួងការពារជាតិ​នូវ​សមត្ថភាព​កម្រិត​មធ្យម​នាពេល​អនាគត​”​។​

​ការបាញ់​បង្ហោះ​នេះ​គឺជា​សញ្ញា​មួយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុងការ​បង្កើន​សមត្ថភាព​ប្រយុទ្ធ នុយក្លេអ៊ែរ​របស់ខ្លួន​បន្ទាប់ពី​ការដួលរលំ​នៃ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម (INF) ឆ្នាំ​១៩៨៧​កាលពី​ថ្ងៃទី​២​ខែសីហា​។

INF បាន​ហាមឃាត់​រាល់​មី​ស៊ី​ល​ដែលមាន​មូលដ្ឋាន​លើដី​គោក​ដែល​អាចធ្វើ​ដំណើរ​បាន​ចម្ងាយ​ពី​៥០០​ទៅ​៥,៥០០​គីឡូម៉ែត្រ​ក្នុង​គោលបំណង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​មួយ​ប្រភេទ​ដែល​ត្រូវបាន​ដាក់ពង្រាយ​ដោយ​សហរដ្ឋអាមេរិក​និង​សហភាពសូវៀត​។​

​មី​ស៊ី​ល​ដែល​ត្រូវបាន​សាកល្បង​កាលពី​ថ្ងៃអាទិត្យ​គឺជា​ប្រភេទ​កាំជ្រួច​មី​ស៊ី​ល Tomahawk ដែលមាន​សមត្ថភាព​នុយក្លេអ៊ែរ​។ កំណែ​ទំរង់​ថ្មី​របស់ Tomahawk ត្រូវបាន​ដកចេញ​បន្ទាប់ពី INF ត្រូវ​បានផ្តល់​សច្ចាប័ន​។​

​មនុស្ស​ជាច្រើន​ភ័យខ្លាច​ថា ទីបញ្ចប់​នៃ INF ដែល​ក្រុង​វ៉ាស៊ីនតោន​ចោទប្រកាន់​ទីក្រុង​មូ​ស្គូ​ថា​បាន​រំលោភបំពាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​គឺ​នឹង​នាំ​ឲ្យ​មានការ​ប្រកួតប្រជែង​អាវុធ​នុយក្លេអ៊ែរ​ថ្មី​និង​ប្រកបដោយ​គ្រោះថ្នាក់​៕ AFP

វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114