ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Epstein ដាក់​ទ្រព្យសម្បត្តិ​ទៅ​ឲ្យ​សមាគម​មួយ ពីរ​ថ្ងៃមុន​ពេល​ធ្វើ​អត្តឃាត

កាសែត New York Post បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នក​ហិរញ្ញវត្ថុ Jeffrey Epstein បាន​សរសេរ​សំបុត្រ​មរតក​២​ថ្ងៃ​មុនពេល​គាត់​ស្លាប់​ដោយ​ដាក់​ទ្រព្យសម្បត្តិ​៥៧៨​លាន​ដុល្លារ​របស់គាត់​ទៅ​ឲ្យ​សមាគម​មួយ​ដែល​អ្នកទទួលផល​មិនត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ។

​លោក Epstein បាន​ចង​.​ក​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី​១០​ខែសីហា​ខណៈពេល​គាត់​រង់ចាំ​ការជំនុំជម្រះ​ក្តី​លើ​ការចោទប្រកាន់​ពីបទ​ជួញដូរ​ផ្លូវភេទ​។​

​កាសែត​នេះ​បាន​ចុះផ្សាយ​ថា កាលពី​ថ្ងៃទី​៨​ខែសីហា គាត់​បាន​ចុះហត្ថលេខា​លើ​សំបុត្រ​មរតក​និង​សក្ខីកម្ម​ចុងក្រោយ​មួយ​ដែល​បានដាក់​នៅ​ប្រជុំ​កោះ Virgin ដែល​នៅ​ទីនោះ​គាត់​ជា​ម្ចាស់​កោះ​ឯកជន​មួយ​ដោយបាន​ផ្ទេរ​ទ្រព្យសម្បត្តិ​របស់គាត់​ទៅ​ឲ្យ “​សមាគម The 1953 Trust”​។​

​កាសែត​នេះ​បាន​បង្ហោះ​ច្បាប់​ចម្លង​មួយ​នៃ​សំបុត្រ​មរតក​តាម​អ៊ី​ន​ធើ​ណែ​ត​ដែល​បង្ហាញថា លោក Epstein បាន​អះអាងថា គាត់​មាន​សាច់ប្រាក់​ច្រើនជាង​៥៦.៥​លាន​ដុល្លារ​, ភាគហ៊ុន​សាមញ្ញ​ជាង​៣០០​លាន​ដុល្លារ​ក៏ដូចជា​ប្រាក់ចំណូល​ថេរ​ជាង​១៤​លាន​ដុល្លារ​ផងដែរ​។​

​កាសែត​ដដែល​បាន​បន្ថែមថា លោក Epstein ក៏បាន​ចុះបញ្ជី​ទ្រព្យសម្បត្តិ​ប្រណីត​ចំនួន​៦​រួមមាន​នៅក្នុង​ទីក្រុង​ញូវយ៉ក រដ្ឋ​ផ្លរីដា​និង​ទីក្រុង​ប៉ារីស​និង​ទ្រព្យសម្បត្តិ​អាកាសចរណ៍ យានយន្ត​និង​ទូក​សរុប​ជាង​១៨​លាន​ដុល្លារ​ផងដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ឯកសារ​នេះ​មិនបាន​បញ្ជាក់​ឈ្មោះ​អ្នកទទួលផល​ណាមួយ​ដែល​បាន​ចុះបញ្ជី​នោះទេ​។ សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា ទង្វើ​នេះ​អាចធ្វើ​ឲ្យ​មានការ​លំបាក​កាន់តែខ្លាំង​សម្រាប់​ជនរងគ្រោះ​ដែល​បាន​ប្តឹង​អំពី​ទ្រព្យសម្បត្តិ​របស់លោក Epstein​។​

​ស្ត្រី​ជាច្រើន​បានដាក់​ពាក្យ​បណ្តឹងទាមទា​រ​សំណង​សម្រាប់​ការរំលោភបំពាន​ផ្លូវភេទ​។​

​លោក Epstein ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញដូរ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​សម្រាប់​ការរួម​ភេទ​។ គាត់​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ប៉ុន្តែ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល​៤៥​ឆ្នាំ​ប្រសិនបើ​ត្រូវបាន​រកឃើញថា​មាន​ពិរុទ្ធភាព​៕ AFP

​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114