ព័ត៍មានទាន់​ហេតុការណ៏
Search

“​សោកនាដកម្ម​បរិស្ថាន​”៖ ភ្លើង​ឆេះ​ព្រៃ​លើ​កោះ Canary ហួស​ពី​ការគ្រប់គ្រង

អគ្គិភ័យ​បាន​ឆាបឆេះ​ហួស​ពី​ការគ្រប់គ្រង​នៅលើ​កោះ​លំហែកាយ Gran Canaria របស់​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ចន្ទ​ដែលជា​ហេតុ​បង្ខំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ខ​ណៈ​អណ្តាតភ្លើង​ខ្ពស់​បាន​បង្អាក់​យន្តហោះ​ទម្លាក់​ទឹក​មិន​ឲ្យ​ធ្វើ​ប្រតិបត្តិការ​បាន​នៅក្នុង​អ្វីដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សោកនាដកម្ម​បរិស្ថាន​។

អ្នកនាំពាក្យ​សេវាកម្ម​បន្ទាន់​បាន​និយាយថា អគ្គិភ័យ​នេះ​បាន​បង្ខំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញពី​ភូមិ​ជាច្រើន​ដែលមាន​ប្រជាជន​សរុប​ចំនួន​៩,០០០​នាក់​។​

​យ៉ាងណាក្តី ចំនួន​អ្នក​ដែល​ត្រូវ​ជម្លៀស​ពិតប្រាកដ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​គ្មាន​អ្នកស្លាប់​ត្រូវបាន​គេ​រាយការណ៍​ឡើយ​ហើយ​វិស័យ​ទេសចរណ៍​នៅលើ​កោះ Gran Canaria ដែលមាន​ទេសភាព​គួរ​ឲ្យ​ចាប់អារម្មណ៍​និង​ពេញនិយម​ពី​សំណាក់​ជនបរទេស​គឺ​មិនបាន​រង​ផលប៉ះពាល់​ទេ​។​

​ប្រធានាធិបតី​ប្រជុំ​កោះ Canary លោក Angel Victor Torres បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​វា​ជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​មួយ​និង​ធ្ងន់ធ្ងរ​បំផុត​ដែល​បានកើត​ឡើង​នៅក្នុង​រលក​កម្តៅ​ហើយ​វា​នៅតែ​មិនអាច​គ្រប់គ្រង​បាន​។ នេះ​គឺជា​សោកនាដកម្ម​បរិស្ថាន​មួយ​”​។​

​សរុបមក អ្នក​ពន្លត់​អគ្គិភ័យ​ចំនួន​១,០០០​នាក់​និង​ក្រុមការងារ​ផ្សេង​ទៀតហើយ​ឧទ្ធម្ភាគចក្រ​និង​យន្តហោះ​ទម្លាក់​ទឹក​ចំនួន​១៤​គ្រឿង​កំពុងធ្វើការ​ដើម្បី​គ្រប់គ្រង​អគ្គិភ័យ​នេះ​ដែល​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​បាន​បំផ្លាញ​ផ្ទៃដី​អស់​១០,០០០​ហិកតា​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក Luis Planas បាន​និយាយថា ការដាក់​ពង្រាយ​នេះ​គឺជា​ការដាក់​ពង្រាយ​ធំ​បំផុត​ដែល​មិន​ធ្លាប់មាន​នៅលើ​ប្រជុំ​កោះ Canary និង​ជាការ​ដាក់ពង្រាយ​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​និយាយថា អគ្គិភ័យ​នេះ​ត្រូវបាន​ពង្រីក​ដោយ​សីតុណ្ហភាព​ខ្ពស់ ខ្យល់​ខ្លាំង​និង​សំណើម​ទាប​។​

​នៅ​ភាគ​ពាយ័ព្យ​នៃ​អគ្គិភ័យ​នេះ អណ្តាតភ្លើង​បាន​ឡើងដល់​កម្ពស់​៥០​ម៉ែត្រ​ដែលជា​ហេតុ​រារាំង​មិន​ឲ្យ​ក្រុម​នាវិក​ឬ​យន្តហោះ​ទម្លាក់​ទឹក​ចូលទៅ​ជិត​៕ AFP

វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114