ព័ត៍មានទាន់​ហេតុការណ៏
Search

យានអវកាស​ឥណ្ឌា​ចូលក្នុង​គន្លង​ភព​ព្រះ​ចន្ទ

យានអវកាស Chandrayaan 2 របស់​ប្រទេស​ឥណ្ឌា​បាន​ចូលទៅ​កាន់​គន្លង​ភព​ព្រះ​ចន្ទ​នៅ​ថ្ងៃ​អង្គារ​ដោយ​ប្រើ​វិធី​ដ៏​អស្ចារ្យ​បំផុត​មួយ​នៅក្នុង​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ទៅកាន់​ភព​ព្រះ​ចន្ទ​។​

​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា បន្ទាប់ពី​ការធ្វើដំណើរ​ចន្លោះ​ដួងតារា​អស់​រយៈពេល​៤​សប្តាហ៍ យានអវកាស​នេះ​បានបញ្ចប់​បេសកកម្ម​ចូលទៅក្នុង​គន្លង​ភព​ព្រះ​ចន្ទ (LOI) របស់ខ្លួន​តាម​ការគ្រោង​ទុក​។​

​ទីភ្នាក់ងារ​អវកាស​ជាតិ​បាន​និយាយថា ការចូល​នេះ​បានបញ្ចប់​ដោយ​ជោគជ័យ​ដូចដែល​បានគ្រោង​ទុក​ដោយ​ប្រើ​ប្រព័ន្ធ​រុញ​លើ​យាន​។ រយៈពេល​នៃ​ចលនា​នេះ​គឺ​ប្រើពេល​១៧៣៨​វិនាទី​។​

​ប្រទេស​ឥណ្ឌា​កំពុង​ព្យាយាម​ធ្វើខ្លួន​ឲ្យ​ក្លាយទៅជា​ប្រទេស​ទី​បួន​បន្ទាប់ពី​រុស្ស៊ី សហរដ្ឋអាមេរិក​និង​ចិន​ដែល​បាន​ចុះចត​យានអវកាស​នៅលើ​ភព​ព្រះ​ចន្ទ​។​

​ប្រសិនបើ​បេសកកម្ម​ដែល​នៅសល់​ដំណើរការ​តាម​ផែនការ​មែន​នោះ យានអវកាស​របស់​ឥណ្ឌា​នឹង​ចុះចត​នៅលើ​ប៉ូល​ខាងត្បូង​នៃ​ភព​ព្រះ​ចន្ទ​នៅ​ថ្ងៃទី​៧​ខែកញ្ញា​។​

​ការបញ្ចូល​កាលពី​ថ្ងៃ​អង្គារ​គឺជា​ប្រតិបត្តិការ​មួយ​ក្នុងចំណោម​ប្រតិបត្តិ​ការដែល​ពិបាក​បំផុត​នៅក្នុង​បេសកកម្ម​នេះ​ពីព្រោះ​ប្រសិនបើ​ផ្កាយរណប​ចូលទៅ​ជិត​ភព​ព្រះ​ចន្ទ​ក្នុង​ល្បឿន​លឿន​ជាង​នេះ វា​នឹង​លោត​ចេញ​ហើយ​ធ្លាក់​ទៅក្នុង​ទី​ជ្រៅ​។ ហើយ​ប្រសិនបើ​វា​ទៅជិត​ដល់​ក្នុង​ល្បឿន​យឺត ទំនាញ​របស់​ព្រះ​ចន្ទ​អាច​ទាញ​វា​ឆ្ពោះទៅមុខ​ដែល​បណ្តាល​ឲ្យ​វា​ត្រូវ​បុក​ខ្ទេច​។​

​យានអវកាស Chandrayaan 2 បាន​ចាក​ចេញពី​ស្ថានីយ​អវកាស​ឥណ្ឌា​ក្នុង​តំបន់ Sriharikota នៃ​រដ្ឋ Andhra Pradesh ភាគខាងត្បូង​កាលពី​ថ្ងៃទី​២២​ខែកក្កដា​។​

ISRO និយាយថា បេសកកម្ម​នេះ​នឹង​ជួយ​អ្នកវិទ្យាសាស្ត្រ​ឲ្យ​យល់​កាន់តែច្បាស់​អំពី​ដើមកំណើត​និង​ការវិវត្តន៍​របស់​ព្រះ​ចន្ទ​ដោយ​ធ្វើការ​សិក្សា​អំពី​សណ្ឋាន​ដី​លម្អិត ការវិភាគ​រ៉ែ​និង​ការពិសោធន៍​ផ្សេងៗ​ទៀត​៕ AFP

វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114