ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ចាប់ខ្លួន​មនុស្ស​បន្ថែម​ទៀត​ក្នុង​តំបន់​កា​ស្មៀ​រ​ឥណ្ឌា​ដើម្បី​គំរាម​ការតវ៉ា

ក្រុមមន្ត្រី​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កងកម្លាំង​សន្តិសុខ​បាន​ឃុំខ្លួន​មនុស្ស​ចំនួន​៣០​នាក់​ក្នុងពេល​ពេញ​មួយ​យប់​នៅ​ទីក្រុង Srinagar របស់​តំបន់​កា​ស្មៀ​រ​ឥណ្ឌា​ដោយ​ព្យាយាម​រក្សា​ការគ្រប់គ្រង​លើ​ការតវ៉ា​ជុំវិញ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​សហព័ន្ធ​ក្នុងការ​ដកហូត​ស្វ័យភាព​របស់​តំបន់​នេះ​។​

​ហ្វូងមនុស្ស​បានធ្វើ​បាតុកម្ម​ជា​ញឹកញាប់​នៅក្នុង​ទីក្រុង​នេះ​បើទោះបីជា​មានការ​រឹតត្បិត​យ៉ាងខ្លាំង​លើ​សេវា​ទូរស័ព្ទ​និង​អ៊ី​ន​ធើ​ណែ​ត ការហាមឃាត់​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​ជា​សាធារណៈ​និង​ការ​ឃុំឃាំង​មេដឹកនាំ​នយោបាយ​និង​ក្រុម​បំបែក​ខ្លួន​រាប់រយ​នាក់​ដែល​បានធ្វើ​យុទ្ធនាការ​យូរអង្វែង​ដើម្បី​បំបែក​ខ្លួន​ចេញពី​ប្រទេស​ឥណ្ឌា​ក៏ដោយ​។​

​មន្ត្រីប៉ូលិស​ម្នាក់​បាន​និយាយថា យុវជន​បាន​គប់​ដុំថ្ម​ទៅលើ​ប៉ូលិស​ដែល​បាន​ពង្រាយ​ក្នុង​ទីក្រុង Srinagar ហើយ​ការឃាត់ខ្លួន​ចុងក្រោយ​បំផុត​បានកើត​ឡើង​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​នេះ​ដែលជា​កន្លែង​ឧប្បត្តិហេតុ​បែបនេះ​បានកើត​ឡើង​។​

​មន្ត្រី​ដដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា “​ការចាប់ខ្លួន​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​តំបន់​ដែលមាន​ការកើនឡើង​នៃ​ការ​គប់​ដុំថ្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​”​។​

​ការដក​សិទ្ធិ​ពិសេស​របស់​តំបន់​កា​ស្មៀ​រ​ដែល​សម្បូរ​ជន​មូស្លីម​គឺ​មានន័យថា ប្រជាជន​នៅ​គ្រប់ផ្នែក​នៃ​ប្រទេស​ឥណ្ឌា​អាច​ទិញ​អចលនទ្រព្យ​និង​ប្រកួតប្រជែង​សម្រាប់​ការងារ​រដ្ឋាភិបាល​ដែលជា​ហេតុ​បង្ក​ការភ័យខ្លាច​ថា វា​នឹង​សម្បូរហូរហៀរ​ទៅដោយ​អ្នក​មកពី​ខាងក្រៅ​។​

​ចំណាត់ការ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi នេះ​ក៏បាន​បង្កើន​ភាព​តានតឹង​ជាមួយ​គូប្រជែង​ប៉ា​គី​ស្ថាន​ផងដែរ​ដែល​បានទាមទារ​តំបន់​កា​ស្មៀ​រ​ដូចគ្នា​និង​បាន​ចោទប្រកាន់​ប្រទេស​ឥណ្ឌា​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ទឹកដី​នេះ​ដែលជា​ចំណុច​សំខាន់​នៃ​អរិភាព​អស់​រយៈពេល​ជាង​៧០​ឆ្នាំ​មកហើយ​៕ REUTERS

វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114