ព័ត៍មានទាន់​ហេតុការណ៏
Search

លោក គង់ គាំ ថា បើ​ទោស​ជាប់គុក​មិន​រលត់ ការ​វិល​ចូល​កម្ពុជា​របស់ សម រង្ស៊ី ក៏​គ្មាន ហើយ​បរទេស​អមដំណើរ ក៏​គ្រាន់តែ​ជា​ខ្យល់

ភ្នំពេញ​ ៖ អ្នកនយោបាយ​ជើងចាស់ និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ហើយ​ជា​អតីត​មនុស្ស​ជំនិត​របស់លោក សម រង្ស៊ី លោក គង់ គាំ បាន​អះអាង​ថា បើទោះបីជា ចិត្ត គំនិត ពោះវៀន ពោះតាំង ផ្សេងគ្នា​យ៉ាងណាក៏ដោយ ក្រុម​ឆ្លាត​នៅតែ​ជឿ​ថា ការ​ស្លាប់ ឬ​ជាប់គុក​គ្មាន​ប្រយោជន៍​ដដែល ចំណែក​ឯ​ក្រុម​ឆោត ដែល​ខ្វះ​ការពិចារណា តែងតែ​ជឿជាក់​ម្តង​ហើយ​ម្តងទៀត​លើ​មេដឹកនាំ​របស់ខ្លួន តែ​អ្វី​ដែល​ពិតប្រាកដ​នោះ បើ​ទោស​ជាប់គុក​មិន​រលត់ ការ​វិល​ចូល​កម្ពុជា​របស់ សម រង្ស៊ី ក៏​គ្មាន ហើយ​បរទេស ដែល​ចង់​អមដំណើរ​នោះ ក៏​គ្រាន់តែ​ជា​ខ្យល់​ប៉ុណ្ណោះ​។

លោក គង់ គាំ អះអាង​បែបនេះ កាលពី​រសៀល​ថ្ងៃ​ទី​១៩ សីហា និង​បន្ទាប់ពី​លោក សម រង្ស៊ី និង​បក្សពួក ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស បាន​ប្រកាស​ពី​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខ​។

តាម​លោក គង់ គាំ ការប្រកាស​ត្រឡប់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាងមុខ​នោះ គ្រាន់តែ​ចង់​ឲ្យ​អំណាច​ក្រុងភ្នំពេញ​ជ្រួលច្របល់ ប៉ុន្តែ​គោលដៅ​ពិត គឺ​បដិវត្តន៍ បង្ក​ភាព​វឹកវរ ក្រោម​សម្ពាធ​ប​ស្ចឹ​ម​ប្រទេស និង​អន្តរជាតិ សម្រាប់​ការ​វិល​ចូល​កម្ពុជា​ដោយ​គ្មាន​លក្ខខណ្ឌ​។

លោក​បញ្ជាក់​យ៉ាង​នេះ​ថា “​ជា​ចំហ មេដឹកនាំ និង​ក្រុម​បដិវត្តន៍ គឺ​គ្រាន់តែ​ចង់​ឲ្យ​អំណាច​ក្រុងភ្នំពេញ (​ជ្រួលច្របល់ ឬ​អោយ​នាយករដ្ឋមន្ត្រី​ឆ្កួត​) ប៉ុន្តែ​គោលដៅ​ពិត​នៅ​ចុង​បញ្ចប់ គឺ​បដិវត្តន៍ (​ឈូស​-​ឆា​) បង្ក​ភាព​វឹកវរ​ក្រោម​សម្ពាធ​ប​ស្ចឹ​ម​ប្រទេស និង​អន្តរជាតិ សម្រាប់​ការ​វិល​ចូល​កម្ពុជា​ដោយ​គ្មាន​លក្ខខណ្ឌ​របស់​ពួកគេ​”​។

អតីតមន្ត្រី​ជាន់ខ្ពស់​ប​ក្ស​ប្រឆាំង​រូបនោះ​លើក​ឡើង​ថា មជ្ឈដ្ឋាន​មហាជន ដែល​និយម​ការ​ថ្លឹងថ្លែង​លើ​នយោបាយ​របស់​លោក សម រង្ស៊ី បាន​វាយតម្លៃថា ការកំណត់​យក​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ គ្រាន់តែ​ជា​ឱកាស​ថ្មី ប្រធានបទ​ថ្មី ខណៈ​មិន​សប្បាយចិត្ត​រឿង​នយោបាយ ឬ​ការបាត់បង់ EBA ជាដើម​ប៉ុណ្ណោះ​។ លោក​តែង​មាន​អារម្មណ៍​ថា រយៈពេល​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ប្រើ​ដំបង និង​ការ៉ុត​ក្នុង​ការ​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។ មធ្យោបាយ​ខាងលើ បាន​ធ្វើ​ឲ្យ​ការទូត​ប្រែ​ព​ណ៌ គឺជា​ការតស៊ូ​ការទូត និង​ឈាន​ឆ្ពោះ​ទៅ​រក​សង្គ្រាម​ការទូត ដ៏​ក្តៅ​ស្ទើរ​មើល​មុខ និង​ចាប់​ដៃគ្នា មិន​ស្និទ្ធ​ទៅហើយ។

លោក គង់ គាំ លើកឡើង​ទៀត​ថា បញ្ហា​នេះ​មិន​ខុសគ្នា នឹង​ពាក្យចាស់​ពោល​ថា “​មេ​ណា​កូន​ហ្នឹង​” មានន័យថា សហរដ្ឋអាមេរិក​, EU, អន្តរជាតិ និង​ប្រធានស្តីទី​អតីត CNRP តែង​ប្រើ​មធ្យោបាយ​ដូចគ្នា ហើយ​អែបអប​គ្នា ចង់​ឈូស​តុលាការ​ចោល ដើម្បី​ឲ្យ​មានការ​ដោះលែង កឹម សុខា និង​ទាត់ចោល​នូវ​អ្វីដែល​ជាការ​សំរេច​រប​ស់​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​បន្តថា បើ​ផ្អែកទៅលើ​គោលការណ៍ ដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សហរដ្ឋអាមេរិក មិន​បង្ខំ​បរទេស​ឲ្យ​ប្តូរ​អំណាច ដែល​ខ្លួន​ជ្រើសរើស​នោះ​ទេ ហើយ​ថ្មីៗ​នេះ​ក្នុងជំនួប​សហរដ្ឋអាមេរិក​-​អាស៊ាន លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ប៉ុ​ម​ពី​អូ ក៏បាន​បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​មិន​តម្រូវ​ប្រទេស​អាស៊ាន ជ្រើសរើស​ដៃគូ​របស់​ខ្លួន​ដោយ​ការបង្ខំ​ឡើយ​។

សូម​បញ្ជាក់​ថា លោក សម រង្ស៊ី និង​បក្សពួក ដែល​ជា​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​បានកំណត់​យក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ (៩ វិច្ឆិកា​) ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​មក​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាង​ថា សមត្ថកិច្ច​បាន​ត្រៀម​អស់ហើយ ដើម្បី​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​ទណ្ឌិត សម រង្ស៊ី និង​បក្សពួក​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ខាងមុខ បើសិនជា​ពួកគេ​មក​កម្ពុជា​មែន​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114