ព័ត៍មានទាន់​ហេតុការណ៏
Search

ហុងកុង ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ឡើងមក​តតាំង​ជាមួយ​កម្ពុជា ជា​ផ្លូវការ

កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ ក្រុមបាល់ទាត់​ជម្រើស​កោះ​ហុងកុង បានធ្វើការ​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​របស់ខ្លួន​ជា​ផ្លូវការ ដើម្បី​ត្រៀម​ឡើងមក​តតាំង​ជាមួយ​កម្ពុជា ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) សម្រាប់​ជំនួប​ដំបូង ប្រចាំ​ពូ​ល C​។

សហព័ន្ធ​កីឡាបាល់ទាត់​ហុងកុង បាន​បង្ហាញ​សមាសភាព​កីឡាករ​ចំនួន ២៣​នាក់​ដែល​ស្ថិតក្រោម​ការដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​ហ្វាំ​ង​ឡង់ លោក Mixu Paatelainen​។

កីឡាករ​ទាំង ២៣​រូប​រួមមាន​ដូចជា​៖ អ្នកចាំទី ៣​រូប Yapp Hung Fai, Wang Zhenpeng, Yuen Ho Chun​។ ខ្សែការពារ ៩​រូប Festus Baise, Andy Russell, Dani Cancela, Tong Kin Man, Helio, Leung Nok Hang, Tsui Wang Kit, Chak Ting Fung និង Fung Hing Wa​។ ខ្សែបម្រើ Huang Yang, Ju Yingzhi, Wong Wai, Lee Ka Yiu, Chan Siu Kwan, Tan Chun Lok, Fung Hing Wa​។ ខ្សែប្រយុទ្ធ James Ha, Alex Akande, Sandro និង Sun Ming Him​។

ភាគច្រើន​គឺ​សុទ្ធសឹងតែ​ជា​កីឡាករ​ដែល​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ហុងកុង​ផ្ទាល់​តែម្ដង និង​មួយចំនួន​តូច​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ចិន និង​លី​គ​ទី​២ ចិន​ផងដែរ​។

ក្រៅ​តែ​ពី​មាន​កីឡាករ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស ក្រុម​នេះ​ក៏មាន​កីឡាករ​កូនកាត់​ប្ដូរ​សញ្ជាតិ​ចំនួន ៧​រូប​ផងដែរ ដែល​រួមមាន​ដូចជា​កីឡាករ Festus Baise (​នី​ហ្សេ​រី​យ៉ា​), កីឡាករ Andrew James Russell (​អង់គ្លេស​), Daniel Cancela Rodríguez (​អេ​ស្ប៉ា​ញ​), Hélio José de Souza Gonçalves (​ប្រេ​ស៊ី​ល​), Alexander Oluwatayo Akande (​នី​ហ្សេ​រី​យ៉ា​), Alessandro Ferreira Leonardo (​ប្រេ​ស៊ី​ល​) និង​កីឡាករ Ha James Staephan Gee (​អង់គ្លេស​)​។

​តាម​ការបញ្ជាក់​ដោ​យស​ហ​ព័ន្ធ​ដដែល បន្ទាប់ពី​ការប្រកួត​ប្រកាស​បញ្ជី​ឈ្មោះ កីឡាករ​ទាំង ២៣​រូបនេះ​នឹង​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ពី​ថ្ងៃ​ទី​០២ ខែកញ្ញា តទៅ នៅលើ​ទីលាន Jockey Club HKFA Football Training Centre មុននឹង​ឡើងមក​កម្ពុជា នៅ​ថ្ងៃទី​០៣ ខែ​ដដែល ដើម្បី​ត្រៀម​តតាំង​គ្នា​នៅ​ថ្ងៃទី​០៥ ខែកញ្ញា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

សូមបញ្ជាក់​ថា ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​ដដែល​ខាងលើ​នេះ កម្ពុជា ស្ថិតនៅ​ពូ​ល C ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា ជម្រើសជាតិ​អ៊ីរ៉ង​, ជម្រើសជាតិ​អ៊ីរ៉ាក​, ជម្រើស​កោះ​ហុងកុង និង​ជម្រើសជាតិ​បា​រ៉ែ​ន​។ ជំនួប​បើកឆាក កម្ពុជា ត្រូវ​ប៉ះ​ជាមួយ ហុងកុង ផ្ទាល់​នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ មុននឹង​បន្ត​ទទួល​ជំនួប​ទី​២ ជាមួយ បា​រ៉ែ​ន នៅ​ថ្ងៃទី​១០ ខែ​ដដែល ការប្រកួត​ទាំងនេះ​ក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍ BTV News ផងដែរ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114