ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ស្នើ​ប្រទេស​ឡាវ ព​ន្លឿ​ន​ការអនុវត្ត​កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គីសនី ដើម្បី​ធានា​ស្ថិរភាព​វិស័យ​ថាមពល​កម្ពុជា

ភ្នំពេញ ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ប្រទេស​ឡាវ ជួយ​សម្របសម្រួល និង​ព​ន្លឿ​ន​ការ​បញ្ជូន​អគ្គិសនី​មកកាន់​ប្រទេស​កម្ពុជា ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គីសនី ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា កាលពី​កំឡុង​ខែមីនា ឆ្នាំ​២០១៩ ដើម្បី​ធានា​ស្ថិរភាព​ការប្រើប្រាស់​វិស័យ​ថាមពល នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នាឱកាស​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក អាំ​ផាយ គី​ដាវ​ង្ស (Amphay KIDAVONG) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ឡាវ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​។

​នៅក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ​ភាគី​ឡាវ ដែល​បាន​ឯកភាព​ជួយ​បំពេញតម្រូវការ​ប្រើប្រាស់​ថាមពលអគ្គីសនី​នៅ​ក្នុង​ប្រទេស ខណៈ​ដែល​កម្ពុជា​កំពុង​សម្រុក​សាងសង់​រោង​ចក្រ​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម ៧០០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្ត​ព្រះសីហនុ និង​រោងចក្រ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ២៤០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និង​ពោធិ៍សាត់ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់​នៅក្នុង​ឆ្នាំនេះ និង​ឆ្នាំក្រោយ​។

លោក សូរ​ស័ក្តិ បាន​គូស​បញ្ជាក់​ថា ​«​ក្រៅពី​គម្រោង​ខាងលើ កម្ពុជា​ក៏បាន​ទិញ​ម៉ាស៊ីនភ្លើង​ធំៗ​ចំនួន​ពីរ ពី​ប្រទេស​ហ្វាំ​ង​ឡង់ និង​អាល្លឺម៉ង់ ដើម្បី​បង្ការ​មិន​ឲ្យមាន​បញ្ហា​កង្វះ​អគ្គិសនី​កើតឡើង​ឆ្នាំក្រោយ ហើយ​នៅ​ថ្ងៃ​អនាគត បើសិនជា​យើង​មាន​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់ លើសពី​តម្រូវការ យើង​នឹង​លក់​ថាមពល​អគ្គិសនី ដែល​សល់​ពី​ការប្រើប្រាស់​ក្នុងស្រុក ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​ផង​ដែរ» ។

ជា​មួយ​គ្នា​នេះ រដ្ឋមន្ត្រី ក៏បាន​ស្នើ​ភាគី​ឡាវ ពិចារណា​បើក​ជើង​ហោះហើរ​ត្រង់​មកកាន់​កម្ពុជា និង​ជំរុញ​ការដោះដូរ​ទំនិញ និង​សេវាកម្ម​ដ៏​មាន​សក្តានុពល​ផ្សេងៗ តាមរយៈ​ព្រឹត្តិការណ៍​ធុរកិច្ច និង​ពិព័រណ៍​ពាណិជ្ជកម្ម​នានា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។

ជា​ការ​ឆ្លើយតប លោក អាំ​ផាយ គី​ដាវ​ង្ស បាន​កោតសរសើរ​កំណើន​សេដ្ឋកិច្ច និង​វឌ្ឍនភាព​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា នៅ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បាន​សន្យា​ជួយ​សម្របសម្រួល​ការបញ្ជូន​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ មកកាន់​ប្រទេស​កម្ពុជា ឲ្យ​បាន​ទាន់​ពេល​វេលា​នៅ​ក្នុង​ឆ្នាំក្រោយ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114