ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​រួម​ប្រចាំ​សប្តាហ៍ នៃ​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២ ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ

ការប្រកួត​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ ឆ្នាំ ២០១៩ បាន​ដំណើរការ​បញ្ចប់​សប្តាហ៍​ទី​៦ នស​វគ្គ​ជម្រុះ​ពូ​ល​ដំណាក់កាល​ទី​ពីរ ដោយមាន ការប្រកួត​ចំនួន ៤​គូ ក្នុង​នោះ Chanteak Keyla FT, UYFC Komchaymear, B.A United, និង Ov Mal សុទ្ធតែ​ដណ្តើមបាន ៣​ពិន្ទុ​តាម​ពូ​ល A និង B ។

លទ្ធផល​នៃ​ការប្រកួត​សប្តាហ៍​ទី​៦ ប្រចាំថ្ងៃ​អាទិត្យ ទី​១៨ ខែសីហា ឆ្នាំ ២០១៩៖ ក្រុម Chanteak Keyla FT ឈ្នះ​ក្រុម Loading FC លទ្ធផល ៣-២ ក្រុម UYFC Komchaymear ឈ្នះ​ក្រុម Home Sport FC ៨-៦ ក្រុម B.A United ឈ្នះ​ក្រុម Young Gun FT ៧-៤ ក្រុម Ov Mal FC ឈ្នះ​ក្រុម Down Town Sport ៣ ទល់នឹង ២ ។

ដូចនេះ​ឃើញថា UYFC Komchaymear និង Chanteak Keyla FT ដណ្តើមបាន ៣​ពិន្ទុ ក្នុង​ពូ​ល A ដោយ​ក្រុម Anachak Baitong FC មិនមាន​ការប្រកួត​។ ក្រុម Ov Mal FC និង​ក្រុម B.A United ទទួលបាន ៣​ពិន្ទុ​ក្នុង​ពូ​ល B ដោយ​ក្រុម Panda FC មិនមាន​ការប្រកួត​។

​គួរ​រំលឹក​ផងដែរ​ថា នៅក្នុង​ការប្រកួត​សប្តាហ៍​ទី​៦​នេះ គេ​រកឃើញ​កីឡាករ​ល្អ​ប្រចាំ​ការប្រកួត​និ​មួយៗ​ដូចជា​៖ កីឡាករ គង់ សក្តា របស់​ក្រុម Chanteak Keyla FT កីឡាករ អោក​ចាន់ សេរី​វង្ស របស់​ក្រុម UYFC Komchaymear កីឡាករ គឹម សុខសាន្ត របស់​ក្រុម B.A United និង​កីឡាករ ទួន សេរី​វុ​ឌ្ឍ របស់​ក្រុម Ov Mal FC ។

គ្រា​ដែល​ការប្រកួត​ពានរង្វាន់​ជម្រើស​ជើងឯក​បាល់ទាត់​ក្នុង​សាល ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( AFF Futsal Championship 2019 ) នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២១ ខែ តុលា ខាងមុខ​តទៅ នៅ​ប្រទេស​វៀតណាម ជឿជាក់ថា កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ហ្វូ​ត​សាល​កម្ពុជា នឹងត្រូវ​ជ្រើសរើស​ចេញពី​ក្លិប​នីមួយៗ​ខាងលើ ដែល​បានបង្ហាញ​សមត្ថ​ភាពល្អ​ក្នុង​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ​នេះ​។

គួរ​រំលឹកថា ក្រុម​ជើងឯក​នៃ​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ រដូវ​កាល ២០១៩​នេះ នឹង​ទទួលបាន​ពានរង្វាន់ អម​ជាមួយ​ប្រាក់​រង្វាន់ ៣០​លាន​រៀល ព្រមទាំង​កៅអី​ទៅលេង​ពានរង្វាន់ AFF Club Futsal Championship 2020 ផងដែរ ហើយ Down Town Sport គឺជា​ក្រុម​ការពារ​តំណែង​ជើងឯក កាលពី​ឆ្នាំ ២០១៨៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114