ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​អះអាង​ថា ​ដំណើរការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ប្រព្រឹត្តិ​ទៅដោយ​រលូន

*​លទ្ធផល​ប្រឡង​នឹង​ប្រកាស​នៅ​ភ្នំពេញ​និង​ខេត្តកណ្ដាល​នៅ​រសៀល​ថ្ងៃ​ទី​១០​កញ្ញា​និង​នៅ ខេត្ត​ផ្សេងទៀត​នៅ​ថ្ងៃ​១១​កញ្ញា
ភ្នំពេញ ​៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​អះអាង​ថា ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​សម័យ​ប្រឡង ១៩ សីហា ២០១៩​បាន​ដំណើរការ​បាន​ល្អ និង​ដោយ​រលូន​ដោយ​មិន​មាន​បាតុភាព​មិន​ប្រក្រតី​ធំដុំ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២០​ខែសីហា​ ឆ្នាំ​២០១៩ ​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រឡង​ដំណើរការ​បាន​ល្អ​ និង​ ដោយ​រលូន​នេះ​គឺ ដោយសារ​បេក្ខជន​គោរព​តាម​បទប្បញ្ញត្តិ នៃ​ការប្រឡង​យ៉ាង​ល្អ ស្ទើរតែ​ពុំ​មាន​នាំមក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់​។ ចំណែក​មន្ត្រី​អប់រំ​គ្រប់​លំដាប់​ថ្នាក់ ប្រមាណ​២​ម៉ឺន​នាក់ និង​គរុ​សិស្ស​-​និស្សិត​ជា​ជំនួយការ​អប្បមាទ​ជិត​២៥០០នាក់ អនុវត្ត​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​គោរព​តាម​កម្រង​ភារកិច្ច និង​សេចក្ដីណែនាំ​បច្ចេកទេស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

ជាង​នេះ​ទៅ​ទៀត​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​ប្រព្រឹត្តទៅ​ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ពី​គ្រប់ភាគី​ពាក់ព័ន្ធ រួមមាន​អាជ្ញាធរ​ដែនដី អង្គភាព​ប្រឆាំង​អំពើពុករលួយ យុវជន​ស្ម័គ្រចិត្ត​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុ​ជាជាង ២០០០ នាក់ កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​បី​ប្រភេទ និង​ប្រជា​ការពារ​ប្រមាណ ១០ ០០០ នាក់ មន្ត្រី​សុខាភិបាល​ប្រចាំ​មណ្ឌល​ប្រឡង​និង​មូលដ្ឋាន​សុខាភិបាល និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​។ ទោះបី​អាកាសធាតុ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ក្ដៅ​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​របស់​បេក្ខជន​ឡើយ​។

យ៉ាងណាក៏ដោយ​ប្រឡង​ក្នុង​រយៈពេល​២​ថ្ងៃនេះ ​មាន​បេក្ខជន​បាន​ប្រព្រឹត្ត​កំ​ហុស​ឆ្គង​មាន​ចំនួន​០២ ករណី ក្នុង​នោះ​ករណី​ដកហូត​ទូរស័ព្ទ​មាន ០១ ករណី និង​នាំ​សំណៅ​ឯកសារ​ចូល​មាន ០១ ករណី​។

ករណី​ទាំង​០២​នេះ​បើតាម​បទបញ្ញត្តិ​នឹងត្រូវ​ធ្លាក់​ដោយ​ស្វ័យ ប្រវត្តិ​។ ដោយឡែក​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន ១៥២ ករណី បន្ទាប់ពី​ទទួល​បាន​ការសង្គ្រោះ​បឋម អាច​បន្ត​ការ​ប្រឡង​ទៀត​បាន លើកលែង ១១ ករណី ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ពុំ​អាច​ត្រឡប់មក​បន្ត​ការប្រឡង​បាន​។

ចំណែក​បេក្ខជន​អវត្តមាន​ក្នុង​ពេល​ប្រឡង​២​ថ្ងៃនេះ​ដែរ​មាន​ចំនួន​១៨៣៨​នាក់​ស្រី​៦៩៦​នាក់​១.៥៧ ភាគរយ នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន​ចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០ ៤២៧ នាក់​។

ចំពោះ​មុខ​វិជ្ជា​ប្រឡង​មាន​ចំនួន ៧ ចែកចេញជា​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ ថ្នាក់​វិទ្យាសាស្ត្រ​មានមុខ​វិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិតវិទ្យា​។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មានមុខ​វិជ្ជា ផែនដី​និង​បរិស្ថានវិទ្យា ប្រ​វត្តិ​វិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ។

ដំណើរការ​ប្រឡង​បាក់​ធុ​ប​នៅ​ឆ្នាំនេះ​ មិន​មាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​ គឺ​ក្រសួង​រៀបចំ​ដំណើរការ​និង​សង្កេតការណ៍​ដោយ​ខ្លួនឯង​ដែល​បាន​ធ្វើ​ឲ្យ​ការប្រឡង​ប្រព្រឹត្តិ​ទៅដោយ​យុត្តិធម៌ តម្លាភាព​និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។

សេច​ក្តី​ជូន​ដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​តាម​ការ​គ្រោងទុក លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នា​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០១៩ និង​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​តែមួយគត់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh​។

គួរ​បញ្ជាក់​ថា ​ដំណើរការ​សំណេរ​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​និង​បំពេញវិជ្ជា បាន​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី១៩-២០ ខែសីហា ឆ្នាំ​២០១៩ ដោយ​បេក្ខជន​បាន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០ ៤២៧ នាក់​និង​មាន​មណ្ឌល​ប្រឡង​ចំនួន ២០២​មណ្ឌល ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន ៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន ១២៧​មណ្ឌល ត្រូវជា ៤ ៧២៥ បន្ទប់ ទូទាំងប្រទេស​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114