ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ឌី វិជ្ជា សម្រេច​ដាក់ពាក្យ​ប្តឹង សម រង្ស៉ី ទៅកាន់​តុលាការ​ទីក្រុង​ប៉ារីស ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ

ទីក្រុង​ប៉ារីស ​៖ ទីបំផុត​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោក​ឧត្ដមសេនីយ៍ ឌី វិជ្ជា អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ជា​កូនប្រុស​នៃ​សព​លោក ហុក ឡងឌី បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ជា​ផ្លូវការ ដាច់ដោយឡែក​ពីគ្នា ដើម្បី​ប្តឹង​លោក សម រ​ង្ស៉ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ពីបទ “​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​” ទៅកាន់​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ហើយ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មេធាវី​ជនជាតិ​បារាំង ដែល​ការពារ​ក្តី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​​ឧត្ដមសេនីយ៍ ឌី វិជ្ជា ដែល​ការិយាល័យ​យើង​ទទួលបាន​។​

ការសម្រេច​ដាក់ពាក្យ​បណ្តឹង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន និង​លោកឧត្ដមសេនីយ៍ ឌី វិជ្ជា ទៅកាន់​តុលាការ​ប្រទេស​បារាំង បាន​ធ្វើឡើង​បន្ទាប់ពី​លោក សម រ​ង្ស៉ី បាន​អះអាងថា សម្តេច​តេ​ជោ​បានសម្លាប់ ឬ​ជា​មេខ្លោង​ឲ្យ​គេ​សម្លាប់​ឯកឧត្តម ហុក ឡងឌី ហើយ​សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យ​សម្លាប់​លោក ជា វិជ្ជា ហើយ​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ភូតកុហក​អំពី​មូលហេតុ នៃ​ការស្លាប់​របស់លោក ហុក ឡងឌី ដោយ​លោក សម រ​ង្ស៉ី បាន​អះអាងថា ឧទ្ធម្ភាគចក្រ​នេះ ត្រូវបាន​ផ្ទុះ​ដោយ​គ្រាប់បែក ដែល​បានដាក់​បង្កប់​នៅក្នុង​នោះ​។​

ការដាក់​ពាក្យ​ប្តឹង​ចំនួន​២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ឌី វិជ្ជា បាន​ពឹងពាក់​ប្រើប្រាស់​មេធាវី ជនជាតិ​បារាំង​ចំនួន​៣​រូប ដែល​សុទ្ធសឹងតែ​ជា​មេធាវី​ល្បីៗ​ប្រចាំ​នៅ​ប្រទេស គឺ​ទី​១, លោក​មេធាវី Brosselet ទី​២, លោក​មេធាវី Doyez និង​ទី​៣, លោក​មេធាវី Leick​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​មេធាវី​បារាំង ដែល​ការពារ​ក្តី​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​បុគ្គល សម រ​ង្ស៉ី ចំពោះ​សារ ដែល​បុគ្គល​នេះ​បានដាក់​ផ្សាយ​នៅក្នុង ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន និង​សំដី​ដែល​បុគ្គល​នេះ​បាន និយាយ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុសំឡេង​សហរដ្ឋអាមេរិក​ភាសា​ខ្មែរ (VOA) ដែល​នៅ​ក្នុងនោះ​បុគ្គល សម រ​ង្ស៉ី បានធ្វើការ​ចោទប្រកាន់​យ៉ាង​ឆ្កួត​លីលា និង​ធ្ងន់ធ្ងរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន​។ បុគ្គល សម រ​ង្ស៉ី បាន​អះអាង​ដោយ​មួលបង្កាច់​ថា​៖ (១) សម្តេច​តេ​ជោ បានសម្លាប់ ឬ​ជា​មេខ្លោង​ឲ្យ​គេ​សម្លាប់​ឯកឧត្តម ហុក ឡងឌី (២) សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យ​សម្លាប់​លោក ជា វិជ្ជា និង​ចុងក្រោយ (៣) សម្តេច​តេ​ជោ បាន​ភូតកុហក​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់​ឯកឧត្តម ហុក ឡងឌី ដោយ​កុហកថា ឧទ្ធម្ភាគចក្រ​ដែល​ក្នុងនោះ​ឯកឧត្តម ហុក ឡងឌី បានទទួល​មរណភាព គឺ​ត្រូវ​រន្ទះ​បាញ់ ខណៈដែល​បុគ្គល សម រ​ង្ស៉ី អះអាងថា ឧទ្ធម្ភាគចក្រ​នេះ​ត្រូវបាន​ផ្ទុះ​ដោយ​គ្រាប់បែក​ដែល​បានដាក់​បង្កប់​នៅក្នុង​នោះ​។ ទាំងនេះ​ជាការ​ចោទប្រកាន់ បែប​បរិហារកេរ្តិ៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​ទំព័រ ហ្វេ​ស​ប៊ុ​ក​របស់​បុគ្គល សម រ​ង្ស៉ី​។​

តាម​មនសិការ និង​បុគ្គលិកលក្ខណៈ​ផ្ទាល់ខ្លួន និង​នយោបាយ​របស់​សម្តេច​តេ​ជោ ដែល​តែងតែ​អត់ឱន​និង​អនុគ្រោះ សន្ដោស​ប្រណី​ចំពោះ​ជនរួមជាតិ​របស់​សម្តេច​, សម្តេច​តេ​ជោ មិន​ចង់​ប្តឹង​បុគ្គល សម រ​ង្ស៉ី នោះទេ ប៉ុន្តែ​ការចោទប្រកាន់​ខាងលើនេះ គឺ​មិនអាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត និង​ជា​មូលហេតុ ដែល​នាំ​ឲ្យ​សម្តេច​តេ​ជោ បានសម្រេច​ចិត្ត​ប្តឹង​បុគ្គល​ម្នាក់ ដែលជា​ជនរួមជាតិ​របស់​សម្តេច។ តុលាការ​បារាំង នឹងត្រូវ​ធ្វើការ​វិនិច្ឆ័យ​ថា “​ករណីនេះ​គឺជា​ការរំលោភបំពាន លើ​ដែន​នៃ​សេរីភាព​បញ្ចេញមតិ​”​។​

ចំណែក​ការដាក់​ពាក្យបណ្តឹង​រប​ស់លោក ឌី វិជ្ជា កូនប្រុស​នៃ​សព​លោក ហុក ឡងឌី និង​ជា​កូនប្រសារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​តុលាការ​ប្រទេស​បារាំង ធ្វើឡើង​បន្ទាប់ពី​លោក សម រ​ង្ស៉ី បាន​អះអាង​ចោទប្រកាន់​លោក ឌី វិជ្ជា ដោយ​បំពាន និង​ខុសស្រឡះ​ថា លោក ឌី វិជ្ជា បាន​ជឿជាក់ថា ឪពុក​របស់គាត់​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន សម្លាប់ ហើយ​បុគ្គល សម រ​ង្ស៉ី អះអាង​មួលបង្កាច់​លោក ឌី វិជ្ជា មាន​ចេតនា​សងសឹក ចំពោះ​ការសម្លាប់​ឪពុក​របស់ខ្លួន ហើយ​អះអាង​ទៀតថា លោក ឌី វិជ្ជា នឹង​រៀបចំ​ផែនការ​សងសឹក ដោយ​រួម​ដៃ​ជាមួយ​មន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​កំពុង​កាន់តំណែង​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​មេធាវី​បារាំង​ការពារ​ក្តី​ជូន​លោក ឌី វិជ្ជា បាន​រៀបរាប់​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ឯកឧត្តម ឌី វិជ្ជា បាន​ប្តឹង​បុគ្គល សម រង្សី ចំពោះ​សារ​មួយ​ដែល​បុគ្គល​នេះ​បានដាក់​ផ្សាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ បុគ្គល សម រង្ស៊ី បាន​ចោទប្រកាន់ ឯកឧត្តម ឌី វិជ្ជា ដោយ​បំពាន​និង​ដោយ​ខុសស្រឡះ​ថា ឯកឧត្តម ឌី វិជ្ជា បាន​ជឿជាក់ថា​ឪពុក​របស់គាត់​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន សម្លាប់​។ បុគ្គល​សម រង្សី បាន​អះអាង​ដោយ​មួលបង្កាច់​ថា ឯកឧត្តម ឌី វិជ្ជា មាន​ចេតនា “​សងសឹក​” ចំពោះ​ការសម្លាប់​ឪពុក​របស់ខ្លួន​ហើយ ដើម្បី​សម្រេច​កិច្ចការ​នេះ ឯកឧត្តម ឌី វិជ្ជា ត្រូវ​រៀបចំ​ផែនការ​សងសឹក​នេះ ដោយ​រួម​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​កំពុង​កាន់តំណែង​។ ឯកឧត្តម ឌី វិជ្ជា មិនអាច​ទទួលយក​ការទម្លាក់​កំហុស បែប​បរិហារកេរ្តិ៍​នេះ​បានទេ​។ បើតាម​ការពិនិត្យ​ទៅលើ​ពាក្យពេចន៍​ដែល​បុគ្គល​សម រង្សី បាន​ប្រើ (​ពាក្យ “​សងសឹក​” និង “​ផែនការ​”) គឺជា​ការចោទប្រកាន់ថា ឯកឧត្តម​ពិតជា​មានបំណង​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់ ដើម្បី​សងសឹក​ចំពោះ​ឧក្រិដ្ឋកម្ម​លើ​ឪពុក​របស់ខ្លួន​។ ការនិយាយ​ចោទប្រកាន់​ដោយ​បុគ្គល​សមរង្ស៊ី​នេះ បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​កិត្តិយស និង​កិត្តិសព្ទ​របស់​ឯកឧត្តម ឌី វិជ្ជា តម្រូវ​ឲ្យ​ឯកឧត្តម ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​”​។​

គួររំលឹកថា ពាក់ព័ន្ធ​នេះដែរ កាលពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ ក្រុម​មេធាវី​សម្តេច​ក្រឡាហោម ស ខេង ចំនួន​៣​រូប បានដាក់​ពាក្យបណ្តឹង​មួយ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​ទណ្ឌិត សម រ​ង្ស៉ី មេក្រុម​ប្រឆាំង​ជ្រុលនិយម​នៅក្រៅ​ប្រទេស អំ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ ក្នុង​ពាក្យបណ្តឹង​នេះ សម្តេច​ក្រឡាហោម ស ខេង បានទាមទារ​ឱ្យ​តុលាការ​ចាត់ការ​លោ​ក​ស​ម រ​ង្ស៉ី ទៅតាម​ផ្លូវច្បាប់​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត និង​ទាមទារ​សំណង​ជំងឺ ចិត្ត​ចំនួន​៤​ពាន់​លាន​រៀល ប្រហាក់ប្រហែល​នឹង​១​លាន​ដុល្លារ​អាមេរិក​៕

ដោយ ៖ កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114