ព័ត៍មានទាន់​ហេតុការណ៏
Search

វៀតណាម​ស្នើ​ឲ្យ​កម្ពុជា​ផ្តល់​សញ្ជាតិ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​ចូល​មក​ស្នាក់នៅ​រកស៊ី នៅ​កម្ពុជា

ភ្នំពេញ​ ៖ វៀតណាម​ស្នើ​ឲ្យ​កម្ពុជា ផ្តល់​សញ្ជាតិ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​ចូលមក​ស្នាក់នៅ​រកស៊ី ក្នុង​ខេត្ត​នៃ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ តែ​ត្រូវបាន​កម្ពុជា​បដិសេធ​។

ការ​បដិសេធ​នេះ​ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​លើក​ទី​៧ នៃ​គណៈកម្មការ​កិច្ចការ​បរទេស​សភា​កម្ពុជា ឡាវ វៀតណាម ដែល​សភា​កម្ពុ​ជាមាន​លោក ឈាង វុន ជា​តំណាង​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ – ១៨ ខែសីហា ឆ្នាំ​២០១៩ នាទី​ក្រុង​ហា​ឡុង ខេត្ត​ខ្វាង​និ​ញ ប្រទេស​វៀតណាម​។

លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ដឹង​នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោយពេល​មកដល់ កាលពី​យប់​ថ្ងៃទី​១៩ ខែសីហា​នេះ បន្ទាប់ពី​លោក​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​សន្និសីទ​លើក​ទី​៧​នោះ​ថា គោលបំណង​នៃ​សន្និសីទ​លើក​ទី​៧ នៃ​គណៈកម្មការ​កិច្ចការ​បរទេស​សភាក​ម្ពុ​ជា ឡាវ វៀតណាម ដើម្បី​គាំទ្រ និង​ជំរុញ​ការអនុវត្តន៍​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ភិវឌ្ឍន៍​តំបន់​ត្រីកោណ នៃ​ប្រទេស​ទាំងបី​ឲ្យ​បាន​ឆាប់រហ័ស ជា​ព្រំដែន​សន្តិភាព និង​ការ​អភិវឌ្ឍ​។ ព្រោះថា នៅក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នោះ​កម្ពុជា​មាន​ខេត្ត​៤​ផងដែរ រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌល​គី​រី និង​រតនគីរី​ផងដែរ​។ លោក​បន្តថា ក្នុង​កិច្ចពិភាក្សា​ក្នុង​សន្និសីទ​នោះ មាន​បញ្ហា​ជាច្រើន​បាន​ត្រូវ​លើក​មក​ជជែក ហើយ​មាន​បញ្ជា​តានតឹង​ផងដែរ​។ ក្នុងចំណោម​បញ្ហា​ជាច្រើន ភាគី​វៀតណាម​បាន​លើក​ឡើង​ពី​បញ្ហា​ដែល​កម្ពុជា​មិន​ព្រម​ផ្តល់​សញ្ជាតិ​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​កំពុង​រស់នៅក្នុង​ខេត្តស្ទឹងត្រែង ដោយ​ភាគី​វៀតណាម​ថា បាន​ស្នើ​យើង​ពី​រឿង​ប្រជាពលរដ្ឋ​វៀតណាម ដែល​ចូល​មក​រស់នៅក្នុង​តំបន់ត្រីកោណ ប្រទេស​កម្ពុជា​យូរណាស់​មក​ហើយ មិច​បានជា​យើង​មិន​ផ្តល់​សញ្ជាតិ​ឲ្យ​អញ្ចឹង​។ លោក ឈាង វុន បាន​ឆ្លើយតប​ច្បាស់​ថា យើង​មាន​ច្បាប់​របស់​យើង ហើយ​ច្បាប់​នោះ រួមមាន​ច្បាប់​សញ្ជាតិ​ផង ច្បាប់​អន្តោប្រវេសន៍​ផង យើង​មិន​អាច​ឲ្យ​គ្រប់​សញ្ជាតិ​ដោយ​អូ​តូ​ម៉ា​តិច ឬ​ស្វ័យប្រវត្តិ​ចំពោះ​បងប្អូន​វៀតណាម ដែល​ចូល​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​បានទេ មិន​អាច​ទេ ក៏ប៉ុន្តែ​ពួកគាត់​អាចដាក់​សុំ​សញ្ជាតិ​តាមច្បាប់​ទម្លាប់​អញ្ចឹង​ទៅ​បាន​។ លោក​ថា នេះ​ជា​ចំណុច​តឹងតែង ដែល​យើង​បាន​អនុវត្ត​នេះ គឺ​ល្អ​ណាស់​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​របស់​យើង។

សូម​បញ្ជាក់​ថា សន្និសីទ​លើក​ទី​៧ នៃ​គណៈកម្មការ​កិច្ចការ​បរទេស​សភាក​ម្ពុ​ជា ឡាវ និង​វៀតណាម ដែល​សភា​ប្រទេស​វៀតណាម ទទួល​ធ្វើជា​ម្ចាស់ផ្ទះ បាន​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០១៩ ជាមួយ​ការចេញ​សេចក្តីប្រកាស​រួមមួយ​ស្តីពី​លទ្ធផល​សន្និសីទ ក្នុងការ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឲ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​គាំទ្រ និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ (CLV) នោះ​។ សេចក្តី​ប្រកាស​រួម​នោះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស នៃ​សភា​ប្រទេស​ទាំងបី​គឺ លោក ឈាង វុន តំណាង​សភា​កម្ពុជា ភាគី​ឡាវ​ចុះហត្ថលេខា​ដោយ​លោក​សាស្ត្រាចារ្យ ឯកសា​វ៉ាង វង្ស​វិចិត្រ និង​ភាគី​វៀតណាម​ចុះហត្ថលេខា​ដោយ​លោក ង្វៀង វ៉ាន់​ហ្សា​វ​។

សន្និសីទ​គណៈកម្មការ​កិច្ចការបរទេស​សភាក​ម្ពុ​ជា ឡាវ និង​វៀតណាម ក៏បាន​សម្រេច​ថា នឹង​ជួបប្រជុំគ្នា​លើក​ទី​៨ នៅ​កម្ពុជា គឺ​សភា​កម្ពុជា​ទទួល​រៀបចំ​សន្និសីទ​លើក​ទី​៨ នៃ​គណៈកម្មការ​កិច្ចការបរទេស សភា​កម្ពុជា ឡាវ និង​វៀតណាម នៅក្នុង​ឆ្នាំ​២០២១៕
សុង​យោ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114