ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​វេលា​ព្រឹក​ថ្ងៃ​ពុធ​នេះ កម្ពុជា​-​វៀតណាម បើក​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​លើក​ទី​១៧

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​លោក ផាម ប៊ិ​ញ​មិញ​(Pham Binh Minh)​ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស​វៀតណាម​ចូលជួប​សម្តែង​ការគួរសម​នៅមាន​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩។

លោក កៅ គីម​ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា លោក Pham Binh Minh បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា លោក​មក​កម្ពុជា​ពេលនេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចំរុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៧ ដែល​រៀបចំ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​២១ សីហា នេះ​។

នៅក្នុង​ជំនួប​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​មួយចំនួន​ដើម្បី​ឲ្យ​កិច្ចប្រជុំ​នៅថ្ងៃនេះ​ប្រព្រឹត្ត​ដោយ​ជោគជ័យ​និង​ប្រកបដោយ​ឈរលើ​គោលការណ៍​កិច្ចសហប្រតិបត្តិកា​រ និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ផង និង​ការរីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ផង ។ ជំនួប​នេះ​ក៏​ផ្ដោត​សំខាន់​ទៅលើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​វៀតណាម​នៅ​ខែកញ្ញា​ឆ្នាំ​២០១៩ នេះ ។ មួយទៀត​គឺ​ធ្វើយ៉ាងណា​គណៈកម្មការ​ចម្រុះ​ពិភាក្សា​ការងារ​ជំរុញ​កិច្ចសហប្រតិបត្តិការ​និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​គ្រប់​វិស័យ​ជាពិសេស​ទៀត​គឺ​ការត្រៀម​នូវ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​ការងារ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ដោយសារ​បច្ចុប្បន្ននេះ​ការងារ​ព្រំដែន​នេះ​បា ន​បញ្ចប់ ៨៤ ភាគរយ​ហើយ​នៅសល់​ត្រឹម​ប៉ុន្មាន​១៦% ទៀត​ប៉ុណ្ណោះ​ដែល​គណៈកម្មការ​ចម្រុះ​ព្រំដែន កម្ពុជា​-​វៀតណាម​នឹង​បន្ត​រួមគ្នា​ធ្វើការ​ងារ​នេះ​ក្នុង​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​និង​មិត្តភាព​ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយនេះ​នឹង​បន្ត​ជំរុញ ជាពិសេស​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​វៀតណាម​នៅពេល​ទស្សនកិច្ច​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​វៀតណាម​នៅពេល​ខាងមុខនេះ ដើម្បី​ផ្ដល់ ឱកាស​សម្រាប់​ការ​កៀរគរ​វិនិយោគិន​វៀតណាម​មកកាន់​ប្រទេស​កម្ពុជា​ហើយក៏​ដើម្បី​ជំរុញ​ធ្វើយ៉ាងណា​ពា ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ថែមទៀត​ថ្វី​ត្បិត បច្ចុប្បន្ននេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម មាន​ទំហំ​ប្រមាណ​ជាជាង ៥​ពាន់​លាន​ដុល្លារ​។

​តាមរយៈ​ជំនួប​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​វៀតណាម បាន​មានប្រសាសន៍​ផងដែរ​ថា លោក​ពិតជា​រីករាយ​ដែល​បានឃើញ​សមិទ្ធផល​នៃ​ការរីកចម្រើន​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​កន្លងមកហើយ​តាមរយៈ ទស្សនកិច្ច​នេះ​លោក​បាន​ឃើញ​ច្បាស់​ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ទៅលើ​វិស័យ​សេដ្ឋកិច្ច និង​វិស័យ​សំណង់​ដែល​មាន​ការសាងសង់​ជាច្រើន។ លើស​ពី​នេះ​ទៀត លោក​ក៏បាន​ស្នើ​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជាពិសេស​ក្នុង​ការ​ទស្សនកិច្ច​រប​ស់ស​ម្ដេច​តេ​ជោ​ទៅកាន់​ប្រទេស​វៀតណាម​ខាងមុខនេះ ខាង​ភាគី​វៀតណាម​នឹង​ត្រៀម​ធ្វើ​យ៉ាង​ណា​ដំណើរការ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅ​វៀតណាម​នោះ​ឲ្យ​ទទួល​បាន​ជោគជ័យ ដោយ​លោក​នឹង​ធ្វើការ​ផ្ទាល់​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពី​ការ​ត្រៀម​ធ្វើយ៉ាងណា​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់​នៅពេល​ខាងមុខនេះ​៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114