ព័ត៍មានទាន់​ហេតុការណ៏
Search

ការលក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល​កំណើន​ចំណូល ៦១,២៩% គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៩ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨

ភ្នំពេញ ៖ លោកជំទាវ កុយ សុ​ដា​នី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​វឌ្ឍនភាព​នៃ​ការលក់​លេខ​ចុះបញ្ជី​យានយន្ត​របស់​គណៈកម្មកា​រ​អន្តរក្រសួង។

ពិធី​នេះ ​ប្រព្រឹត្ត​ឡើង ដោយមាន​ការចូលរួម​ពី​សមាជិក សមាជិកា​គណៈកម្មការ​អន្តរក្រសួង និង​មន្ត្រី​ជំនាញ នាយកដ្ឋាន​ពាក់ព័ន្ធ កាលពីពេល​ថ្មីៗ​នេះ។

កិច្ចប្រជុំ​នេះ​ផ្តោត​ជា​សំខាន់​លើ​ការ​ពិនិត្យមើល​របាយការណ៍​វឌ្ឍនភាព​នៃ​ការ​លក់​លេខ​ចុះបញ្ជី​យានយន្ត និង​ការពិភាក្សា​លើ​សេចក្តីព្រាង​នៃ​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន និង​បញ្ហា​ផ្សេងៗ​។

សូម​ជម្រាបជូន​ថា យោងតាម​របាយការណ៍​ស្តីពី​វឌ្ឍនភាព​នៃ​ការលក់​លេខ​ចុះបញ្ជី​យានយន្ត​របស់​គណៈកម្មកា​រ​អន្តរក្រសួង បានបង្ហាញ​ឲ្យ​ឃើញ​ថា ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល មានការ​កើនឡើង ៦១,២៩% គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៩ ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៨​កន្លងទៅ។

ការ​កែសម្រួល​លើ​តម្លៃ​លេខ​មួយចំនួន និង​ផ្តល់ជូន​នូវ​ការ​បញ្ចុះតម្លៃ ក្រសួង​បានចេញ​នូវ​ប្រកាស​អន្តរក្រសួង​ថ្មី​លេខ ៦៨៦ សហវ​.​ប្រក ស្តីពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល ចុះ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ដែល​នឹងត្រូវ​អនុវត្ត​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​ប្រមូល​ចំណូល មិនមែន​សារពើពន្ធ​បង្កើន​ចំណូល​រដ្ឋ​បន្ថែម និង​ដើម្បី​ផ្តល់​ជម្រើស​កាន់តែ​សម្បូរបែប​ជូន​ប្រជាពលរដ្ឋ​។

នា​ឱកាស​នេះ​ផង​ដែរ លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​ជំរុញ​ឲ្យ​សមាជិក​សមាជិកា​គណៈកម្មការ​អន្តរ ក្រសួង ដើម្បី​គ្រប់គ្រង​ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល ជជែក​ពិភាក្សាឲ្យ​បាន​លម្អិត​និង​ផ្តល់​ធាតុ​ចូល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឲ្យ​សេចក្តី​ព្រាង​នៃ​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការ លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន អាច​ធានា​បាន​នូវ​ប្រសិទ្ធភាព និង​រួមចំណែក​ដល់​ការប្រមូល​ប្រាក់ចំណូល​ជាតិ​ប្រកបដោយ​តម្លាភាព​៕
​រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114