ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Serena Williams នឹង​ចាប់ផ្តើម​រដូវ​កាល ២០២០​នៅ Auckland Open

​អតីត​កីឡាការិនី​លំដាប់ថ្នាក់​លេខ​១​ពិភពលោក Serena Williams នឹង​ចាប់ផ្តើម​រដូវ​កាល​ឆ្នាំ​២០២០​របស់​នាង ជាមួយនឹង​ការវិលត្រឡប់​មកកាន់​ការប្រកួត Auckland Open នៅក្នុង​ខែមករា ដែលជា​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់​នាង​នៅ​ព្រឹ​ត្ត​ការណ៍​មួយ​នេះ ចាប់តាំងពី​នាង​ត្រូវបាន​គេ​ទម្លាក់​ចេញ​នៅក្នុង​ជុំ​ទី​២ កាលពី​ឆ្នាំ​២០១៧​។

ការប្រកួត Auckland Open គឺជា​ព្រឹ​ត្ត​ការណ៍​កម្តៅ​សាច់ដុំ មុន​ការប្រកួត Grand Slam ដំបូង​គេ​គឺ​ព្រឹត្តិការណ៍ Australian Open ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំក្រោយ​។​

​នៅ​ការ​បង្ហាញខ្លួន​លើកចុងក្រោយ​របស់​នាង​នៅ Auckland កីឡាការិនី Williams បាន​បង្កកំហុស​ដល់​ទៅ​៨៨​លើក នៅក្នុង​ស្ថានភាព​មាន​ខ្យល់​បក់​ខ្លាំង ដោយ​ចាញ់​ការប្រកួត​ជាមួយ​ជនរួមជាតិ Madison Brengle ដែលមាន​ចំណាត់ថ្នាក់​៧០​កាំ​ទាប​ជាង​នាង​។

ក្រុម​អ្នករៀបចំ​ការប្រកួត​បា​ន​លើកឡើង​ពីស​ម្តី​របស់​នាង Williams ថា នាង​ចង់​ឈ្នះ​ជើងឯក​មួយ​នេះ។

កីឡាការិនី Williams អាយុ​៣៧​ឆ្នាំ គ្រោង​នឹងចូលរួម​ការប្រកួត US Open​ដែល​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​ការត្រៀមខ្លួន​របស់​នាង សម្រាប់​ព្រឹ​ត្តិ​ការណ៍ Grand Slam​ផ្តាច់ព្រ័ត្រ​នេះ មិនទាន់​ល្អឥតខ្ចោះ​នោះទេ ដោយសារតែ​នាង​មាន​បញ្ហា​របួស​ខ្នង​។

ជើងឯក Grand Slam២៣​ជំនាន់​ម្នាក់នេះ បាន​ឈប់​លេង​ពាក់កណ្តាល​ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Rogers Cup នៅ​ទីក្រុង Toronto ប្រទេស​កាណា​ដា កាលពី​ដើមខែ​នេះ ដោយសារតែ​បញ្ហា​កន្ត្រាក់​សាច់ដុំ​ខ្នង ជាហេតុ​ធ្វើ​ឲ្យ​នាង​ដកខ្លួន​ចេញ​ផងដែរ​ពី​ការប្រកួត Cincinnati Masters៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114