ព័ត៍មានទាន់​ហេតុការណ៏
Search

​បណ្តឹងទាមទារ​ចំណែក​ស្មើគ្នា​របស់​ក្រុម​កីឡាការិនី​បាល់ទាត់​សហរដ្ឋអាមេរិក នឹង​លើក​យកមក​កាត់ទោស​នៅ​ឆ្នាំ​២០២០

​បណ្តឹងទាមទារ​ចំណែក​ស្មើគ្នា ដាក់ជូន​ដោយ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​សហរដ្ឋអាមេរិក ប្រឆាំងនឹង​សហព័ន្ធ​បាល់ទាត់​សហរដ្ឋអាមេរិក ត្រូវបាន​កំណត់​លើកយក​បើកសវនាការ​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០​ខាងមុខ ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម​កីឡាការិនី​ជម្រើសជាតិ​សហរដ្ឋអាមេរិក បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​។

បណ្តឹង​រើសអើង​យ៉ែ​ន​ឌឺ ពាក់ព័ន្ធ​នឹង​ការចំណាយ​ប្រាក់​មិន​ស្មើគ្នា និង​លក្ខខណ្ឌ​ការងារ ត្រូវបាន​ដាក់ជូន​កាលពី​ថ្ងៃទី​៨ ខែមីនា កន្លងទៅ ដោយ​ក្រុម​កីឡាការិនី​២៨​នាក់ ហើយ​កាលបរិច្ឆេត​កាត់ទោស​កំណត់​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ ដោយ​ចៅក្រម​ស្រុក​អាមេរិក R. Gary Klausner នៅ​ទីក្រុង​ឡូ​សអាន់​ជេ​ឡេស​នោះ បាន​កើតមានឡើង រយៈពេល​១​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ក្រុម​កីឡាការិនី​អាមេរិក និង​សហព័ន្ធ​បាល់ទាត់​អាមេរិក បាន​ឈានដល់​ស្ថានភាព​ទាល់ច្រក​លើ​ការសម្របសម្រួល​របស់​ពួកគេ​។

លោក Molly Levinson​គឺជា​អ្នកនាំពាក្យ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​សហរដ្ឋអាមេរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា យើង​ពេញចិត្ត​ខ្លាំងណាស់​នឹង​កាលបរិច្ឆេត​ឆាប់រហ័ស​ដែល​កំណត់ឡើង​ដោយ​តុលាការ​ស្រុក​អាមេរិក ហើយ​យើង​កំពុង​អន្ទះសារ​ចំពោះ​រឿងក្តី​មួយ​នេះ​។​

​លោក​បន្តថា ពួកយើង​ពិតជា​ទន្ទឹងរង់ចាំ​ខ្លាំងណាស់​ចំពោះ​ការកាត់ទោស​នៅ​ខែឧសភា ឆ្នាំ​២០២០ ពេលដែល​ក្រុមកីឡា​ការិនី​មាន​ពេល​ឡើង​តុលាការ​របស់​ពួកគេ​។ យើង​មាន​ជំនឿ​ចិត្ត​ខ្លាំងណាស់​ថា ក្រុមកីឡា​ការិនី​ជើងឯក​ទាំងនេះ នឹង​ទទួលបាន​នូវ​អ្វីដែល​ពួកគេ​សម​ទទួលបាន​ដោយ​ស្របច្បាប់ គ្មានអ្វី​សំខាន់​ជាង​ការចំណាយ​ស្មើគ្នា និង​លក្ខខណ្ឌ​ការងារ​នោះទេ​។

ខណៈពេល​នោះដែរ អ្នកនាំពាក្យ​សហព័ន្ធ​បាល់ទាត់​សហរដ្ឋអាមេរិក បាន​និយាយថា សហព័ន្ធ នឹង​បន្ត​ធ្វើការ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​ជម្លោះ​មួយ​នេះ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114